ពួកសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាស.រ.អា.បានចេញផ្សាយសំណើចំណាយមួយដែលអាចបញ្ចប់ការបិទផ្នែកខ្លះនៃរដ្ឋាភិបាលសហព័ន្ធ ដោយយកលំនាំតាមសេចក្តីស្នើមួយរបស់លោកប្រធានាធិបតី Donald Trump ដែលលោកបានហៅថាជា «ផែនការសម្របសម្រួល» មួយក៏ប៉ុន្តែពួកប្រជាធិបតេយ្យនិយាយថា វានឹងមិននាំឱ្យមានដំណោះស្រាយអ្វីទេ។
ផ្នែកសំខាន់បំផុតមានទាក់ទិននឹងនយោបាយគឺការផ្តល់ប្រាក់៥ពាន់៧រយលានដុល្លារដើម្បីកសាងជញ្ជាំងមួយនៅតាមបណ្តោយព្រំដែនរវាងស.រ.អា. និងប្រទេសម៉ិកស៊ិកដែលលោក Trump បាននិយាយចាប់តាំងពីពេលដែលលោកបានធ្វើការឃោសនាបោះឆ្នោតដើម្បីតំណែងប្រធានាធិបតីដោយលោកបានអះអាងថា ជាការចាំបាច់ដើម្បីបញ្ឈប់អន្តោប្រវេសន៍ខុសច្បាប់ និងលំហូរគ្រឿងញៀនឆ្លងកាត់ព្រំដែន។
ពួកប្រជាធិបតេយ្យបានតបតវិញថា ការកសាងជញ្ជាំងនាំឱ្យអស់ប្រាក់កាសច្រើនហើយជាវិធីគ្មានប្រសិទ្ធិភាពទេ ដើម្បីឱ្យសម្រេចគោលដៅទាំងនោះ។ ពួកប្រជាធិបតេយ្យបានស្នើចំណាយប្រាក់១ពាន់៣រយលានដុល្លារសម្រាប់ចាត់វិធានការឯទៀតៗដូចជាបន្ថែមពួកចៅក្រមអន្តោប្រវេសន៍និងបង្កើនបច្ចេកទេសខាងការត្រួតពិនិត្យនៅកន្លែងឆ្លងកាត់ព្រំដែន។ សភាតំណាងរាស្ត្រអាមេរិកាំងដឹកនាំដោយពួកប្រជាធិបតេយ្យបានអនុម័តសេចក្តីព្រាងច្បាប់មួយចំនួនដែលមានរួមបញ្ចូលសំណើទាំងនេះហើយគ្រោងនឹងធ្វើការបោះឆ្នោតថែមទៀតក្នុងសប្តាហ៍នេះ។
លោក Mitch McConnell មេដឹកនាំពួកភាគច្រើននៅក្នុងព្រឹទ្ធសភាស.រ.អា.គ្រោងនឹងរៀបចំការបោះឆ្នោតមួយអំពីសំណើរបស់ពួកសាធារណរដ្ឋក្នុងសប្តាហ៍នេះ។ ការបោះឆ្នោតនេះមិនទំនងជានឹងធ្វើនៅថ្ងៃអង្គារនេះទេ៕