ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​រដ្ឋាភិបាល​ការពារ​វិស័យ​អប់រំ​តាម​រយៈ​សិស្ស​ម្នាក់​បាន​អាហារូបករណ៍​ពី​សាលា​ល្បី​មួយ​​នៅ​បារាំង​​​


ក្រុមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់កម្ពុជា​ បានលើកទឹកចិត្ត​និងកោតសរសើរដល់យុវជន នូ​ សុីធា ដែលបានប្រឡងជាប់ទៅសិក្សានៅសាលាបច្ចេកទេស​ដ៏ល្បីនៅប្រទេសបារាំង « Ecole Polytechnique»​ ក្នុង​ពិធី​មួយ​ក្នុងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ២០១៦។​ យុវជន នូ សុីធា គឺជានិស្សិតនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា ឬសាលាតិចណូ និងមកពីគ្រួសារក្រីក្រមួយក្នុងខេត្តសៀមរាប។ (ហ៊ាន​ សុជាតា/​ VOA)
ក្រុមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់កម្ពុជា​ បានលើកទឹកចិត្ត​និងកោតសរសើរដល់យុវជន នូ​ សុីធា ដែលបានប្រឡងជាប់ទៅសិក្សានៅសាលាបច្ចេកទេស​ដ៏ល្បីនៅប្រទេសបារាំង « Ecole Polytechnique»​ ក្នុង​ពិធី​មួយ​ក្នុងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ២០១៦។​ យុវជន នូ សុីធា គឺជានិស្សិតនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា ឬសាលាតិចណូ និងមកពីគ្រួសារក្រីក្រមួយក្នុងខេត្តសៀមរាប។ (ហ៊ាន​ សុជាតា/​ VOA)

កន្លង​មក​ គុណភាព​​អប់រំ​នៅ​កម្ពុជា​រង​ការ​រិះ​គន់​ជា​បន្ត​បន្ទាប់​ថា​ មិន​ត្រូវ​បាន​​អន្តរជាតិ​ទទួល​ស្គាល់។

ក្រុម​មន្ត្រីរដ្ឋាភិបាល​កម្ពុជា​ជាន់​ខ្ពស់​ នៅ​ថ្ងៃ​អង្គារ​នេះ​ បានអបអរសាទរ​ និង​លើក​ទឹក​ចិត្ត​ដល់​យុវជន​មួយ​រូប​ ដែល​បានប្រឡងជាប់​ទៅ​សិក្សា​ជំនាញ​អគ្គិសនី​ និង​ថាមពលនៅ​សាលា​បច្ចេកទេស​ដ៏​ល្បី​នៅ​ប្រទេស​បារាំង​ឈ្មោះ ​«Ecole Polytechnique»។​ ការ​ទទួល​បាន​អាហារូបករណ៍​ដ៏​កម្រ​របស់​យុវជន​កម្ពុជា​ឈ្មោះ​ នូ ស៊ីធា​ វ័យ​២១​ឆ្នាំ​រូបនេះបាន​ធ្វើ​ឲ្យ​លោកហោ ណាំហុង​ ឧបនាយក​រដ្ឋមន្ត្រី និង​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បង្ហាញ​ការ​គាំទ្រ​ និង​ជំរុញ​ឲ្យ​យុវជន​កម្ពុជា​ផ្សេង​ទៀត​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ។​

សាលា​ Ecole ​Polytechnique​ គឺ​ជា​សាលា​ពហុ​បច្ចេកទេសដ៏​ល្បី​ល្បាញ​បំផុត​នៅ​ប្រទេស​បារាំង​សម្រាប់ការ​បណ្តុះបណ្តាល​ជាន់​ខ្ពស់​ផ្នែក​វិស្វកម្ម ​និង​វិទ្យា​សាស្ត្រ​ សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស។​ សាលា​នេះ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៧៩៤​ ​នៅ​ក្រុង​ប៉ារីស ​និង​មាន​អ្នកប្រាជ្ញ​ល្បីៗ​ផ្នែក​ គណិតវិទ្យា​ រូបវិទ្យា ​គីមីវិទ្យា ​និង​វិទ្យាសាស្រ្ត​វិស្វកម្ម​ជា​ច្រើន​បានបញ្ចប់​ការ​សិក្សា​ពី​សាលា​នេះ។

ថ្លែង​មក​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​និស្សិត​ឈ្មោះ​នូ ស៊ីធា​ នា​ព្រឹក​ថ្ងៃ​អង្គារនេះ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី លោកហោ ណាំហុង ​ឧបនាយក​រដ្ឋមន្ត្រី ​បាន​លើក​ឡើង​ថា​ ការ​ទទួល​បាន​អាហារូបករណ៍​ពី​សាលា​ល្បី​របស់​ប្រទេស​បារាំង​នេះ​បង្ហាញ​ថា​ការ​អប់រំ​នៅ​កម្ពុជា​មិនមែន​អន់ខ្សោយដូចការ​លើកឡើង​របស់​អ្នក​នយោបាយ​ខ្លះ​នោះ​ទេ។

«អត្ថន័យ​ថា ​យុវជន​យើង​ដែល​មក​ពី​ជនបទ​ដែល​មាន​គ្រួសារ​មិន​មាន​ធនធាន​ច្រើន​ទេ។​ ទី១​ ឃើញ​ថា ​ការ​ខិត​ខំ​តស៊ូ​ផ្ទាល់​របស់​ក្មួយ​នូ ស៊ីធា។ ​ទី២​ ​ក្មួយ​ នូ ស៊ីធា ជាប់​ទៅ​សាលា​ Ecole ​Polytechnique​ ​ ជា​សាលា​ធំ​លេខ​មួយ​របស់​បារាំង​នេះ គឺ​ជា​និមិត្តរូប​ការ​តស៊ូ​របស់​យុវជន​យើង​ ជា​និមិត្តរូប​នៃ​ការ​កសាង​ទៅ​អនាគត​ជា​ការ​បន្ត​វេន​កសាង​ប្រទេស​យើង​ទៅ​អនាគត។​ ជា​ការ​បញ្ជាក់​ថា​ កម្រិត​សិក្សាធិការ​នៅ​ប្រទេស​យើង​មិន​អាក្រក់​ដូច​អ្នក​នយោបាយ​ខ្លះ​បង្អាប់​នោះ​ទេ»។​

កន្លង​មក​ គុណភាពអប់រំ​នៅ​កម្ពុជា​រង​ការ​រិះ​គន់​ជា​បន្ត​បន្ទាប់​ថា​ មិន​ត្រូវ​បានអន្តរជាតិ​ទទួល​ស្គាល់។​ ​ជាក់ស្តែង​ ការ​រិះគន់​នេះ​ត្រូវ​គេ​ដឹង​ថា​ ឈានដល់ការ​ប្តឹងគ្នា​រវាង​អ្នក​នយោបាយ​ និង​អ្នក​សារព័ត៌មាន​កាល​ពី​ឆ្នាំ​២០០៩​ ទាក់​ទង​នឹង​ការ​លើក​ឡើង​ថា​ សញ្ញាប័ត្រ​យោធា​ដែល​មន្រ្តី​យោធា​កម្ពុជា​បាន​បញ្ចប់​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​វៀតណាម​នោះ​មិន​មាន​គុណភាព។​

បន្ថែម​ពីលើ​នេះ​ លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​ជំទាស់​ក៏​បាន​រិះគន់​គុណភាពអប់រំ​នៅ​កម្ពុជា​ដែរ​ បើ​ទោះ​ជា​មាន​កិច្ច​ខិតខំ​ប្រឹង​ប្រែ​ង​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​អប់រំ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ដោយ។​ ​ថវិកា​ជាតិ​សម្រាប់​ការ​អប់រំក្នុង​ឆ្នាំ​២០១៦​នេះ​មានចំនួន១៨,៣% នៃ​ថវិកា​ជាតិ​សរុប ស្មើ​នឹង​៥០២​លានដុល្លារ​សហ​រដ្ឋ​អាមេរិក។ ទំហំ​ទឹក​ប្រាក់​នេះ​កើន​ឡើង​ជាង​២០% បើ​ធៀប​នឹងឆ្នាំ​២០១៥។​

យុវជន​ ​នូ ស៊ីធា ​គឺជា​និស្សិត​ឆ្នាំ​ទី៣ផ្នែក​អគ្គិសនី​ និង​ថាមពលនៃ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា​ ឬ​សាលា​តិចណូ​ និង​មក​ពី​គ្រួសារ​ក្រីក្រ​មួយ​ក្នុង​ស្រុក​ជីក្រែង ​ខេត្ត​សៀមរាប។ ​យុវជន​នេះ​ រំពឹង​ថា ​យុវជន​កម្ពុជាច្រើន​នាក់ទៀត​នឹង​អាច​មាន​ឱកាស​ទទួល​បាន​អាហារូបករណ៍​នេះ​ដែរ ដើម្បី​យក​ចំណេះ​ដឹង​ដែល​ទទួល​បាន​ពី​សាលា​ដ៏​ល្បី​នៅ​ប្រទេស​បារាំង​មួយ​នេះ​មក​រួម​ចំណែក​អភិវឌ្ឍ​កម្ពុជា។​

