ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ថា ការព្យាយាម​ធ្វើ​ឃាត​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​ជា​ការវាយ​ប្រហារ​លើ​«អធិបតេយ្យភាព និង​ស្ថិរភាព»​របស់​អ៊ីរ៉ាក់


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​ស្តីពី​របាយការណ៍​ការងារ​ខែ​តុលា​ពី​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។

សហ​រដ្ឋ​អាមេរិក​ថា ​ការ​ព្យាយាម​ធ្វើ​ឃាត​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​ជា​ការ​វាយ​ប្រហារ​លើ​ស្ថិរភាព ​និង​អធិបតេយ្យ​ភាព​របស់​រដ្ឋ​អ៊ីរ៉ាក់»​ ហើយបាន​ទទួល​ស្គាល់​ថា លក្ខណៈ​នៃ​ការ​វាយប្រហារ​នោះ​ ទំនង​ជា​ទាក់​ទង​នឹង​ក្រុម​ពាក់​ព័ន្ធ​នឹង​ប្រទេស​អ៊ីរ៉ង់។

នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក​ Mustafa al-Kadhimi ​បាន​រួច​ជីវិត​ពី​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​យន្តហោះ​ដ្រូន​បំពាក់​អាវុធ​ ហើយ​ក្រុម​មន្ត្រី​សន្តិសុខ​របស់​អ៊ីរ៉ាក់​ថា​ លោក​រង​របួស​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ ​ហើយ​លោក​បាន​អំពាវ​នាវឲ្យ​មាន​ភាព​ស្ងប់​ស្ងាត់។​ ​

លោក​នាយក​រដ្ឋមន្ត្រី​ al-Kadhimi ​បាន​ថ្លែង​តាម​ទូរទស្សន៍​អ៊ីរ៉ាក់​ថា​ «ការ​វាយ​ប្រហារ​ដ៏​កំសាក​តាម​យន្តហោះ​ដ្រូន​ និង​គ្រាប់​រ៉ុក្កែត​មិន​ជួយ​កសាង​ប្រទេស​ និង​អនាគត​ទេ»។​ ការ​វាយ​ប្រហារ​នេះ​ក៏​ត្រូវ​បាន​ថ្កោល​ទោស​ភ្លាមៗពី​ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden​ ផង​ដែរ។

កាល​ពី​ថ្ងៃ​ចន្ទ​ ក្រសួង​ការ​បរទេស​ និងក្រសួង​ការ​ពារជាតិ​អាមេរិក ​បាន​គាំទ្រ​ការ​ថ្កោល​ទោស​ដោយ​ប្រធានាធិបតី​អាមេរិក​ប្រឆាំង​ការ​ព្យាយាម​ធ្វើ​ឃាត​នោះ​ ហើយ​ថា​ នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​ ទំនង​មិន​មែន​ជា​គោល​ដៅ​តែ​មួយ​គត់​របស់​ការ​វាយ​ប្រហារ​នោះ​ទេ។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​លោក​ Ned Price ​បាន​ប្រាប់​ក្រុម​សារព័ត៌មាន​ថា​ «យើង​ជឿជាក់​ថា នេះ​មិន​មែន​គ្រាន់​តែ​ជា​ការវាយ​ប្រហារ​តែ​នាយករដ្ឋមន្ត្រីតែ​ម្នាក់​ទេ​ ប៉ុន្តែ​ជា​ការ​វាយ​ប្រហារ​ទៅ​លើ​ស្ថិរភាព​ និង​អធិប​តេយ្យភាព​អ៊ីរ៉ាក់​ទាំង​មូល»។​

នៅ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួល​ខុសត្រូវ​ការ​វាយ​ប្រហារ​នោះ​ទេ ​ប៉ុន្តែ​ប្រភព​សន្តិសុខ​ប្រទេស​អ៊ីរ៉ាក់​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ Reuters​ ថា​ ​ការ​វាយ​ប្រហារនោះ​ទំនង​ជា​ធ្វើ​ឡើង​ដោយ​ក្រុម​កងជីវពល​យ៉ាង​តិច​មួយ​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់។​

មន្ត្រី​ដែល​មិន​បញ្ជេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ ការ​ស៊ើប​អង្កេត​ជំហាន​ដំបូង​បាន​កំណត់​ថា​ យន្តហោះ​ដ្រូន​ និង​គ្រឿង​ផ្ទុះ​ប្រើ​ក្នុង​ការ​វាយ​ប្រហារ​នោះ ​ផលិត​ក្នុង​ប្រទេស​អ៊ីរ៉ង់។​ ​

ដោយ​ឡែក​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ កាល​ពី​ថ្ងៃចន្ទ​ បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​ក្នុង​រដ្ឋធានី​តេហេរ៉ង់​ថា ​«គ្រប់​គ្នា​ត្រូវ​តែ​ជួយ​វែក​មុខ​អ្នក​ប្រព្រឹត្ត​ និង​អ្នក​រៀបចំ​ការ​វាយ​ប្រហារ​នេះ៕​

អ្នកនាង​ Nike Ching​ នៃវីអូអេ រួម​ចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ។​

XS
SM
MD
LG