ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​​ប្រឹង​ជំរុញ​ការស្តារ​សេដ្ឋកិច្ច​និង​បញ្ចៀស​សម្ពាធ​ពី​មហាអំណាច


រដ្ឋមន្ត្រីក្រសួងការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថតរូបក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

កិច្ចប្រជុំ​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​តំបន់​នេះ​កំពុង​មាន​ភាព​តានតឹង​ខាង​ភូមិសាស្រ្ត​នយោបាយ​ពី​ខាងក្នុង​និង​ខាងក្រៅ​កើន​ឡើង​ជាច្រើន​ដែល​មិន​ធ្លាប់​មាន​ពីពេល​មុន​មកនិង​ភាព​បន្ទាន់​ក្នុង​ការខិតខំ​ស្តារ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​ក្រោយ​ពី​ជំងឺ​រាតត្បាត​កូវីដ​១៩។ ​

កិច្ចប្រជុំ​ចង្អៀតនៅ​រាជធានី​ភ្នំពេញ​ពីថ្ងៃទី​១៥ដល់​១៧​ខែ​កុម្ភៈដែល​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​ការដឹកនាំ​របស់​កម្ពុជា​ដែល​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ក៏បាន​គ្របដណ្តប់​ដោយ​បញ្ហា​វិបត្តិ​នយោបាយ​និង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ផងដែរ។

​ក្រុម​រដ្ឋមន្ត្រី​ការបរទេសបាន​ទទួលស្គាល់​ថា​ការប្រកួត​ប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​និង​ភូមិសាស្ត្រ​យុទ្ធសាស្ត្រ​ ទាំង​រវាង​មហាអំណាច​ធំៗ​ដែល​មាន​សហរដ្ឋ​អាមេរិក​និង​ចិន​ និង​រវាង​មហា​អំណាច​កណ្តាល​គឺ​មាន​ផលប៉ះពាល់​មកលើ​តំបន់​ទាំង​មូល​ផង​និងមក​លើ​ប្រទេស​នីមួយផងដែរ​ដែល​ថ្នាក់​ដឹកនាំ​ត្រូវ​រកវិធី​ដោះស្រាយ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ប្រាក់ សុខុន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​និង​ជា​ម្ចាស់ផ្ទះ។

លោកប្រាក់ សុខុន​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ពេល​បិទ​កិច្ចប្រជុំ​ថា៖

«អ៊ីចឹង​យើង​បាន​ជជែក​គ្នា​ថា​តើ​ធ្វើ​ម៉េច​ដឹកនាំ​អាស៊ាន​ដឹកនាំ​ការកសាង​សហគមន៍​អាស៊ាន​នេះ​ក្នុង​កម្រិត​ណា​ដែល​មិន​ត្រូវ​ទទួល​ផលប៉ះពាល់​អវិជ្ជមាន​ពី​ការប្រកួត​ប្រជែង​នោះ។ នេះ​ជារឿង​សំខាន់។ អ៊ីចឹង​ហើយ​បាន​ជា​រដ្ឋមន្ត្រី​ការបរទេស​នានា​បាន​លើក​ឡើង​យ៉ាង​ច្បាស់​អំពី​ការពង្រឹង​មជ្ឈភាព​របស់​អាស៊ាន»។

ទន្ទឹម​នឹង​នោះ​ ក្រុមរដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ការអនុវត្ត​ក្របខណ្ឌ​នៃ​ការស្តារឡើងវិញ​ខាងផ្នែក​សេដ្ឋកិច្ច​របស់​អាស៊ាន​និង​បើក​ឡើងវិញ​ការចរាចរណ៍​នៅ​ក្នុង​ផ្ទៃក្នុង​អាស៊ាន​ដើម្បី​ជួយ​ដល់សេដ្ឋកិច្ច​ដែល​បាន​រងផល​ប៉ះពាល់​ដោយសារវិបត្តិ​សុខភាព​ដែល​បង្ក​ឡើងដោយ​ជំងឺ​កូវីដ​១៩។

