លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ បានសន្យាផ្តល់ការគាំទ្រថ្មីដល់ពលរដ្ឋអ៊ីរ៉ង់កាលពីថ្ងៃពុធ នៅពេលដែលបណ្តាញព័ត៌មានរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា បាតុករគាំទ្ររដ្ឋាភិបាលរាប់ម៉ឺននាក់បានរៀបចំការតវ៉ាប្រឆាំងនៅទូទាំងប្រទេសបន្ទាប់ពីការតវ៉ាប្រឆាំងរដ្ឋាភិបាលអស់រយៈពេលជាច្រើនថ្ងៃមក។
លោកប្រធានាធិបតីត្រាំបាននិយាយនៅក្នុងអត្ថាធិប្បាយសារតាមប្រព័ន្ធ Twitter ថា «គួរឲ្យគោរពពលរដ្ឋអ៊ីរ៉ង់ខណៈដែលពួកគេព្យាយាមផ្តួលរំលំរដ្ឋាភិបាលពុករលួយរបស់ខ្លួននោះ។ អស់លោក អ្នកនឹងឃើញការគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកនៅពេលដ៏សមរម្យ។ គេមិនទាន់ដឹងភ្លាមៗនៅឡើយថាតើជំនួយអ្វីដែលលោកប្រធានាធិបតីត្រាំមាននៅក្នុងគំនិតនោះទេ»។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបង្ហាញវីដេអូកាលពីថ្ងៃពុធពីហ្វូងមនុស្សគ្រវីទង់ជាតិអ៊ីរ៉ង់ហើយបានស្រែកពាក្យស្លោកគាំទ្រមេដឹកនាំកំពូល Ayatollah Ali Khamenei។ ក្រោយមកនៅក្នុងថ្ងៃនោះដដែល ឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា បាតុកម្មប្រឆាំងរដ្ឋាភិបាលដែលបានផ្ទុះឡើងក្នុងរយៈពេល៣-៤ថ្ងៃកន្លងមកនេះត្រូវបញ្ចប់។
លោក Mohammad Ali Jafari មេបញ្ជាការឆ្មាំការពារបដិវត្តន៍និយាយនៅក្នុងប្រព័ន្ធគេហទំព័រថា «ថ្ងៃនេះ យើងអាចប្រកាសពីការបញ្ចប់ការបះបោរឆ្នាំ២០១៨។ ពួកបាតុករមិនមានគ្នាលើសពី១ម៉ឺន៥ពាន់នាក់នៅទូទាំងប្រទេសទេ»។លោកនិយាយទៀតថា ឆ្មាំការពារបដិវត្តន៍បានដាក់ពង្រាយចំនួនកងទ័ពដែលមានកម្រិតមួយនៅក្នុងទីក្រុង Asfahan ក្រុង Larestan និងទីក្រុង Hamadan។
បណ្តាញព័ត៌មានផ្លូវការនិងពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់មិនបានផ្តល់ព័ត៌មានថ្មីពីការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលបានសម្លាប់មនុស្ស២១នាក់កាលពីសប្តាហ៍មុនទេ៕