ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានឈ្នះការបោះឆ្នោតបឋមក្នុងគណបក្សរៀងៗខ្លួននៅក្នុងរដ្ឋ Michigan កាលពីថ្ងៃអង្គារ។
នៅមុនការបោះឆ្នោតនេះ លោកទាំងពីរត្រូវគេរំពឹងថានឹងឈ្នះនៅក្នុងគណបក្សរៀងៗខ្លួន ប៉ុន្តែ កម្រិតខុសគ្នានៃជ័យជម្នះដែលគេរំពឹងទុករបស់លោកទាំងពីរនេះនឹងត្រូវគេតាមដានយ៉ាងយកចិត្តទុកដាក់នៅមុនការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខ ដែលលោកទាំងពីរអាចនឹងតទល់គ្នាម្ដងទៀតដូចការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ ២០២០។
ដោយសន្លឹកឆ្នោតស្ទើរតែទាំងអស់ត្រូវបានរាប់នៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យនៅព្រឹកថ្ងៃពុធនេះ លោក Biden បាននាំមុខបេក្ខជនដទៃនៅក្នុងគណបក្សរបស់លោកដោយទទួលបានសំឡេងគាំទ្រ ៨១% ចំណែកឯសំឡេងឆ្នោតចំនួន ១៣% ទៀតគឺមិនបានជ្រើសយកបេក្ខជនណាទាំងអស់។
រដ្ឋ Michigan គឺជារដ្ឋដែលមានពលរដ្ឋអាមេរិកាំងដើមកំណើតអារ៉ាប់ច្រើនជាងគេបំផុតនៅក្នុងសហរដ្ឋអាមេរិក ហើយការប្រឆាំងនឹងការគាំទ្ររបស់រដ្ឋបាលលោក Biden លើសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា (Gaza) បានធ្វើឱ្យសមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួនអំពាវនាវឱ្យអ្នកបោះឆ្នោតកុំជ្រើសយកបេក្ខជនណាទាំងអស់នៅក្នុងការបោះឆ្នោតបឋមនៅក្នុងរដ្ឋនេះ។
នៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅរដ្ឋ Michigan នេះវិញ លោក Trump ទទួលបានសំឡេងគាំទ្រចំនួន ៦៨% រីឯអតីតអភិបាលរដ្ឋ South Carolina អ្នកស្រី Nikki Haley វិញទទួលបានសំឡេងគាំទ្រប្រហែល ២៧% នៅពេលដែលសន្លឹកឆ្នោតស្ទើរតែទាំងអស់ត្រូវបានរាប់នៅព្រឹកថ្ងៃពុធនេះ។
លោក Trump បានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅក្នុងរដ្ឋប្រជែងគ្នាខ្លាំងក្លាផ្នែកនយោបាយនេះកាលពីឆ្នាំ ២០១៦ ប៉ុន្តែលោក Biden បានយកឈ្នះលើលោកវិញនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ដោយធ្វើឱ្យលោក Trump ចាញ់ការបោះឆ្នោតប្រធានាធិបតីនៅអាណត្តិទីពីរនៅពេលនោះ។
អ្នកស្រី Haley នៅតែបន្តប្រកួតប្រជែងនៅក្នុងការបោះឆ្នោតបឋមនេះ ទោះបីជាអ្នកស្រីមិនបានឈ្នះការបោះឆ្នោតបឋមនៅក្នុងរដ្ឋណាមួយកន្លងមកក៏ដោយ។ អ្នកស្រីបានអះអាងថា ពលរដ្ឋអាមេរិកាំងមិនចង់ឃើញលោក Biden និងលោក Trump តទល់គ្នាម្ដងទៀតនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះទេ ហើយប្រសិនបើរឿងនេះកើតឡើងមែន លោក Trump នឹងចាញ់លោក Biden ជាលើកទីពីរ។
អ្នកស្រី Haley បាននិយាយថា អ្នកស្រីនឹងបន្តប្រកួតប្រជែងយ៉ាងហោចណាស់ក៏ដល់ការបោះឆ្នោតបឋមក្នុងរដ្ឋជាច្រើនក្នុងថ្ងៃតែមួយដែលហៅថា Super Tuesday នៅថ្ងៃទី ៥ ខែមីនាខាងមុខនេះដែរ ដែលនៅពេលនោះការបោះឆ្នោតនេះនឹងធ្វើឡើងនៅក្នុងរដ្ឋចំនួន ១៥ និងដែនដីអាមេរិកចំនួន ២ ហើយមានប្រតិភូ ចំនួន១ ភាគ ៣ នៃប្រតិភូសរុបសម្រាប់គណបក្សសាធារណរដ្ឋ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។
វេទិកាបញ្ចេញមតិ