ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជជែក​ដេញដោល​គ្នា​អំពី​គោលនយោបាយ​ការបរទេស​


រូបឯកសារ៖ បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យដែលបានចូលរួមក្នុងការជជែកដេញដោល។
រូបឯកសារ៖ បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យដែលបានចូលរួមក្នុងការជជែកដេញដោល។

​មាន​ការ​រិះគន់​យ៉ាង​ច្រើន​ទៅ​លើ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​ភាពតានតឹង​ក្នុង​ពេលថ្មីៗ​នេះ​រវាង​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់។

បេក្ខជនឈរឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជជែក​ដេញដោល​គ្នា​លើ​បញ្ហា​បញ្ហា​ជាច្រើន​នៅ​ក្នុង​ការ​ជជែក​ដេញដោល​គ្នា​របស់​ពួកគេ​កាល​ពី​ថ្ងៃ​អង្គារ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​មិន​ដល់​បី​សប្ដាហ៍​ផង មុន​ពេល​ដែល​ពលរដ្ឋ​នៅ​ក្នុង​រដ្ឋ Iowa ​បោះឆ្នោត​បឋម​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ​។ ការ​ជជែក​ដេញ​ដោលគ្នា​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុង Des Moines រដ្ឋ Iowa និង​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​បណ្ដាញ​ព័ត៌មាន CNN និង​កាសែត The Des Moines Register។

បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន​៦​នាក់​បាន​ជជែកដេញដោលគ្នា​លើ​បញ្ហា​ពាណិជ្ជកម្ម ការថែទាំសុខភាព និង​គោលនយោបាយ​ការបរទេស។

​មាន​ការ​រិះគន់​យ៉ាង​ច្រើន​ទៅ​លើ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​ភាពតានតឹង​ក្នុង​ពេលថ្មីៗ​នេះ​រវាង​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់។

បេក្ខជន​នាំមុខ​គេ លោក Joe Biden ដែល​ជា​អតីត​អនុប្រធានាធិបតី​ក្នុងរដ្ឋបាល​លោក អូបាម៉ា ថ្លែងថា៖ «យើង​បាន​បាត់បង់​ជំហរ​របស់​យើង​នៅ​ក្នុង​តំបន់​នោះ។ យើង​បាន​បាត់បង់​ការ​គាំទ្រ​ពី​ក្រុម​សម្ព័ន្ធមិត្ត​របស់​យើង‍។ ប្រធានាធិបតី​បន្ទាប់​ត្រូវ​តែជា​បុគ្គល​ម្នាក់​ដែល​អាច​បង្រួបបង្រួម​ក្រុម​សម្ព័ន្ធមិត្ត​ទាំង​នេះ​ឡើង​វិញ‍​បាន​»។

លោក Biden ត្រូវ​បាន​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Vermont វាយប្រហារ ចំពោះ​ការណ៍​ដែល​លោក​គាំទ្រ​សង្គ្រាមនៅ​អ៊ីរ៉ាក់។ ​ហើយ​លោក Sanders បាន​និយាយ​ថា លោក​ព្រួយបារម្ភ​ថា ការ​ប្រឈមមុខ​ជាមួយ​នឹង​អ៊ីរ៉ង់​អាច​កាន់​តែ​អាក្រក់​ជាង​នេះ​ទៀត។

លោក Sanders ថ្លែង​ថា៖ «ឥឡូវ​នេះ អ្វី​ដែល​ខ្ញុំ​ភ័យ​ខ្លាច​យ៉ាងខ្លាំង​គឺ​ថា យើង​មាន​ប្រធានាធិបតី​ម្នាក់​ដែល​កុហក​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​លោក​អាច​ទាញ​យើង​ឲ្យ​ធ្លាក់​នៅ​ក្នុង​សង្គ្រាម​មួយ​ដែល​កាន់​តែ​អាក្រក់​ជាង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ទៅ​ទៀត‍»។

លោក Pete Buttigieg ដែល​ជា​អតីត​អភិបាល​ក្រុង South Bend រដ្ឋ Indiana និង​ជា​អតីត​យុទ្ធជន​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ដូចគ្នា​នេះ។ ​

លោក Buttigieg និយាយ​ថា៖ «យើង​អាច​បន្ដ​ពាក់ព័ន្ធ​នៅ​ក្នុង​តំបន់​នោះ ដោយ​មិន​ចាំបាច់​ប្ដេជ្ញា​ថា​នឹង​ដាក់​បញ្ឈរ​ជើង​កងកម្លាំងផ្លូវ​គោក​របស់​យើង​នៅ​ទីនោះ​ជា​រៀង​រហូត។ ប៉ុន្តែ​អ្វី​ដែល​កំពុង​តែ​កើតឡើង​ក្នុង​ពេល​នេះ​គឺ​ថា លោក​ប្រធានាធិបតី​នឹង​បញ្ជូន​កងកម្លាំង​ទៅ​ទីនោះ​បន្ថែម​ទៀត‍»។

