លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu បានថ្លែងនៅថ្ងៃពុធនេះថា លោកមានគោលបំណងបង្កើតរដ្ឋាភិបាលមួយក្នុងពេល ២ ទៅ ៣ សប្តាហ៍ខាងមុខនេះ ដែលនឹងផ្តល់ជូនលោកនូវអាណត្តិទីបួនជានាយករដ្ឋមន្រ្តី បន្ទាប់ពីគណបក្សអភិរក្ស Likud របស់លោកបានឈ្នះការបោះឆ្នោតសភាក្នុងប្រទេស អ៊ីស្រាអែល។
នៅពេលរាប់សន្លឹកឆ្នោតជិតស្ទើរតែទាំងអស់ទៅហើយនោះ គណបក្ស Likud បានឈ្នះ ៣០ អសនៈលើគណបក្សជំទាស់ធំជាងគេ Zionist Union ដែលបានទទួល ២៤ អសនៈ។
សេចក្តីថ្លែងមួយរបស់ការិយាល័យលោក Netanyahu បាននិយាយថា លោកបានទាក់ទងជាមួយគណបក្សតូចៗជាស្រេចហើយ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយដែលត្រូវការអសនៈ ៦១ ដើម្បីឲ្យលោកដឹកនាំរដ្ឋាភិបាល។ ក្នុងនោះមានគណបក្សសំខាន់មួយគឺគណបក្សនិយមផ្លូវកណ្តាល Kulanu ដែលបានឈ្នះ ១០ អសនៈនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារនេះ។
ប្រធានគណបក្ស Zionist Union លោក Isaac Herzog បានសារភាពទទួលបរាជ័យ ហើយថ្លែងថា លោកបានថ្លែងការអបអរលោក Netanyahu តាមទូរស័ព្ទ។ លោក Herzog បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គណបក្សលោកនឹងបន្តធ្វើការបំរើប្រជាពលរដ្ឋអ៊ីស្រាអែលតទៅទៀតក្នុងឋានៈជាសមាជិកគណបក្សប្រឆាំងមួយ៕