លោកប្រាក់ សុខុន​បាន​ថ្លែងថា៖

«នេះ​គឺ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​រស់​ឡើងវិញ។ ប្រទេស​ជាច្រើន​នៅក្នុង​អាស៊ាន​ពឹងផ្អែក​ទៅ​លើ​ទេសចរណ៍។ មិនមែន​តែ​ទេសចរណ៍​សុទ្ធទេ។ ប៉ុន្តែ​បើសិន​ជា​មិនបាន​ធ្វើ​ដំណើរ​ទៅវិញ​ទៅមក​គឺ​ធុរៈកិច្ច​ផ្សេងៗ​ទៀត​ ការរកស៊ី​ផ្សេងៗ​ទៀត​ក៏​វា​ពិបាក​ដែរ។ ព្រោះ​អ្នករកស៊ី​ពួកគាត់​ត្រូវការ​ជួប​គ្នា​ត្រូវ​ការ​ផ្លាស់ប្តូរ​យោបល់​ជាមួយ​គ្នា​គាត់​ត្រូវការ​ស្វែងរក​កាលានុវត្តភាព​ដើម្បី​បោះទុន​វិនិយោគ​ឬ​ក៏​ចម្រើន​កិច្ច​របរ​រកស៊ី​របស់​ពួកគាត់»។

ជំងឺ​រាតត្បាត​កូវីដ​១៩​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការងារ​ ថវិកា​គ្រួសារ​និង​ការសិក្សា​របស់​កុមារ។ ​ពលរដ្ឋ​នៅ​អាស៊ី​អាគ្នេយ៍​ពី​២៥​ដល់​៥០%​បាន​បាត់​បង់​ប្រាក់​ចំណូល​ឬ​ត្រូវ​កាត់បន្ថយ​ប្រាក់​ចំណូល។ អ្នកធ្វើការ​មួយ​ភាគបី​បាត់​បង់​ការងារ​ឬ​ធ្វើការ​មិន​ពេញ​ម៉ោង។ ​ការសិក្សា​របស់​កុមារ​ក៏​ត្រូវបាន​កាត់​បន្ថយ​ព្រោះ​មិនអាច​សិក្សា​តាម​អនឡាញ​បាន​ដោយសារ​គម្លាត​បច្ចេកវិទ្យា។ នេះ​បើតាមការស្ទង់មតិ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក្នុង​ខែ​មីនា​ឆ្នាំ​២០២១។ ​

វិបត្តិ​នយោបាយ​និង​សន្តិសុខ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ក៏​បាន​គ្របដណ្តប់​លើ​របៀប​វារៈ​ដែល​ប្រធាន​អាស៊ាន​ត្រូវ​ដោះស្រាយ​នៅ​ក្នុង​ឆ្នាំ​២០២២​នេះដែរ។ វិបត្តិ​នេះ​បាន​កើតមានឡើង​តាំងពី​ខែកុម្ភៈ​ឆ្នាំ​មុន​ក្រោយពី​ពួក​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ស្របច្បាប់។ កម្ពុជា​បាន​ព្យាយាមដោះស្រាយ​វិបត្តិ​នេះ​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន​ទៅ​ជួប​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ដោយផ្ទាល់​កាលពី​ដើមខែ​មករា​ប៉ុន្តែ​បាន​នាំ​ឲ្យ​មាន​ការរិះគន់​ជាច្រើន​ថា​ធ្វើ​ឡើង​ដោយ​គ្មាន​ការគាំទ្រ​ពី​សមាជិក​អាស៊ាន​ដទៃទៀត។ វា​ក៏​បាន​ប៉ះពាល់​រួច​ហើយ​ដល់​កិត្តិយស​របស់​កម្ពុជា​ដោយ​ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​ហៅ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា​ធ្វើ​សកម្មភាព​«ការទូត​ខូវប៊យ» ឬ​តាម​បែប​គឃ្លើន។

