ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នឹង​បង្ហាញ​​ការ​​ស៊ើបអង្កេត​ពី​ប្រភពជំងឺ​កូវីដ១៩​ជា​សាធារណ:


រូប​ឯកសារ៖ បុគ្គលិក​សន្តិសុខ​ឈរ​យាម​នៅ​ខាង​ក្រៅ​បរិវេណ​វិទ្យាស្ថាន​វីរុសសាស្ត្រ​ Wuhan ក្នុង​ក្រុង Wuhan ប្រទេស​ចិន ក្នុង​អំឡុង​ទស្សនកិច្ច​​របស់​ក្រុម​អ្នក​ស៊ើប​អង្កេត​ពី​អង្គការ​សុខភាព​ពិភពលោក កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២១។
រូប​ឯកសារ៖ បុគ្គលិក​សន្តិសុខ​ឈរ​យាម​នៅ​ខាង​ក្រៅ​បរិវេណ​វិទ្យាស្ថាន​វីរុសសាស្ត្រ​ Wuhan ក្នុង​ក្រុង Wuhan ប្រទេស​ចិន ក្នុង​អំឡុង​ទស្សនកិច្ច​​របស់​ក្រុម​អ្នក​ស៊ើប​អង្កេត​ពី​អង្គការ​សុខភាព​ពិភពលោក កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២១។

សហរដ្ឋ​អាមេរិក​នឹង​បង្ហាញ​លទ្ធផលនៃ​ការ​ស៊ើបអង្កេត​ស៊ីជម្រៅ​ថ្មី​មួយ ដែល​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាន់ខ្ពស់​ទាំងឡាយ​របស់​ខ្លួន ទៅ​លើ​ប្រភព​នៃ​ជំងឺ​កូវីដ១៩ ដែលបាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភពលោក។

មុន​ពេល​ឡើង​យន្តហោះ Air Force One ទៅ​បំពេញ​ទស្សនកិច្ចនៅ​ទីក្រុង​Cleveland រដ្ឋ​Ohio កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​លោក​នឹង​បង្ហាញ​ជា​សាធារណៈ​នូវ​លទ្ធផល​នៃ​ការពិនិត្យ​ឡើង​វិញ​ដែល​មាន​រយ:ពេល​៩០ថ្ងៃ​«លើកលែង​តែ​មាន​អ្វី​ដែល​ខ្ញុំ​មិន​ដឹង»។

លោក Biden បាន​បញ្ជា​ឲ្យ​មាន​ការ​ពិនិត្យ​ជាថ្មី​ឡើង​វិញ​កាល​ពី​ថ្ងៃ​ពុធ​ជុំវិញ​ការ​ប្រមើលមើល​កាន់តែ​ច្រើនឡើង​ដែល​ថា ជំងឺ​កូវីដ១៩ អាច​កើត​ចេញ​ពី​មន្ទីរ​ពិសោធន៍​មួយ​របស់​ចិន ដោយ​សន្យា​ថា​នឹង​ចំណាយ​ធនធាន​បន្ថែម​ទៀត រួម​ទំាង​ធនធាន​ពី​មន្ទីរ​ពិសោធន៍​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ផង។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាន់ខ្ពស់​នានា​របស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​កាល​ពី​ឆ្នាំ​មុន​ថា ព័ត៌មាន​របស់​ពួក​គេ គាំទ្រ​ «ការ​មូល​មតិ​គ្នាខាង​ផ្នែក​វិទ្យាសាស្ត្រ ដែល​ថា​វីរុស​នៃ​ជំងឺ​កូវីដ១៩ មិន​ត្រូវ​បាន​បង្កើត​ដោយ​មនុស្ស ឬ​ដោយ​ការ​កែប្រែ​ហ្សែន​ទេ ប៉ុន្តែ​ថា ពួក​គេ​នឹង​បន្ត​ការ​ពិនិត្យ​ឲ្យ​បាន​ល្អិត​ល្អន់នូវ​រាល់​ព័ត៌មាន​និង​ការ​ស៊ើបការណ៍​សម្ងាត់​ដែល​ទទួល​បាន​ ដើម្បី​សន្មត​ថា​តើ​ការ​ឆ្លង​រាតត្បាត​នេះ កើត​ឡើង​ក្រោយ​ពេល​មេរោគ​បាន​ចម្លង​ពី​សត្វ​មក​មនុស្ស​តាម​ធម្មជាតិ ឬ​ជា​លទ្ធផល​នៃគ្រោះថ្នាក់​ចេញ​ពី​មន្ទីរពិសោធន៍​មួយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG