ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

និស្សិត​អាមេរិក​ដែល​បាន​ដោះ​លែង​ពី​ប្រទេស​កូរ៉េខាង​ជើង​បាន​ទទួល​មរណភាព


លោក Fred Warmbier ដែល​ជា​ឳពុក​របស់​លោក Otto Warmbier ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។

លោក Otto Warmbier និស្សិត​មហា​វិទ្យាល័យ​អាមេរិក​ដែលត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង​កាល​ពី​ជិត​មួយ​ឆ្នាំ​កន្លះ​មុន​បាន​ស្លាប់ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុម​គ្រួសារ​លោក​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ។

លោក Warmbier ​បាន​វិល​ត្រឡប់​មកកាន់​សហរដ្ឋ​អាមេរិក​វិញ​កាល​ពី​សប្តាហ៍​មុន​ដោយ​មាន​ជំងឺ​ភ្លឹក។ ពួក​វេជ្ជបណ្ឌិត​នៅ​ទី​ក្រុង Cincinnati នៃ​រដ្ឋ Ohio ដែល​ជាទីក្រុងកំណើត​របស់​លោក​បាន​និយាយថា និស្សិត​ដែល​មាន​អាយុ​២២​ឆ្នាំ​រូប​នោះ ​បាន​ទទួល​រងគ្រោះ​ដោយ​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ខួរ​ក្បាល​ខណៈ​នៅ​ក្នុង​ប្រ​ទេស​កូរ៉េខាង​ជើង ​ក៏ប៉ុន្តែ ​គេ​មិនដឹង​ច្បាស់​ពី​មូលហេតុ​អ្វី​ទេ។

កូរ៉េខាង​ជើង​បាន​ប្រាប់​ឲ្យ​ដឹងថា ​លោក Warmbier ​បាន​ធ្លាក់​ខ្លួន​ទៅ​ជា​ភ្លឹក​ភ្លាមៗ​បន្ទាប់​ពី​លោក​ត្រូវ​បានកាត់​ទោស​កាល​ពី​ខែ​មីនា​ឆ្នាំ​ទៅ​ពី​បទ​លួច​ខិត្តប័ណ្ណនយោបាយ​ពី​សណ្ឋាគារ​មួយ​នៅ​កូរ៉េខាង​ជើង។ ​រដ្ឋាភិបាល​បាន​អះអាង​ថា យុវជនក្មេង​នោះ ​បាន​ធ្លាក់​ខ្លួន​ទៅ​ជាភ្លឹក​បន្ទាប់​ពីការ​ពុល​អាហារ​ហើយ​ត្រូវ​បាន​គេ​ឲ្យលេបថ្នាំ​ងងុយ​ដេក។

ក៏ប៉ុន្តែ ​ក្រុម​គ្រួសារ​របស់ Warmbier បាន​អះអាង​ម្តងហើយ​ម្តងទៀត​ថា កូរ៉េ​ខាង​ជើង​បាន​ធ្វើ​បាប Otto។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​បានចូល​រួម​រំលែក​ទុក​កាល​ពី​ថ្ងៃ​ច័ន្ទ​ដល់​ក្រុម​គ្រួសារ។លោក​ប្រធានា​ធិបតី​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​លាយ​លក្ខណ៍​អក្ស​រថា «មិន​មាន​សោកនាដកម្ម​អ្វី​សម្រាប់​ឪពុក​ម្តាយ​ជាង​ការបាត់​បង់​កូន​របស់​របស់​ខ្លួន​ទេ‍»។ លោក​ប្រធានា​ធិបតីត្រាំ​បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​ស្លាប់​នោះ​បាន​ធ្វើ​ឲ្យ​មានការ​តាំង​ចិត្ត​ដើម្បី​រារាំង​សោកនាដកម្ម​នោះ​នៅ​ថ្ងៃ​អនាគត​នៅ​ក្នុង​កណ្តាប់​ដៃ​របប​ដែល​មិន​គោរព​នីតិរដ្ឋ​ ឬ​មូលដ្ឋាន​នៃ​សិទ្ធិ​មនុស្ស​នោះ៕

XS
SM
MD
LG