កិច្ចប្រជុំ​ចង្អៀត​របស់​ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​មិន​មាន​តំណាង​មកពី​ប្រទេស​មីយ៉ាន់ម៉ា​ចូលរួម​ទេ​ដោយសារតែ​អាស៊ានអនុញ្ញាត​ឲ្យ​តែតំណាង​មិន​នយោបាយ​ចូលរួម​ព្រោះរបប​យោធា​មិន​បាន​អនុវត្ត​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​ការបរទេស​មីយ៉ាន់ម៉ា​មួយ​រូប​បាន​ចូលរួម​តាម​អនឡាញ​នៅ​ក្នុង​កិច្ចប្រជុំ​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​កម្រិត​បច្ចេកទេស​ដែល​បាន​រៀបចំ​មួយ​ថ្ងៃ​មុន​ក្រុមរដ្ឋមន្ត្រី​ជួបប្រជុំ។

លោកប្រាក់ សុខុន​បាន​បញ្ជាក់​ថា​ក្រុម​រដ្ឋមន្ត្រី​ក៏​បាន​សម្តែង​ការព្រួយ​បារម្ភ​ចំពោះ​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​មីយ៉ាន់ម៉ា​ផងដែរ៖​

«បញ្ហា​មីយ៉ាន់ម៉ា​ត្រូវបានជជែក​ច្រើន​ដែរ​ប៉ុន្តែ​ជជែក​នេះ​ក្នុង​នាម​គ្រួសារ​អាស៊ាន​ ជជែក​នេះ​ក្នុង​នាម​ថា​អាស៊ាន​ចង់​ជួយ​មីយ៉ាន់ម៉ា​ឲ្យ​ចាកផុត​ពី​វិបត្តិ។ វិបត្តិ​នៅ​មីយ៉ាន់ម៉ា​វាក្លាយ​ទៅជា​វិបត្តិ​នយោបាយ​វិបត្តិ​សន្តិសុខ។ វារាលដាល​ទៅ​ដល់​វិបត្តិ​សេដ្ឋកិច្ច​ហើយ​ក៏​មាន​បញ្ហាវិបត្តិ​មនុស្ស​ធម៌​និង​សុខាភិបាល​ខ្លាំងដែរ»។

លោកប្រាក់ សុខុន​ដែល​ពេល​នេះ​មាន​ភារៈកិច្ច​ជា​បេសកជន​ពិសេស​របស់​ប្រធាន​អាស៊ាន​គ្រោង​នឹង​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ខែ​មីនា​ដោយ​ផ្តោត​ការងារ​ចម្បង​លើ​ការដោះស្រាយ​វិបត្តិ​មនុស្ស​ធម៌។

តំបន់​អាស៊ាន​កំពុង​ក្លាយជា​ទី​ចំណាប់​អារម្មណ៍​របស់ប្រទេស​នានា​ក្នុង​ការពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ហើយ​ទាមទារ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​របស់​អាស៊ាន។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​ប្រាក់ សុខុន។ ក្នុង​ចំណោម​នេះ​ ប្រទេស​ចិន​និង​អូស្ត្រាលី​បាន​ពង្រីក​ទំនាក់​ទំនង​រហូត​ឈាន​ដល់​កម្រិត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ។ រីឯ​សហរដ្ឋ​អាមេរិកក៏​បាន​ព្យាយាម​ដំឡើង​កម្រិត​ភាព​ជាដៃគូ​ផងដែរ។

