សហរដ្ឋអាមេរិកនិងក្រុមតាលីបង់ កំពុងចាប់ផ្តើមការចរចាសន្តិភាពលើកទី៨នៅថ្ងៃសៅរ៍នេះនៅក្នុងរដ្ឋធានីដូហានៃប្រទេសកាតា។
ក្រុមមន្រ្តី និយាយថា ការពិភាក្សានេះ មានសារៈសំខាន់បំផុតនៅក្នុងការចរចាសន្តិភាពដែលត្រូវបានធ្វើឡើងដើម្បីបញ្ចប់សង្គ្រាមរយៈពេល១៨ឆ្នាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
នៅដើមសប្តាហ៍នេះ លោក Suhail Shaheen ដែលបានថ្លែងឲ្យក្រុមតាលីបង់ បានប្រាប់ VOA ថា ភាគីទាំង២ បានខិតខំធ្វើការអស់រយៈពេលជិតមួយឆ្នាំហើយស្ទើរតែបញ្ចប់ពង្រាងអត្ថបទកិច្ចព្រមព្រៀងដែលយើង បានដោះស្រាយបញ្ហាសំខាន់ៗ។
លោក Shaheen និយាយថា អត្ថបទពង្រាងនោះ បានសង្កត់លើការព្រមព្រៀងទាំងសងខាងនូវគម្រោងពេលវេលាសម្រាប់កងទ័ពសហរដ្ឋអាមេរិកចាកចេញពីប្រទេសអាហ្វហ្គានីស្ថាននៅក្នុងការដោះដូរនឹងការធានារបស់ក្រុមតាលីបង់ថា ទឹកដីអាហ្វហ្គានីស្ថាន ជាពិសេសតំបន់នានានៅក្រោមការត្រួតត្រារបស់តាលីបង់ នឹងមិនក្លាយជាទីកន្លែងភេរវកម្ម។
ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសៅរ៍នេះ អង្គការសហប្រជាជាតិបានរាយការណ៍ពីចំនួនស្លាប់ដ៏ច្រើនរបស់ជនស៊ីវិលនៅក្នុងអាហ្វហ្គានីស្ថាននៅក្នុងខែកក្កដា។ អង្គការសហប្រជាជាតិ បានប្រាប់ឲ្យដឹងថា ជនស៊ីវិលជាង១ពាន់៥រយនាក់ បានស្លាប់និងរងរបួស ដែលជាចំនួនខ្ពស់បំផុតសម្រាប់រយៈពេលមួយខែចាប់តាំងពីខែឧសភា ឆ្នាំ២០១៧មក។ ការស្លាប់និងរបួសជនស៊ីវិលជាង៥០ភាគរយ បណ្តាលមកពីគ្រឿងផ្ទុះ។
លោក Tadamichi Yamamoto តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន បានមានប្រសាសន៍ថា៖ «នៅពេលដែលការខំប្រឹងប្រែងដើម្បីសន្តិភាពកាន់តែខ្លាំងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានការប្រយុទ្ធគ្នាកាន់តែច្រើនឡើង»៕