ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ប្រាប់​អ៊ីរ៉ង់​ថា​ពិភពលោក​កំពុង​​មើល​អ្នក


ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​កំពុង​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៅទីស្នាក់ការ​កណ្តាល​របស់​អ.ស.ប.នៅ​បុរិ​ញូវយ៉ក​អំពី​ស្ថានភាព​នៅ​អ៊ីរ៉ង់កាលពីថ្ងៃទី​០៥ មករា​ ២០១៧។
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​កំពុង​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៅទីស្នាក់ការ​កណ្តាល​របស់​អ.ស.ប.នៅ​បុរិ​ញូវយ៉ក​អំពី​ស្ថានភាព​នៅ​អ៊ីរ៉ង់កាលពីថ្ងៃទី​០៥ មករា​ ២០១៧។

លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​ស.រ.អា.ប្រចាំ​អ.ស.ប.​បាន​សរសើរ​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាលនៅ​ក្នុង​ប្រទេសអ៊ីរ៉ង់​នៅ​ក្នុងការ​ប្រជុំគ្រាមាន​អាសន្ន​មួយ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ចំណែក​ឯប្រទេស​រុស្សី​វិញ​បាន​រិះគន់​ស.រ.អា.​អំពីអ្វីដែល​ខ្លួន​ហៅ​ថា​ប្រទេសអាមេរិក​កំពុង​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​អ៊ីរ៉ង់។​

ស.រ.អា.​បានអំពាវ​នាវ​ឱ្យមានការប្រជុំ​គ្រាមាន​អាសន្ននៃក្រុមប្រឹក្សា​សន្តិសុខ​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​ពិភាក្សាអំពី​បាតុកម្មនៅក្នុង​ប្រទេសអ៊ីរ៉ង់​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​២២​នាក់​ស្លាប់​ហើយ​នាំ​ឱ្យមានការ​ចាប់​ខ្លួន​មនុស្ស​ជាង​១ពាន់​នាក់​ថែម​ទៀត។​

មាន​ការ​ធ្វើបាតុកម្ម​ប្រជែង​គ្នា​រវាង​ពួក​អ្នកគាំទ្រនិងពួក​អ្នកប្រឆាំង​នឹង​រដ្ឋាភិបាល​បានកើតមានឡើង​នៅ​ក្នុង​ក្រុងធំៗនៃ​ប្រទេស​អ៊ីរ៉ង់​កាលពី​សប្តាហ៍​មុននេះ។​

លោកស្រី​ Haley បាន​និយាយ​ទៅ​កាន់ប្រទេសអ៊ីរ៉ង់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី​ក្នុងការ​ប្រជុំកាលពី​ថ្ងៃ​សុក្រថា«ស.រ.អា.កំពុង​ក្រឡេកមើល​អ្វី​ដែលអ្នកធ្វើ»។ លោកស្រី​បាន​ហៅ​ការ​ធ្វើបាតុកម្មទាំងនេះថាជា «ការ​សម្តែង​ដោយឯកឯង​អំពី​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន» ហើយ​ជា «ការ​បង្ហាញ​ដ៏​ខ្លាំង​ក្លា​អំពី​សេចក្តី​ក្លាហាន​នៃ​ប្រជារាស្ត្រដែល​ធុញ​ទ្រាន់ជា​មួយ​រដ្ឋាភិបាល​សង្កត់សង្កិន​របស់ពួក​គេថា​ពួក​គេ​ហ៊ាន​ប្រថុយ​ជីវិតនៅ​ក្នុង​ការធ្វើបាតុកម្មទាំង​នេះ»។

លោកស្រី​ Haley បានអំពាវ​នាវ​ដល់​រដ្ឋាភិបាលអ៊ីរ៉ង់ឱ្យ​ឈប់ត្រួតពិនិត្យសំឡេងរបស់​ប្រជារាស្ត្រអ៊ីរ៉ង់​ហើយ​ធ្វើឱ្យ​ពួក​គេ​អាចប្រើ​បណ្តាញ​ Internet បានវិញផងដែរ។

លោកស្រី​ឯកអគ្គរដ្ឋទូត​ស.រ.អា.ក៏​បានថ្លែង​ដែរ​ថា​សហគមន៍​អន្តរជាតិគួរ​ចាត់វិធានការ​ថែម​ទៀត​ដើម្បី​គាំទ្រ​ពួក​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាលនៅ​ប្រទេសអ៊ីរ៉ង់។ ​ប្រធានាធិបតី​ស.រ.អា. Donald Trump ក៏​បាន​ tweet ការទ្រទ្រង់របស់​លោកដល់ក្រុម​បាតុករទាំងនេះ​ដែរ៕

XS
SM
MD
LG