ភាពជាប់គាំងរបស់តុលាការកំពូលសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឲ្យខកខានផែនការរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ាដើម្បីពន្យារពេលការនិរទេសខ្លួនជនអន្តោប្រវេសន៍រាប់លាននាក់ដែលគ្មានឯកសារត្រឹមត្រូវតាមច្បាប់។
ការសម្រេចដោយសំឡេងឆ្នោត៤ទល់នឹង៤នៅក្នុងការសម្រេចរបស់សភាជាន់ទាបដែលបានច្រានចោលការស្វះស្វែងរបស់លោកប្រធានាធិបតីអូបាម៉ាដើម្បីកំណត់គោលនយោបាយអន្តោប្រវេសន៍ថ្មីដោយបទបញ្ជារបស់ប្រធានាធិបតីបន្ទាប់ពីសភាមិនបានអនុម័តការកែប្រែអន្តោប្រវេសន៍ដ៏ធំទូលាយ។
លោកប្រធានាធិបតី បានហៅការសម្រេចនេះថា «ជាការខកចិត្ត» សម្រាប់ជនអន្តោប្រវេសន៍ដែលនឹងមិនអាចចេញពីស្រមោលដើម្បីចូលរួមចំណែកដល់ប្រទេសនេះក្នុងមធ្យោបាយប្រកបដោយអត្ថន័យ»។ ក៏ប៉ុន្តែ លោកប្រធានាធិបតី មានប្រសាសន៍ទៀតថា នឹងមិនមានការបង្ខំឲ្យនិរទេសជនអន្តោប្រវេសន៍ដែលគោរពច្បាប់ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកទេ ទោះជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចនេះ ទុកឲ្យវត្តមានរបស់ពួកគេនៅក្នុងប្រទេសនេះស្ថិតក្នុងភាពស្រពិចស្រពិល។
ដូចកាលពីពេលមុនដែរ លោកប្រធានាធិបតី អូបាម៉ា បានថ្កោលទោសពួកគណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាចំពោះការបដិសេធពុំព្រមពិចារណាការតែងតាំងលោក Merrick Garland ចៅក្រមតុលាការសាលាឧទ្ធរណ៍របស់សហព័ន្ធដើម្បីបំពេញអាសនៈនៅទំនេររបស់តុលាការដោយការស្លាប់ចៅក្រម Antonia Scalia កាលពីដើមឆ្នាំនេះ។ ពួកសមាជិកសភា និយាយថា អាសនៈនេះ ត្រូវតែបំពេញដោយប្រធានាធិបតីថ្មីរបស់អាមេរិក បន្ទាប់ពីប្រធានាធិបតី អូបាម៉ាចាកចេញពីតំណែងនៅខែមករាឆ្នាំក្រោយ។
រដ្ឋតិចសាសនិងរដ្ឋ២៥ផ្សេងទៀត បានប្តឹងរដ្ឋបាលរបស់លោកអូបាម៉ាអំពីផែនការអន្តោប្រវេសន៍របស់លោកនេះ ដោយជជែកឲ្យហេតុផលថា វា ជាការខុសរដ្ឋធម្មនុញ្ញពីព្រោះតែវា ប៉ះពាល់ដល់ច្បាប់អន្តោប្រវេសន៍សហព័ន្ធនាពេលបច្ចុប្បនេះ។ ទោះជាយ៉ាងនោះក៏ដោយ រដ្ឋបាលលោកអូបាម៉ា បានជជែកឲ្យហេតុផលថា រដ្ឋនានា មិនអាចប្តឹងបានទេ ពីព្រោះតែច្បាប់អន្តោប្រវេសន៍ ស្ថិតនៅក្រោមរដ្ឋាភិបាលសហព័ន្ធ៕