បើទោះបីជា​ហាក់​ដូចជា​តាម​ពីក្រោយ​ចិន​ ប៉ុន្តែ​រដ្ឋបាលរបស់​លោក​ប្រធានាធិបតី Joe Biden​នៃ​សហរដ្ឋ​អាមេរិក​បាន​ផ្តោត​មក​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង​នឹង​តំបន់​អាស៊ាន​ដោយប្តេជ្ញា​ស្តារ​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ទំនាក់​ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​តំបន់ជា​ពិសេស​លើ​បញ្ហា​ដ៏​សំខាន់​ជាច្រើន​ក្នុងនោះ​មានសិទ្ធិមនុស្ស​ សន្តិសុខ​ សេដ្ឋកិច្ច​និង​សុខភាព​សាធារណៈ។ សហរដ្ឋ​អាមេរិក​ក៏​បាន​សម្តែង​ការគាំទ្រ​គោលការណ៍​ចក្ខុវិស័យ​អាស៊ាន​លើ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ដោយ​ចាត់ទុក​ថា​គោលការណ៍​ទាំងនោះបាន​ឆ្លុះបញ្ចាំង​នៅក្នុង​ចក្ខុវិស័យ​អាមេរិក​សម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហរ។

កិច្ចប្រជុំ​កំពូល​មួយ​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន​ដែល​រដ្ឋបាល​លោកBiden ​គ្រោង​រៀបចំ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​នឹង​ជាឱកាស​បញ្ជាក់​បន្ថែម​ពី​ការប្តេជ្ញា​ចិត្ត​របស់​អាមេរិក​ចំពោះ​អាស៊ាន។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកជំនាញ​និង​មន្ត្រី​អាមេរិកាំង។

អ្នកស្រី​Karine Jean-Pierre​អ្នកនាំពាក្យ​រង​សេតវិមាន​បាន​បញ្ជាក់​ប្រាប់វីអូអេ​កាលពី​ថ្ងៃទី​១៧​ខែ​កុម្ភៈ​ថា​លោក​ប្រធានាធិបតី​ Joe Biden ​ទន្ទឹង​រង់ចាំ​ស្វាគមន៍​មេដឹកនាំ​អាស៊ាន​មកកាន់​ទីក្រុង​វ៉ាស៊ីនតោន​ឌីស៊ី​ដើម្បី​ចូលរួម​ប្រជុំ​ទល់​មុខ​គ្នា។

អ្នកស្រី​Karine Jean-Pierre​បាន​បន្ថែម​ថា៖

«យើង​ប្តេជ្ញា​ពង្រឹង​ភាពជាដៃគូ​របស់​យើង​ជាមួយ​អាស៊ាន ​ក៏ដូចជា​មជ្ឈភាព​របស់​អាស៊ាន។ យើង​បាន​និង​កំពុង​ធ្វើ​ការ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​របស់​យើង​ក្នុង​តំបន់ និង​លើក​កម្ពស់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដោយ​សេរី និង​បើក​ចំហ»។

ប្រជាប្រិយ៍ភាព​របស់​សហរដ្ឋ​អាមេរិក​នៅ​អាស៊ាន​កើនឡើង​បន្តិច​នៅ​ឆ្នាំ​២០២២ដោយ​មាន​ការគាំទ្រ​ចំនួន​៥៧%បើធៀប​នឹង​ចិន​ដែល​ធ្លាក់ចុះ​បន្តិច​មកនៅ​ត្រឹមតែ​៤៣% ធៀប​នឹង​ឆ្នាំ​២០២១។ នេះ​បើ​យោងតាមរបាយការណ៍​ស្ទង់មតិ​របស់​វិទ្យាស្ថាន ​ISEAA-Yusof Ishak ​របស់​សិង្ហបុរីដែលចេញផ្សាយ​កាលពី​ថ្ងៃទី​១៦​ខែកុម្ភៈ។ ប៉ុន្តែ​នៅ​កម្រិត​ប្រទេស​នីមួយៗ​វិញ​គឺ​មាន​ការប្រែប្រួល​ខុស​គ្នា។ ប្រទេស​បី​គឺ​កម្ពុជា​ ឡាវ និង​ព្រុយណេ​សុខចិត្ត​ជ្រើសរើស​ចិន​ច្រើន​ជាង​សហរដ្ឋ​អាមេរិក។ ​ប្រទេស​កម្ពុជា​មាន​ជំនឿ​លើ​ចិន​ដល់​៨១,៥%​ដែល​កើនឡើង​ពី​ចំនួន​៤៦,២%​កាលពី​ឆ្នាំ​២០២១។ ប៉ុន្តែ​ប្រទេស ​មីយ៉ាន់ម៉ា​វិញ​ដែល​ធ្លាប់​គាំទ្រ​ចិន​បាន​ងាក​មក​គាំទ្រ​អាមេរិក​វិញ​ដោយ​កម្រិត​គាំទ្រ​សហរដ្ឋ​អាមេរិក​បាន​ឡើង​ពី​៤៨,១%​នៅ​ឆ្នាំ​មុនរហូតដល់​៩២%​នៅ​ឆ្នាំ​២០២២​នេះ។ ​

