ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​នយោបាយ​អាមេរិក​ទាំង​ពីរ​នៅតែ​ខ្វែង​គំនិត​គ្នា ស្រប​ពេល​ការ​បិទ​រដ្ឋាភិបាល​ឈាន​ចូល​ដល់​ថ្ងៃ​ទី ៣១


លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ថ្លែង​អំពី​ការ​បិទ​រដ្ឋាភិបាល នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ថ្លែង​អំពី​ការ​បិទ​រដ្ឋាភិបាល នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។

ការ​បិទ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មួយ​ផ្នែក​បាន​ចូល​ដល់​ថ្ងៃ​ទី ៣១ ហើយ នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​កំពុង​រៀបចំ​ការ​បោះ​ឆ្នោត​លើ​សំណើ​មួយ ដែល​លោក​ប្រធានាធិបតី Donald Trump ហៅ​ថា​ជា​ការ​សម្របសម្រួល ហើយ​ក្រុម​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ហៅ​ថា​ជា​សំណើ​ដែល​បរាជ័យ​រួច​ទៅ​ហើយ។

គម្រោង​របស់​លោក Trump គឺ​នឹង​ផ្ដល់​ការ​ការពារ​រយៈពេល ៣ ឆ្នាំ មិន​ឲ្យ​មាន​ការ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក​នូវ​ជន​អន្តោប្រវេសន៍​រាប់​សែន​នាក់ ដែល​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​តាំង​ពី​នៅ​កុមារ ក៏​ដូចជា​ពន្យារ​ពេល​បន្ថែម​នូវ​ឋានៈ​ដែល​មាន​ការ​ការពារ​សម្រាប់​អ្នក​ដែល​រត់​គេច​ពី​ប្រទេស​កំណើត​ដោយសារ​អំពើ​ហិង្សា ឬ​ក៏​គ្រោះ​មហន្តរាយ​ធម្មជាតិ។ ជា​ថ្នូរ​នឹង​គម្រោង​នេះ លោក Trump ចង់​បាន​ថវិកា ៥ ពាន់ ៧ រយ​លាន​ដុល្លារ ដើម្បី​សាងសង់​ជញ្ជាំង​ព្រំដែន​ជាប់​ប្រទេស​ម៉ិកស៊ិក។

សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រឆាំង​នឹង​ការ​សាងសង់​ជញ្ជាំង​ព្រំដែន ដោយ​អះអាង​ថា វា​ជា​ដំណោះស្រាយ​សន្តិសុខ​គ្មាន​ប្រសិទ្ធភាព និង​ចំណាយ​ច្រើន។ គណបក្ស​ប្រជាធិបតេយ្យ​ចង់​ឲ្យ​លោក Trump និង​គណបក្ស​សាធារណរដ្ឋ​យល់ព្រម​បើក​រដ្ឋាភិបាល​ឡើង​វិញ​ជា​មុន​សិន មុន​នឹង​ពិភាក្សា​អំពី​គម្រោង​សន្តិសុខ​ព្រំដែន​ផ្សេង​ទៀត។

លោក Mitch McConnell មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា បាន​និយាយ​ថា លោក​គ្រោង​ដាក់​សំណើ​របស់​លោក Trump ឲ្យ​ព្រឹទ្ធសភា​បោះ​ឆ្នោត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ទោះបីជា​លោក​នឹង​ត្រូវការ​ការ​គាំទ្រ​ពី​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ដើម្បី​អនុម័ត​លើ​សំណើ​នេះ​ក៏​ដោយ។

ចំណែក​ឯ​នៅ​ខាង​រដ្ឋសភា​វិញ ប្រធាន​រដ្ឋសភា​លោកស្រី Nancy Pelosi ថា លោកស្រី​គ្រោង​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​សប្ដាហ៍​នេះ លើ​ការ​បន្ថែម​ចំនួន​ចៅក្រម​ផ្នែក​អន្តោប្រវេសន៍ និង​ថវិកា​ដើម្បី​ពិនិត្យ​លើ​រថយន្ត និង​គ្រឿង​ញៀន​នៅ​ឯ​ច្រក​ព្រំដែន៕

XS
SM
MD
LG