ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ថា សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន «មិន​ត្រូវការ​ដំណោះស្រាយ​បែប​យោធា‍» ទេ


នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Imran Khan ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​ដ៏​ធំ​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។

នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Imran Khan បាន​និយាយ​ថា នៅ​ក្នុង​ជំនួប​របស់​លោក​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ថ្ងៃ​ចន្ទ​នេះ លោក​នឹង​សង្កត់​ធ្ងន់​អំពី​ភាព​ចាំបាច់​នៅ​ក្នុង​ការ​មាន​ដំណោះស្រាយ​នយោបាយ​សម្រាប់​សង្គ្រាម​អូស​បន្លាយ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក Khan ដែល​កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៣ ថ្ងៃ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដើម្បី​ព្យាយាម​ដោះស្រាយ​ចំណង​ទាក់ទង​តឹងតែង​ទ្វេ​ភាគី បាន​លើក​ឡើង​ដូច​នេះ​ទៅ​កាន់​ពលរដ្ឋ​អាមេរិកាំង ដើម​កំណើត​ប៉ាគីស្ថាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ អស់​រយៈពេល​ជា​យូរ​មក​ហើយ លោក​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ប្រើ​កម្លាំង​យោធា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ។

លោក Khan និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​មាន​មោទនភាព​ដែល​ឥឡូវ​នេះ ពិភពលោក​ទាំង​មូល​មិន​គាំទ្រ​ដំណោះស្រាយ​បែប​យោធា​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន»។

មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​និយាយ​ថា លោក Trump នឹង​ជំរុញ​លោក Khan ឲ្យ​ជួយ​នៅ​ក្នុង​ដំណើរការ​សន្តិភាព​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និង​លើក​ទឹក​ចិត្ត​ឲ្យ​ប៉ាគីស្ថាន​បង្ក្រាប​ពួក​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​រៀបចំ​ការ​ចរចា​សន្តិភាព​ដោយ​ផ្ទាល់​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជាមួយ​នឹង​ពួក​បះបោរ​តាលីបង់ ដែល​កំពុង​វាយ​ប្រយុទ្ធ​ជាមួយ​នឹង​ទាហាន​អាហ្វហ្គានីស្ថាន និង​ទាហាន​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

ការ​ចរចា​រវាង​សហរដ្ឋ​អាមេរិក និង​ពួក​តាលីបង់​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​នេះ បាន​ធ្វើ​ឲ្យ​ភាគី​ទាំង​ពីរ​ឈាន​កាន់តែ​ជិត​ទៅ​ដល់​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG