ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​អាស៊ាន​ជួប​ប្រជុំ​នៅ​ចុង​ខែមីនា​ ដើម្បី​ពង្រឹង​សហប្រតិបត្តិការ


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន តាមអនឡាញ នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន តាមអនឡាញ នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ចូ បៃដិន ​(Joe Biden) នឹង​ជួប​ប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅថ្ងៃទី​ ២៨ ​និង​ ២៩ ​ខែមីនាខាងមុខនេះ ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​ជា​ប្រវត្តិសាស្ត្រដើម្បី​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​នឹង​អាស៊ាន ​ខណៈពេល​មាន​ការប្រជែង​ឥទ្ធិពលគ្នា​យ៉ាងខ្លាំង​រវាង​អាមេរិក​និង​ចិន​ នៅ​ក្នុង​តំបន់។

អ្នកស្រី​ Jen Psaki​ អ្នកនាំពាក្យ​សេតវិមាន​ បាន​ថ្លែង​ក្នុងសេចក្តី​ថ្លែងការណ៍ ​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖

«កិច្ចប្រជុំ​កំពូល​ពិសេស​នឹង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​យូរអង្វែង​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អាស៊ាន​ ដោយ​ទទួលស្គាល់​តួនាទី​ស្នូល​របស់​ខ្លួន ​ក្នុង​ការផ្តល់​នូវ​ដំណោះស្រាយ​ប្រកបដោយ​និរន្តរភាព​ ចំពោះ​បញ្ហាប្រឈម​ដ៏​លំបាក​បំផុត​ក្នុង​តំបន់ ​និង​រំលឹក​ខួប​ ៤៥ ឆ្នាំ​នៃ​ទំនាក់ទំនង​អាមេរិក-អាស៊ាន»។​

សេតវិមាន​យល់​ថា ​កិច្ចប្រជុំ​កំពូល​នេះ​នឹង​ពង្រឹង​ការចូលរួម​របស់​លោក​ប្រធានាធិបតី​ Biden ​ក្នុង​ខែតុលា​ឆ្នាំ ២០២១​ របស់​អាស៊ាន-អាមេរិក​ ដែល​នៅ​ពេលនោះ​លោកប្រធានាធិបតី​បានប្រកាស​នូវ​ទឹកប្រាក់​ចំនួន​ ១០២​ លាន​ដុល្លារ​ សម្រាប់​គំនិត​ផ្តួចផ្តើម​ថ្មី​ដើម្បី​ពង្រីក​ការចូលរួម​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​អាស៊ាន​ លើ​ការស្តារ​ឡើង​វិញ​នូវ​ផលប៉ះពាល់​ដោយ​ជំងឺកូវីដ១៩ ​និង​សន្តិសុខ​សុខាភិបាល ​ការប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​អាកាសធាតុ​ ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ការលើកកម្ពស់​សមភាព​យេនឌ័រ​និង​ការពង្រឹង​សិទ្ធិអំណាច​របស់​ស្ត្រី​ និង​ការធ្វើឱ្យ​ទំនាក់​ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​កាន់តែ​ស៊ីជម្រៅ។

អ្នកស្រី​ Jen Psaki ​បាន​បន្ថែម​ថា៖​

«វា​គឺជា​អាទិភាព​កំពូល​សម្រាប់​រដ្ឋបាល​ Biden-Harris​ ដើម្បី​បម្រើ​ជាដៃគូ​ដ៏​រឹងមាំ​និង​គួរ​ឱ្យ​ទុកចិត្ត​និង​ពង្រឹង​អាស៊ាន​ដែល​មាន​អំណាច​និង​ឯកភាព​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ពេល​នេះ។ ផលប្រយោជន៍​ គុណតម្លៃ​ និង​ចក្ខុវិស័យ​រួម​របស់​យើង​សម្រាប់​តំបន់​ នឹង​បន្ត​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​រួម​របស់​យើង​ ក្នុង​ការជំរុញ​ឥណ្ឌូប៉ាស៊ីហ្វិក​ដែល​មាន​លក្ខណៈ​សេរី​និង​បើកចំហ ​សុវត្ថិភាព​និង​ស៊ូធន់​បាន»។

