ប្រធានាធិបតីអាមេរិកលោក Donald Trump និយាយថា រដ្ឋបាលលោកជិតមានកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថាន ហើយដោយលោកថ្លែងថា មានការគោរពតាមកិច្ចឈប់បាញ់គ្នានៅទូទាំងប្រទេសចំនួនមួយសប្តាហ៍ដើម្បី «កាត់បន្ថយអំពើហិង្សា» ជាមួយពួកបះបោរហើយ «រហូតមកដល់ពេលនេះ មានស្ថានភាពល្អ»។
លោក Trump បាននិយាយទៅកាន់ក្រុមអ្នកកាសែតនៅក្នុងប្រទេសឥណ្ឌានៅទីបញ្ចប់នៃដំណើរទស្សនកិច្ចពីរថ្ងៃរបស់លោកកាលពីថ្ងៃអង្គារ ដោយលោកបានថ្លែងថាការផ្តើមគំនិតរកសន្តិភាពរបស់លោកក្នុងប្រទេសអាហ្វហ្គានីស្ថានមានការគាំទ្រទូលំទូលាយហើយ «មនុស្សគ្រប់គ្នាសប្បាយចិត្តអំពីការណ៍នេះ» ដោយរួមបញ្ចូលទាំងរដ្ឋាភិបាលក្រុង New Delhi ផងដែរ។
លោក Trump បាននិយាយអំពីកិច្ចឈប់បាញ់គ្នាបណ្តោះអាសន្ននិងលទ្ធភាពនៃការមានកិច្ចព្រមព្រៀងសន្តិភាពក្នុងពេលឆាប់ៗខាងមុខជាមួយរដ្ឋាភិបាលក្រុងតេរ៉ង់ ថា «យើងជិតមានកិច្ចព្រមព្រៀងហើយ។ យើងនឹងឃើញអ្វីដែលកំពុងកើតមាន។នៅពេលនេះមានរយៈពេលពីរថ្ងៃហើយដែលគ្មានអំពើហិង្សាឬមានអំពើហិង្សាតិចបំផុត ហើយយើងនឹងឃើញអ្វីដែលកើតមាន»។
កិច្ចព្រមព្រៀងកាត់បន្ថយការប្រយុទ្ធគ្នា៧ថ្ងៃ ដែលបានយល់ព្រមទៅវិញទៅមកបានចូលជាធរមានកាលពីថ្ងៃសៅរ៍ដោយកងកម្លាំងអាហ្វហ្គានីស្ថានគាំទ្រដោយសហរដ្ឋអាមេរិក និងពួកបះបោរបានសន្យាថា មិនធ្វើកិច្ចប្រតិបត្តិការវាយលុកទេ។
កិច្ចព្រៀងឈប់បាញ់គ្នានេះនឹងឡើងដល់កម្រិតខ្ពស់បំផុតនៅថ្ងៃទី២៩ ខែកុម្ភៈជាមួយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយរវាងសហរដ្ឋអាមេរិក និងក្រុមតាលីបង់នៅក្នុងប្រទេសកាតានៅតំបន់ឈូងសមុទ្រពែក។
កិច្ចព្រមព្រៀងនេះនឹងបញ្ចប់សង្គ្រាមយូរបំផុតរបស់ប្រទេសអាមេរិកដែលនៅពេលនេះចូលក្នុងឆ្នាំទី១៩ហើយ។ កិច្ចព្រមព្រៀងនេះក៏នាំឱ្យមានការដកថយជាលំដាប់ៗនូវក្រុមទាហានអាមេរិកាំងប្រមាណ១ម៉ឺន៣ពាន់នាក់ពីប្រទេសអាហ្វហ្គានីស្ថានផងដែរ៕