អ្នកស្រី​ហ៊ីម​ សុធារ័ត្ន​ សាស្រ្តាចារ្យ​ដេប៉ាតឺម៉ង់​សិក្សាអន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​យល់​ថា​សហរដ្ឋ​អាមេរិក​គួរតែ​ចូលរួម​ពាក់ព័ន្ធ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ឲ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន​ជាពិសេស​ជាមួយ​នឹង​សមាជិក​ថ្មី​ដែល​មាន​ដូចជា​កម្ពុជា​ ឡាវ​ និង​វៀតណាមនិង​ផ្តោត​លើ​វិស័យ​ដែល​អាមេរិក​មាន​ជំនាញ។

អ្នកស្រី​ហ៊ីម សុធារ័ត្ន​បាន​បន្ថែម​ថា​៖

«អ៊ីចឹង​អាមេរិក​គួរតែ​ចាប់ផ្តើម​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ជាពិសេស​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច​និង​វិស័យ​អប់រំ»។ ​

អ្នកជំនាញ​កិច្ចការ​អាស៊ាន​និង​ចិន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សម្តែង​ទុទិដ្ឋិនិយម​ថា​កម្ពុជា​អាច​នឹង​សម្រេច​បាន​ច្រើន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ។

លោក​ Charles Dunst អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​បាន​សម្តែង​ការរំពឹងទុក​ទាប​ចំពោះ​ការដឹកនាំ​របស់​កម្ពុជា​ដោយសារ​ធ្លាប់បាន​រាំងស្ទះ​កិច្ចការ​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​កាលពី​ឆ្នាំ​២០១២​ព្រោះតែ​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​ទីក្រុងប៉េកាំង​និង​បញ្ហា​ប្រឈម​នានា​ដែល​មាន​ក្នុង​តំបន់។

លោក​ Charles Dunst​ បាន​បន្ថែម​ប្រាប់​វីអូអេ​ខេមភាសា​ថា៖​

«ដូច្នេះ​ខ្ញុំ​មាន​ការព្រួយបារម្ភ​ថា ​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​អាច​ឲ្យ​អាស៊ាន​នៅទ្រឹង​ឬ​អាច​ជា​ការបរាជ័យ​ដែល​នឹង​ពន្លឿន​ការធ្លាក់ចុះ​នៃ​អាស៊ាន​ ដោយសារ​មន្ត្រី​គោលនយោបាយ​លោក​ខាង​លិច ​និង​សហរដ្ឋ​អាមេរិក​ជាច្រើន​មិនមាន​ទស្សនៈ​វិជ្ជមាន​អំពី​អាស៊ាន ​នោះ​ទេ។ ខ្ញុំ​គិត​ថា មន្ត្រី​ជា​ច្រើន​គិត​ថា អាស៊ាន​ដែលជា​កន្លែង​បានតែ​និយាយ ​ឬ​មិន​សូវ​បាន​ធ្វើ​ច្រើន ​ឬ​ជា​ចម្បង​ដោយ​សារ​ប្រតិបត្តិការ​ដោយ​ការ​ឯកភាព»។

