បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ អ្នកស្រី Nikki Haley និយាយថា វាមិនទាន់ដល់ពេលត្រូវចប់ឡើយ បើទោះបីជាអតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានឈ្នះការបោះឆ្នោតបឋមរបស់គណបក្សនេះក្នុងរដ្ឋ South Carolina ដែលជារដ្ឋកំណើតរបស់អ្នកស្រី Haley ដោយងាយស្រួល ដែលអ្នកស្រីធ្លាប់លើកឡើងថា វានឹងបង្ហាញពីការប្រកួតប្រជែងដ៏ស្វិតស្វាញមួយជាមួយអតីតប្រធានាធិបតីរូបនេះក្តី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ដោយមិនស្តាប់ការអំពាវនាវរបស់ក្រុមសាធារណរដ្ឋក្នុងរដ្ឋ South Carolina ដើម្បីឱ្យអ្នកស្រីបញ្ឈប់ការប្រកួតប្រជែង អ្នកស្រី Haley បានធ្វើដំណើរទៅកាន់រដ្ឋ Michigan កាលពីថ្ងៃអាទិត្យ ដែលនឹងត្រូវធ្វើការបោះឆ្នោតបឋមនៅថ្ងៃអង្គារស្អែកនេះ និងបាននិយាយជាមួយអ្នកគាំទ្រជាច្រើនរយនាក់នៅក្នុងសាលប្រជុំមួយក្នុងសណ្ឋាគារមួយកន្លែង។
ក្នុងរយៈពេលតិចជាង ២៤ ម៉ោង ក្រោយពីចាញ់លោក Trump ក្នុងការបោះឆ្នោតបឋមកាលពីយប់ថ្ងៃសៅរ៍ក្នុងរដ្ឋ South Carolina មក ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់អ្នកស្រី Haley និយាយថា អ្នកស្រីរៃអង្គាសប្រាក់បាន ១ លានដុល្លារ ពីអ្នកគាំទ្រក្នុងមូលដ្ឋានតែប៉ុណ្ណោះ ដែលជាការកើនឡើង ដែលក្រុមយុទ្ធនាការលើកហេតុផលពីការស្ថិតក្នុងការប្រកួតប្រជែង និងការណ៍ដែលអ្នកស្រីបានអំពាវនាវដល់ស្រទាប់សាធារណជនអាមេរិកជាច្រើន។
ប៉ុន្តែកាលពីថ្ងៃអាទិត្យ អង្គការ Americans for Prosperity ដែលជាអង្គការនយោបាយដែលមានឥទ្ធិពលខ្លាំងលើបណ្តាញអភិរក្សនិយម បានបញ្ចប់ការគាំទ្ររបស់ខ្លួនលើយុទ្ធនាការរបស់ស្រី Haley ៕
វេទិកាបញ្ចេញមតិ