លោក Wayne LaPierre បានចាយលុយរាប់លានដុល្លាររបស់សមាគមជាតិកាំភ្លើងវែង (NRA) របស់សហរដ្ឋអាមេរិក ដោយមិនត្រឹមត្រូវ ក្នុងអំឡុងពេលលោកដឹកនាំសមាគមតស៊ូមតិរឿងកាំភ្លើងនេះរាប់ទសវត្សរ៍កន្លងមក ដោយលោកបានប្រើប្រាស់ថវិកាទាំងនោះដើម្បីចំណាយលើជីវិតរស់នៅបែបហ៊ឺហាដែលរួមទាំងដំណើរកម្សាន្តទៅបរទេសនិងដំណើរកម្សាន្តតាមយន្តហោះឯកជននិងនាវាកម្សាន្តទំនើបផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ដែលយោងលើការសម្រេចរបស់គណៈវិនិច្ឆ័យតុលាការរដ្ឋ New York កាលពីថ្ងៃទី ២៣ ខែកុម្ភៈ។
គណៈវិនិច្ឆ័យតុលាការបានបញ្ជាឱ្យលោក LaPierre អាយុ ៧៤ ឆ្នាំ សងថវិកាសមាគម NRA នេះចំនួន ៤.៣៥១.២៣១ ដុល្លារ។ គណៈវិនិច្ឆ័យតុលាការនេះក៏បានបញ្ជាផងដែរឱ្យលោក Wilson Phillips ប្រធានផ្នែកហិរញ្ញវត្ថុដែលចូលនិវត្តន៍របស់សមាគមនេះ សងសមាគមនេះចំនួន ២ លានដុល្លារ។
គណៈវិនិច្ឆ័យតុលាការក៏បានរកឃើញផងដែរថា សមាគម NRA បានលុបចោលឬក៏បង្ហាញមិនត្រឹមត្រូវនូវព័ត៌មានក្នុងការប្រកាសពន្ធលើប្រាក់ចំណូលរបស់ខ្លួន និងបានរំលោភលើច្បាប់រដ្ឋ New York ដោយការមិនអនុវត្តគោលនយោបាយទាក់ទិននឹងអ្នកលួចផ្ដល់ព័ត៌មានអំពីអំពើខុសច្បាប់នានា។
លោក LaPierre បានអង្គុយធ្មឹងនៅកៅអីជួរមុខនៃសវនាការតុលាការនៅពេលដែលតុលាការប្រកាសសាលក្រម។
សាលក្រមនេះគឺជាជ័យជម្នះសម្រាប់អគ្គរដ្ឋអាជ្ញារដ្ឋ New York អ្នកស្រី Letitia James ដែលមកពីគណបក្សប្រជាធិបតេយ្យដែលធ្វើយុទ្ធនាការស៊ើបអង្កេតលើឋានៈមិនរកប្រាក់កម្រៃរបស់សមាគម NRA នេះ។
អ្នកស្រី James បានបញ្ជាក់នៅក្នុងសារមួយដែលបង្ហោះនៅលើបណ្ដាញសង្គមអនឡាញ X ថា៖ «នៅក្នុងរដ្ឋ New York អ្នកមិនអាចរត់គេចពីអំពើពុករលួយនិងភាពលោភលន់បានទេ មិនថាអ្នកគិតថាខ្លួនឯងមានអំណាចឬឥទ្ធិពលប៉ុណ្ណាឡើយ។ មនុស្សគ្រប់គ្នាទាំងអស់ សូម្បីតែសមាគម NRA និងលោក Wayne LaPierre ក៏ដោយ ក៏ត្រូវតែធ្វើតាមច្បាប់ដូចគ្នាទាំងអស់»។
បរាជ័យរបស់លោក LaPierre នៅក្នុងបណ្ដឹងតុលាការនេះគឺជាបញ្ហាប៉ះពាល់ថ្មីចុងក្រោយបង្អស់ចំពោះក្រុមមនុស្សមានឥទ្ធិពល ដែលក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះបានប្រឈមនឹងបញ្ហាក្ដីក្ដាំផ្នែកហិរញ្ញវត្ថុនិងការចុះថយចំនួនសមាជិក។
លោក LaPierre បានប្រកាសលាលែងពីតំណែងជានាយកប្រតិបត្តិសមាគម NRA នៅមុនសវនាការតុលាការនេះបានចាប់ផ្ដើម។
បន្ទាប់ពីបានរាយការណ៍អំពីការខាតបង់ថវិកាចំនួន ៣៦ លានដុល្លារនៅក្នុងឆ្នាំ ២០១៨ ដែលភាគច្រើនដោយសារការចំណាយមិនត្រឹមត្រូវមក សមាគម NRA បានកាត់បន្ថយថវិកាចំណាយលើកម្មវិធីស្នូលជាយូរមកហើយមួយចំនួនរបស់បេសកកម្មសមាគមនេះ ដែលក្នុងនោះរួមមានទាំងកម្មវិធីបណ្ដុះបណ្ដាលនិងអប់រំ កម្មវិធីបាញ់កាំភ្លើងកម្សាន្ត និងកម្មវិធីពង្រឹងការអនុវត្តច្បាប់ផងដែរ។
នៅក្នុងឆ្នាំ ២០២១ សមាគមនេះបានដាក់ពាក្យក្ស័យធននិងមានបំណងផ្ទេរទៅរដ្ឋ Texas ជាជាងនៅរដ្ឋ New York ប៉ុន្តែចៅក្រមបានច្រានចោលសំណើនេះដោយនិយាយថាការធ្វើដូច្នេះជាការប៉ុនប៉ងដើម្បីបញ្ចៀសបណ្ដឹងរបស់អ្នកស្រីអគ្គរដ្ឋអាជ្ញា James។
ទោះបីជាមានបញ្ហាទាំងនេះក្ដី ក៏សមាគម NRA នៅតែជាកម្លាំងនយោបាយមួយនៅក្នុងចំណោមបេក្ខជនប្រកួតប្រជែងដើម្បីបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋដែលបានបង្ហាញវត្តមាននៅក្នុងសន្និបាតប្រចាំឆ្នាំរបស់គណបក្សសាធារណរដ្ឋកាលពីឆ្នាំមុន ហើយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយរបស់សមាគម NRA នេះកាលពីដើមខែនេះ ដែលជាការថ្លែងលើកទី ៨ របស់លោកទៅកាន់សមាគមនេះ៕
វេទិកាបញ្ចេញមតិ