លោកCharles Dunst​សង្កត់​ធ្ងន់​លើ​មជ្ឈភាព​របស់​អាស៊ាន​ដោយ​រក្សា​អាស៊ានជា​វេទិកា​សម្រាប់​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដើម្បី​ចូលរួម​ទាំង​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​ដោយ​មិនត្រូវ​លំអៀង​ទៅ​ខាងណា​នោះទេ​ហើយ​ត្រូវតែ​ធ្វើការ​ជាប្លុក​តែមួយ​ជាមួយ​នឹង​មហាអំណាច​ទាំងពីរ​ដើម្បី​មាន​កម្លាំង​ខ្លាំង​ពីព្រោះ​ទាំង​សហរដ្ឋ​អាមេរិក​ និង​ចិន​មាន​អានុភាព​ខ្លាំង​ជាង​លើ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​បើ​ពួកគេ​ធ្វើការ​ដោយឡែក​រៀងៗខ្លួន។

លោក Charles Dunst ​យល់​ថា​បញ្ហាដ៏​រសើប​មួយ​ទៀត​គឺ​ការចរចា​បង្កើតក្រមប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ដោះស្រាយ​ទំនាស់​ដែនសមុទ្រ​និង​កោះ​រវាង​មហាអំណាច​ចិន​និង​សមាជិក​អាស៊ាន​មួយ​ចំនួន​ ក៏​ទំនង​ជា​មិន​សម្រេច​បាន​ក្រោម​ការដឹកនាំ​របស់​កម្ពុជា​ទេ។ ការណ៍​នេះ​ដោយ​សារតែ​ទស្សនៈ​របស់​ចិន​លើ​បញ្ហា​ដែល​នៅ​សេសសល់​គឺ​យន្តការ​ដោះស្រាយ​ទំនាស់​ហាក់​នៅឆ្ងាយ​ពី​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន។ កត្តាមួយ​ទៀត​គឺ​មកពី​កម្ពុជា​ខ្លួនឯង។

លោកCharles Dunst បាន​បន្ថែម​ថា៖​

«និយាយ​ដោយ​ត្រង់ ​កម្ពុជា​មិន​ចង់​ដោះស្រាយ​បញ្ហា​សន្តិសុខ​ ដូចជា​ក្រមប្រតិបត្តិ​ទេ​ក្នុង​ឋានៈ​ជា​ប្រធាន ​ព្រោះ​បញ្ហា​ទាំងនេះ​មាន​លក្ខណៈ​រសើប ​ហើយ​ការឯកភាពគ្នា​នឹង​ពិបាករក​បាន​ណាស់។ ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ស្គាល់​ថា​បញ្ហា​ភាគច្រើន​ពិបាក​ ហើយ​មិនមែន​ជា​អ្វី​ដែល​ពួកគេ​ចង់​ចំណាយ​ពេលវេលា​នោះ​ទេ​ហើយ​បើទោះជា​កម្ពុជា​មិន​រារាំង​ទាំងស្រុង​នូវ​សេចក្តី​ថ្លែងការណ៍​រិះគន់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដូច​ដែល​ពួកគេ​បានធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ក៏ដោយ ខ្ញុំ​រំពឹង​ថា​កម្ពុជា​នឹង​រុញច្រាន​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ចេញពី​របៀប​វារៈ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

ក្រុម​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​ក៏​បាន​លើក​យក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មកពិភាក្សា​ដែរ​នៅ​ក្នុង​កិច្ចប្រជុំ​ចង្អៀត​ដោយ​នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​នេះ​ក្រុមរដ្ឋមន្ត្រី​បានត្រឹម​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សន្តិភាព​សន្តិសុខ​ ស្ថិរភាព​នៅ​តំបន់​នោះ​និង​សម្តែង​ការពេញ​ចិត្ត​នឹង​ដំណើរការ​ចរចា​បង្កើត​ក្រមប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ សេរីភាព​ចរាចរណ៍​តាម​សមុទ្រនិង​តាម​អាកាស​និង​គោរព​តាម​សេចក្តី​ប្រកាស​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង​(DOC)​ដែល​មាន​អាយុកាល​២០​ឆ្នាំ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកប្រាក់ សុខុន៕

XS
SM
MD
LG