តុលាការកំពូលសហរដ្ឋអាមេរិក បានសម្រេចជាឯកច្ឆ័ននៅថ្ងៃចន្ទម្សិលមិញ ឱ្យអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អាចមានឈ្មោះលើសន្លឹកឆ្នោតក្នុងរដ្ឋ Colorado ក្នុងការបោះឆ្នោតឆ្នាំ២០២៤ ដែលជាការផ្តល់ជ័យជម្នះដ៏សំខាន់មួយ ដល់បេក្ខជនប្រធានាធិបតីនាំមុខនៃគណបក្សសាធារណរដ្ឋរូបនេះ គឺមួយថ្ងៃមុនការបោះឆ្នោត Super Tuesday ដែលមានរដ្ឋចំនួន១៥របស់សហរដ្ឋអាមេរិក រៀបចំការបោះឆ្នោតបឋម។
សាលដីការរបស់តុលាការកំពូលសហរដ្ឋអាមេរិកបានបដិសេធការសម្រេចរបស់តុលាការកំពូលរដ្ឋ Colorado ដែលថា លោក Trump មិនមានសិទ្ធិឈរឈ្មោះនៅលើសន្លឹកឆ្នោតរបស់រដ្ឋនេះទេ ដោយសារតែលោកបានជួយឱ្យមានអំពើចលាចលក្នុងកុប្បកម្មវាយប្រហារវិមានសភាអាមេរិកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដែលអ្នករិះគន់លោក Trump ខ្លះថា ជាការរំលោភបំពានលើប្រការរដ្ឋធម្មនុញ្ញអាមេរិក ដែលបានហាមប្រាមមិនឱ្យអ្នកបះបោរអាចឈរឈ្មោះបោះឆ្នោត។
ក្នុងព្រឹត្តិការណ៍កាលពីថ្ងៃទី៦ខែមករា ឆ្នាំ២០២១ បន្ទាប់ពីលោក Trump បានប្រាប់ក្រុមអ្នកគាំទ្រលោកថា «ត្រូវតែប្រយុទ្ធដល់ទីបំផុត» នៅក្នុងការជួបជុំមួយក្បែរសេតវិមាន ក្រុមអ្នកគាំទ្ររបស់លោករាប់រយនាក់ បាននាំគ្នាសម្រុកទៅកាន់វិមានសភាអាមេរិក និងចូលលុកលុយកន្លែងធ្វើការរបស់សមាជិកសភា ព្រមទាំងវាយតប់ជាមួយក្រុមប៉ូលិស ដោយពួកគេព្យាយាមដើម្បីរារាំងកុំឱ្យសភាអាមេរិក ផ្តល់សេចក្តីអនុម័តយល់ព្រម ដែលថាលោក Trump ពិតជាបានចាញ់ការបោះឆ្នោតប្រធានាធិបតី ទៅលើលោក Joe Biden នៃគណបក្សប្រជាធិបតេយ្យពិតប្រាកដមែន។
ប៉ុន្តែចៅក្រុមតុលាការកំពូលអាមេរិកទាំង៩រូប នៅក្នុងសាលដីការសម្រេចដែលមាន១៣ទំព័រ កាលពីថ្ងៃម្សិលមិញបាននិយាយថា រដ្ឋធម្មនុញសហរដ្ឋអាមេរិក មិនបានអនុញ្ញាតឱ្យរដ្ឋមួយ អាចដកសិទ្ធិឈរឈ្មោះនៃបេក្ខជនប្រធានាធិបតីអាមេរិកណាមួយ ចេញពីការឈរឈ្មោះបោះឆ្នោតថ្នាក់ជាតិឡើយ។
តុលាការកំពូលអាមេរិកបន្តទៀតថា មានតែសភាអាមេរិកតែប៉ុណ្ណោះ ដែលមានអំណាចធ្វើដូច្នេះបាន មិនមែនរដ្ឋណាមួយក្នុងចំណោមរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិកអាចធ្វើដូចនេះបានឡើយ។ តុលាការកំពូលសហរដ្ឋអាមេរិកក៏បានព្រមានផងដែរថា វាអាចបង្កើតឱ្យមានអំពើចលាចលខ្លាំងក្លា ប្រសិនបើបេក្ខជនណាមួយ ដែលនឹងត្រូវឈរឈ្មោះប្រកួតប្រជែងថ្នាក់ជាតិ ត្រូវបានប្រកាសថាគ្មានសិទ្ធិក្នុងការឈរឈ្មោះក្នុងរដ្ឋមួយចំនួន ហើយរដ្ឋខ្លះទៀតថាអាចឈរឈ្មោះបាន ដោយសារតែសកម្មភាពណាមួយរបស់បេក្ខជននោះ។
លោក Trump បានសរសេរតាមបណ្តាញសង្គមថា៖ «ជ័យជម្នះដ៏ធំសម្រាប់អាមេរិក»៕
វេទិកាបញ្ចេញមតិ