ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អាមេរិក នឹង​អញ្ជើញ​តំណាង​មិនមែន​នយោបាយ​មីយ៉ាន់ម៉ា​ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក​អាស៊ាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន


រូបឯកសារ ៖ អ្នកបំរើ​ម្នាក់​នៅក្នុង​ប្រជុំ​កំពូល​អាស៊ាន ដើរ​កាត់​ស្លាកសញ្ញា​អាស៊ាន​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​អាស៊ាន នៅ​ខេត្ត Nonthaburi ប្រទេស​ថៃ កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០១៩។

សហរដ្ឋ​អាមេរិក បាន​ឲ្យដឹង​កាលពី​ថ្ងៃពុធ​ម្សិលមិញ​ថា ខ្លួន នឹង​ធ្វើតាមសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​អាស៊ាន ​ដើម្បី​អញ្ជើញ​តំណាង​មិន​មែននយោបាយមកពីមីយ៉ាន់ម៉ា​ដែល​គ្រប់គ្រង​ដោយ​ពួក​យោធា​ ដើម្បី​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចប្រជុំកំពូល​អាមេរិក-អាស៊ាន​ ដែល​មាន១០ ប្រទេស​នៅ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​មីនា​នេះ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden មាន​គម្រោង​រៀបចំ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អាមេរិក​ ​និង​អាស៊ាន ចាប់​ពី​ថ្ងៃ​ទី២៨ ដល់​ថ្ងៃ​ទី២៩ ខែ​មីនា​ខាង​មុខ​នេះ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ជាក់​ថា «សហរដ្ឋ​អាមេរិក គាំទ្រ​សេចក្តីសម្រេចរបស់​អាស៊ាន​ក្នុង​ការអញ្ជើញអ្នក​តំណាង​មិន​មែន​នយោបាយ​មកពី​ភូមា​ឲ្យ​ចូលរួមក្នុង​ជំនួប​កំពូល​អាមេរិក-អាស៊ាន»។

មន្ត្រី​អាមេរិក​រូប​នេះ បាន​និយាយថា «យើង​បាន​សម្រេចចិត្ត​ស្រដៀងគ្នា​ក្នុង​ការអញ្ជើញអ្នក​តំណាង​មិន​មែន​នយោបាយ​មកពី​ប្រទេស​ភូមា​ដើម្បី​ចូលរួម​នៅ​ក្នុង​ជំនួប​កំពូល​នេះ។ របប​នេះ មិន​បានធ្វើ​ឲ្យ​ជឿនលឿន​នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ ៥ ចំណុច​របស់​អាស៊ាន​ ហើយ​ពួក​គេ​ត្រូវ​ទទួល​ខុសត្រូវ»។

មន្ត្រី​រូប​នេះ មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​សួរថា តើ​អ្នក​ណា ជា​តំណាង​មិន​មែននយោបាយ​ដែល​អាមេរិក​មាន​គម្រោង​អញ្ជើញ​នោះ។

អាស៊ាន មិន​បាន​ទទួលស្គាល់​រដ្ឋាភិបាល​យោធានៃ​ប្រទេស​មីយ៉ាន់ម៉ា​ជា​ផ្លូវការ​ដែល​កំពុង​រង​ការដាក់​ទណ្ឌកម្មរបស់​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប ​និង​ប្រទេសមួយចំនួន​ទៀត។

ជំនួប​កំពូលនៅ​សេតវិមាន​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ចខំប្រឹងប្រែង​ដើម្បី​បង្កើន​ការទាក់ទង​ជាមួយ​តំបន់ ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ា់ស៊ីនតោនមើល​ឃើញ​ថា ជា​ការសំខាន់​ដើម្បី​ទប់ទល់នឹង​អំណាចរបស់​ចិន​ដែល​កំពុង​កើន​ឡើង៕

XS
SM
MD
LG