«បន្ទាប់​ពី​ការ​សិក្សា​នៅ​ទី​នោះ​ ខ្ញុំ​ចង់​រៀន​បន្ត​ទៀត​ មុន​នឹង​ខ្ញុំ​ត្រឡប់​មក​វិញ​ ព្រោះ​ថា​ ចង់​បន្ថែម​ចំណេះ​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​រៀន​នៅ​ទីនោះ»។​

លោក ហង់ ជួនណារ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ថ្លែង​មក​កាន់​ក្រុម​អ្នក​សារ​ព័ត៌មាន ​ កម្ពុជាត្រូវ​កសាង​ប្រព័ន្ធ​អប់រំ​ជា​ថ្មី​ឡើង​វិញ​ ក្រោយ​ការ​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង ​ព្រោះ​គ្រូ​បង្រៀន​ស្ទើរ​៨០%​ត្រូវ​បាន​សម្លាប់​ក្នុងរបប​ប្រល័យ​ពូជសាសន៍​ ដែល​ប្រទេស​ក្នុង​តំបន់​មិន​ធ្លាប់​ជួប​ប្រទះ។​

ក៏​ប៉ុន្តែ​លោក​បន្ត​ថា​ មិន​មែន​គ្រប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​សុទ្ធ​តែ​មាន​និស្សិត​ដែល​មាន​លទ្ធភាព​ចូល​រៀន​ក្នុង​សាលា​ជាន់ខ្ពស់​នៅ​ប្រទេស​បារាំងដូចជាយុវជន​នូ ស៊ីធានោះ​ទេ។​

លោក ហង់ ជួនណារ៉ុន​បន្ថែម​ថា​ ការ​ទទួល​អាហារូបករណ៍​របស់​យុវជន​រូប​នេះ​ជា​សញ្ញា​វិជ្ជមាន​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា​ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​អប់រំជំនាញ​សំខាន់​ចំនួន​៤​គឺ​ មុខ​វិជ្ជាវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ ​ដែល​គេ​ស្គាល់​ថា​ STEM។​ ការ​បង្វែរ​ទិសដៅ​នេះ​គឺដើម្បី​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ផ្នែក ​STEM ​ដែល​នឹងត្រូវ​ការ​ជា​ចាំ​បាច់សម្រាប់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ​និង​ពិភព​លោក​ នា​ពេល​អនាគត។​

«យើង​ធ្វើការ​ពង្រឹង​ការ​អប់រំ​នេះ​ ដើម្បី​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​កម្ពុជា​ នា​ដំណាក់កាល​ថ្មី​មួយ​ទៀត​ ដែល​សម្តេច​តេជោ​ ​នាយករដ្ឋមន្ត្រី​ដាក់​ចេញ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នេះ។ ​អញ្ចឹងយើង​ចង់​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដើម្បី​បន្ត​ធានា​ឲ្យ​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​នៅ​កម្ពុជា»។​

ជា​រៀង​រាល់​ឆ្នាំ​ សាលាពហុបច្ចេកទេស ​«Ecole Polytechnique» ​ជ្រើស​រើស​និស្សិត​តែ​៥០០​នាក់​ប៉ុណ្ណោះឲ្យ​ចូលសិក្សា ​ក្នុង​នោះ​មាន​និស្សិត​បរទេស​តែ​១០០​នាក់​ប៉ុណ្ណោះ។​ ហើយ​ជា​ទូទៅមាន​និស្សិតកម្ពុជា​២​នាក់​ ដែលត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​រៀន​ក្នុង​សាលា​នេះ​ ក្រោយការ​ប្រឡងជា​ច្រើន​ដំណាក់​កាល។​ ជាង​នេះ​ទៀត​ មាន​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀតក៏​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ផង​ដែរ​ ដើម្បី​ជួយ​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​ប្រទេស​ក្រីក្រ​នេះ។ ប្រទេស​ទាំងនេះ​មានប្រទេសជប៉ុន ​អូស្ត្រាលី​ សហ​រដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ជា​ដើម៕

XS
SM
MD
LG