តំបន់​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​គេ​មើល​ឃើញ​កាន់​តែ​ខ្លាំង​ឡើង​ថា​ជា​ព្រំដែន​យុទ្ធសាស្ត្រ​សម្រាប់​ទាំង​ហេតុផល​នយោបាយ​និង​សេដ្ឋកិច្ច​នៃ​មហា​អំណាច​ចិន​និង​សហរដ្ឋ​អាមេរិក។ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ក្រោម​រដ្ឋបាល​លោក ​Biden​ មាន​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ក្នុង​តំបន់​ក្នុង​នោះ​ ដូចជា​អនុប្រធានាធិបតី​អ្នកស្រី ​Kamala Harris លោក ​Lloyd Austin​ រដ្ឋមន្ត្រី​ការពារ​ជាតិ ​និង​រដ្ឋមន្ត្រី​ការបរទេស​លោក​ Anthony Blinken​ ជាដើម។

គណបក្ស​សង្គ្រោះជាតិ​ទទូច​ឲ្យ​សហរដ្ឋ​អាមេរិក​ផ្តោត​លើ​បញ្ហា​សិទ្ធិមនុស្ស​និង​ដំណោះស្រាយ​នយោបាយ​លើ​វិបត្តិ​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​អាស៊ាន​ផងដែរ ​ដែល​មាន​ដូចជា​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​និង​មីយ៉ាន់ម៉ា។

អ្នកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បន្ថែម​ប្រាប់​វីអូអេ​ថា៖

«រឿង​លទ្ធិ​ប្រជាធិបតេយ្យ​សិទ្ធិមនុស្ស​នៅ​ក្នុង​បរិបទ​នៃ​អាស៊ាន​នេះ​ គឺ​ធ្ងន់ធ្ងរ​ណាស់។ រឿង​មីយ៉ាន់ម៉ា​និង​ប្រទេស​កម្ពុជា​ គឺ​ធ្ងន់ធ្ងរ​ណាស់។ ដូច្នេះ​យើង​នឹង​ទៅ​វ៉ាស៊ីនតោន​ឌីស៊ី​ដែរ​ នៅ​ថ្ងៃ​ដែល​មាន​ជំនួប​កំពូល​រវាង​អាស៊ាន​និង​ប្រទេស​អាមេរិក​ ដើម្បី​បង្ហាញ​នូវ​ការព្រួយ​បារម្ភ​និង​ឆន្ទៈនៃ​ពលរដ្ឋ​ប្រទេស​ភូមា​ ពលរដ្ឋ​ខ្មែរ​ និង​ពលរដ្ឋ​អាស៊ាន​ដទៃទៀត​ ដែល​នៅ​ក្រៅ​ប្រទេស»។​

សហរដ្ឋ​អាមេរិក​គាំទ្រ​សេចក្តី​សម្រេច​ខែតុលា​ ឆ្នាំ​ ២០២១​ របស់​អាស៊ាន​ ក្នុង​ការរឹតបន្តឹង​ការចូលរួម​របស់​មីយ៉ាន់ម៉ា នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​កម្រិត​ខ្ពស់​ ដោយ​អនុញ្ញាត​តែ​តំណាង​ដែល​មិន​នយោបាយ​ប៉ុណ្ណោះ។ មន្ត្រី​អាមេរិកាំង​មួយ​រូប​បាន​ថ្លែង​បន្ថែម​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា ​របប​យោធា​មីយ៉ាន់ម៉ា​បានបរាជ័យ​ក្នុង​ការធ្វើ​ឱ្យ​មានការវិវឌ្ឍន៍​ដ៏​មាន​អត្ថន័យ​លើ​កិច្ចព្រមព្រៀង​ប្រាំចំណុចរបស់​អាស៊ាន​ ហើយ​អាមេរិក​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ ក្នុង​ការធ្វើ​ឱ្យ​របប​នេះ​ទទួល​ខុសត្រូវ។

មន្ត្រី​រូបនោះ​បាន​បន្ថែម​ថា៖​

«សម្រាប់​យើង​ សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​ដើម្បី​បង្កើន​សម្ពាធ​លើ​របប​យោធា​រហូត​ដល់​ផ្លាស់ប្តូរ​ទិស​និង​អនុញ្ញាត​ឱ្យ​មាន​ការស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ»

XS
SM
MD
LG