ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នឹង​អញ្ជើញ​មេដឹកនាំ​ប៉ាស៊ីហ្វិក​មក​កាន់​សេតវិមាន​ដើម្បី​បង្កើន​ទំនាក់​ទំនង​ការទូត


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​ក្នុង​អំឡុងពេល​នៃ​​ការ​ប្រារព្ធ​​ពិធី​បុណ្យ​ Eid al-Fitr នៅ​សេតវិមាន​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២២។ (AP Photo/Susan Walsh)
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​ក្នុង​អំឡុងពេល​នៃ​​ការ​ប្រារព្ធ​​ពិធី​បុណ្យ​ Eid al-Fitr នៅ​សេតវិមាន​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២២។ (AP Photo/Susan Walsh)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​អញ្ជើញ​មេដឹកនាំ​ប្រទេស​នានា​នៅ​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ឱ្យ​មក​បំពេញ​ទស្សនកិច្ច​នៅ​សេតវិមាន​នៅ​ចុងឆ្នាំ​នេះ។ នេះ​បើ​តាម​ ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់អាមេរិកម្នាក់​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ សហរដ្ឋ​អាមេរិក​នឹង​ពង្រីក​ការខំប្រឹង​ប្រែង​ដើម្បី​បង្កើន​ចំណង​ទាក់ទង​ជាមួយ​តំបន់ ដោយ​ការបញ្ជូន​ពួក​អ្នក​ការ ទូត​ធ្វើការ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល​នៅ​ទូទាំង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង ​ហើយ​នឹងបញ្ជូន​បុគ្គលិក​ធ្វើ​ការងារ​ជាមួយ​វេទិកា​ប្រជុំ​កោះ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដែល​មាន​បញ្ហា។

​លោក Kurt Campbell អ្នក​សម្រប​សម្រួល​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សម្រាប់​ក្រុមប្រឹក្សា​សន្ដិសុខ​ជាតិបាន​គូស​បញ្ជាក់​យ៉ាង​ដូច​នេះ​នៅ​ក្នុងសន្និសីទ​កំពូល​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​នូវែលសេឡង់​ដោយ​សភា​ពាណិជ្ជកម្ម​ទីក្រុងAuckland ហើយ​ដែលត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Campbell បាន​ថ្លែង​ថា «សម្រាប់​សហរដ្ឋ​អាមេរិក​ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នោះ​ យើង​ត្រូវ​ធ្វើ​ឱ្យ​ច្រើន​ថែម​ទៀត ហើយ​យើង​ត្រូវតែ​ធ្វើ​ឱ្យ​ច្រើននៅ​ក្នុង​វិស័យ​នានា​ដែល​មាន​បញ្ហា ​និង​មាន​សារៈសំខាន់​ដល់​ពួក​អ្នក​រស់​នៅ​ក្នុង​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក»។

លោក Campbell បាន​ប្រាប់​ពួក​អ្នក​ចូលរួម​វេទិកា​ថា សហរដ្ឋ​អាមេរិក​មាន​ផែនការ​បញ្ជូន​ឯកអគ្គរដ្ឋទូតរបស់​ខ្លួន​ ទៅ​កាន់​ប្រទេស​មួយកោះ​ចំនួន​នៅ​ក្នុង​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដែល​មាន​វត្តមាន​ការទូត​សហរដ្ឋ​អាមេរិក​តិចតួច​នោះ​។

សុន្ទរកថា​នេះ ​បាន​កើត​មាន​ឡើង​ទើបតែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​ប្រទេសSolomon Islands បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​សម្ងាត់មួយ​ជាមួយប្រទេស​ចិន​ ដោយ​បាន​បង្កើន​ការព្រួយ​កង្វល់​ក្នុង​ចំណោម​សហរដ្ឋ​អាមេរិក​និង​សម្ពន្ធមិត្ត​របស់​អាមេរិក​អំពី​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ដើម្បី​បង្កើន​អំណាច​យោធាឆ្ពោះ​ទៅភាគ​ខាងកើត​ឆ្ងាយ​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

ថ្វីបើ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​សន្តិសុខ​នៅតែ​មិន​ទាន់​បាន​ផ្សព្វផ្សាយ ពង្រាង​នៃ​កិច្ច​ព្រមព្រៀង​នោះ អនុញ្ញាត​ឱ្យ​នាវា​ចម្បាំង​ចិន​ចត​នៅ​ប្រជុំ​កោះ​នោះ ប្រសិន​បើ​ភាគី​ទាំង២​ព្រមព្រៀងហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​បញ្ជូន​កងកម្លាំង​ដើម្បី​ជួយ​រក្សា«សណ្តាប់​ធ្នាប់​សង្គម»។ ​

ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗនេះ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Biden បាន​ខិតខំ​ធ្វើការងារ​ដើម្បី​ទាក់ទង​កាន់តែ​ជិត​ស្និទ្ធ​ឡើង​ ជាមួយ​រដ្ឋាភិបាល​នានា​នៅ​ក្នុង​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ ដើម្បី​ទប់ទល់​អ្វី​ដែល​សហរដ្ឋ​អាមេរិក​មើលឃើញ​ថា​ ជា​ការពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​នោះ។

កាលពី​ខែ​ធ្នូ ឆ្នាំ២០២១ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ថ្លែង​សុន្ទរកថា អំពី​ផែនការ​របស់​រដ្ឋបាល​អាមេរិក​ ដើម្បី​ពង្រីកនូវការ​ទាក់​ទង​របស់​ខ្លួន​ទៅកាន់​តំបន់​នោះ ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ការ​ផ្សព្វផ្សាយ«តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហ​មួយ»។ លោក Blinken បាន​វិលត្រឡប់​ទៅកាន់​តំបន់​នោះ​កាលពី​ខែ​កុម្ភៈ ដើម្បី​ពិភាក្សា​មួយ​លើក​ទៀត​ជាមួយ​ពួក​មន្ត្រី​ជាន់​ខ្ពស់៕

XS
SM
MD
LG