បេក្ខជន​មួយ​ចំនួន​ចង់​កាត់បន្ថយ​ចំនួន​កងកម្លាំង​សហរដ្ឋអាមេរិក​នៅ​តំបន់​មជ្ឈិមបូព៌ា។ អ្នកស្រី Elizabeth Warren សមាជិក​ព្រឹទ្ធសភា​តំណាងរដ្ឋ Massachusetts ថ្លែង​ថា ដល់​ពេល​ដែល​ត្រូវ​ដក​កងកម្លាំង​របស់​សហរដ្ឋអាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន​ហើយ។

អ្នកស្រី Warren និយាយ​ថា៖ «គ្មាន​នរណា​ម្នាក់​មាន​ដំណោះស្រាយ​ដើម្បី​បញ្ចប់​បញ្ហា​នេះ​ទេ។ យើង​ត្រូវ​តែ​ដក​កងកម្លាំង​ប្រយុទ្ធ​របស់​យើង​ត្រឡប់​មក​វិញ។ ពួកគេ​មិនជួយ​ឲ្យ​សហរដ្ឋអាមេរិក​ឬ​តំបន់នោះ​ទាំងមូល​មាន​សុវត្ថិភាព​ជាង​មុន​នោះ​ទេ‍»។ ​

សម្រាប់​លោក Tom Steyer ដែល​ជា​មហាសេដ្ឋី​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​និង​ជា​អ្នក​ដែល​ទើប​តែ​ប្រឡូក​ក្នុង​នយោបាយ​ថ្មីៗ​ថ្លែង​ថា ដល់​ពេលដែល​ត្រូវ​អនុវត្ត​វិធីសាស្ត្រថ្មី​មួយទៅ​លើ​សន្ដិសុខ​ជាតិ​ហើយ។ ​

លោក Steyer ថ្លែង​ថា៖ «វា​មិន​ស្ថិត​លើ​បទពិសោធន៍​ឡើយ។ វា​ស្ថិត​លើ​ការ​វិនិច្ឆ័យ។ ប្រសិន​បើ​អ្នក​បាន​ស្ដាប់​រឿង​នេះ​រហូត​មក អ្វី​ដែល​យើង​កំពុង​ឭ​នេះ​គឺ​ជា​កំហុស​រយៈពេល​២០​ឆ្នាំ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា‍»។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ក៏​បាន​ជជែក​ដេញ​ដោល​គ្នា​ដែរ​ទៅ​លើ​ថា​តើ​នរណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ មាន​លក្ខណៈ​សម្បត្តិ​ល្អ​បំផុត​ដើម្បី​អាច​ទៅ​ប្រកួត​យក​ជ័យជម្នះ​លើ​លោក​ប្រធានាធិបតី ត្រាំ នៅ​ក្នុង​ការ​បោះឆ្នោត​បាន។ ​

អ្នកស្រី Warren ព្យាយាម​លុប​បំបាត់​ការ​យល់​ឃើញ​ដែល​ថា បេក្ខជន​ជា​ស្ត្រី​គឺ​ជា​គុណវិបត្តិ​មួយ។

អ្នកស្រី Warren ថ្លែង​ថា៖ «តើ​បេក្ខជន​ស្ត្រី​អាច​យក​ជ័យជម្នះ​លើ​លោក​ ដូណាល់ ត្រាំ បាន​ដែរ​ឬ​ទេ? ក្រឡេក​មើល​ទៅ​បេក្ខជន​បុរស​នៅ​លើ​ឆាក​នេះ។ ពួកគេ​ទាំង​អស់​សរុប​ចូលគ្នា​បាន​ចាញ់​ការ​បោះឆ្នោត​ចំនួន​១០​ដង​រួច​មក​ហើយ។ បេក្ខជន​នៅ​លើ​ឆាក​នេះ​ដែល​បាន​ឈ្នះ​រាល់​ការ​បោះឆ្នោត​ដែល​ពួកគេ​ចូលរួម​ប្រកួតប្រជែង​គឺ​ជា​ស្ត្រី។ នោះ​គឺអ្នកស្រី Amy Klobuchar និង​ខ្លួន​ខ្ញុំ​ផ្ទាល់‍»។

នេះ​គឺ​ជា​ការ​ជជែក​ដេញដោល​គ្នា​លើក​ចុងក្រោយ​បង្អស់​ មុន​ពេល​ដែល​អ្នក​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Iowa ចេញ​ទៅ​បោះឆ្នោត​បឋម​នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ​ខាង​មុខ​នេះ ដើម្បី​ចាប់​ផ្ដើម​ដំណើរការ​ជ្រើសរើស​បេក្ខជន​ម្នាក់​ដែល​តែងតាំង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ទៅ​ប្រកួត​ជាមួយ​នឹង​លោក​ប្រធានាធិបតី ត្រាំ នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG