តុលាការកំពូលសហរដ្ឋអាមេរិកបានចេញសេចក្តីសម្រេចកាលពីថ្ងៃអង្គារថា រដ្ឋបាលលោក Trump អាចពង្រឹងការរឹតត្បិតមិនឲ្យមនុស្សភេទទីបីចូលបម្រើការងារក្នុងវិស័យយោធា ខណៈតុលាការជាន់ទាបដែលនៅបន្តប្រឆាំងនឹងការសម្រេចនេះនៅឡើយ។
តុលាការកំពូលបានលុបចោលការសម្រេចរបស់តុលាការជាន់ទាបដែល បានរារាំងមិនឲ្យក្រសួងការពារប្រទេសអនុវត្តតាមបម្រាមរឹតត្បិតនេះ ប៉ុន្តែឥឡូវនេះក៏បានបដិសេធក្នុងការពិចារណាលើភាពស្របច្បាប់នៃការរក្សារទុកមនុស្សភេទទីបី មិនឲ្យធ្វើការនៅជួរកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិកផងដែរ។
កាលពីប៉ុន្មានឆ្នាំ កន្លងទៅទីបញ្ជាការប៉ងតាហ្គូនបានហាមឃាត់មិនឲ្យមនុស្សភេទទីបីចូលមប្រើ ការងារកងទ័ព ប៉ុន្តែរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក Barack Obamaបាន ប្រកាសថាមនុស្សភេទទីបីដែលបានចូលធ្វើជាកងទ័ពរួចហើយអាចប្រកាសបើក ចំហបាន និងបានដាក់ថ្ងៃបរិចេ្ឆទសម្រាប់ឲ្យក្រុមមនុស្សភេទទីបីអាចចុះឈ្មោះនៅក្នុងកងកម្លាំងប្រដាប់អាវុធបានទៀតផង។ ក៏ប៉ុន្តែរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានពិនិត្យគោលនយោបាយនេះឡើងវិញ និងបានស្នើឲ្យដាក់បម្រាមមិនឲ្យក្រុមមនុស្សភេទទីបីធ្វើការក្នុងវិស័យនេះ។
ការសម្រេចនេះនឹងអនុវត្តចំពោះ អ្នកដែលកំពុងបម្រើការងារក្នុងវិស័យកងទ័ព។ ក្រុមសិទិ្ធពលរដ្ឋនិងក្រុមមនុស្សភេទទីបីបានប្តឹងទៅតុលាការកាលពីឆ្នាំ២០១៧ ដើម្បីលុបចោលបម្រាមដែលចេញដោយរដ្ឋបាល លោក Trump ។ ប៉ុន្តែរដ្ឋបាល Trump និយាយថាបម្រាមនេះមានភាពចាំបាច់ពីព្រោះថាមានការរំខាននិងការចំណាយច្រើនលើផ្នែកវេជ្ជសាស្រ្តសម្រាប់បុគ្គលិកយោធាជាមនុស្សភេទទីបី៕