សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិនពីការកេងចំណេញពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ ហើយបានបង្កើនសកម្មភាពយោធារបស់ខ្លួននៅជិតកោះតៃវ៉ាន់និងក្នុងសមុទ្រចិនខាងត្បូង។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយកាលពីថ្ងៃពុធមុនជំនួបរវាងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកនិងរដ្ឋមន្រ្តីការបរទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាននៅរសៀលថ្ងៃនេះ។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo បាននិយាយក្នុងអំឡុងសន្និសីទកាសែត ប៉ុន្មានម៉ោងមុនសន្និសីទវីដេអូជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានថា «យើងក៏បានឃើញដែរថា គណៈបក្សកុម្មុយនិស្តចិនកំពុងដាក់សម្ពាធខាងយោធាលើកោះតៃវ៉ាន់និងកំពុងបង្ខំបណ្តាប្រទេសចិនខាងរបស់ខ្លួនៅក្នុងសមុទ្រចិនខាងត្បូង ហើយថែមទាំងពន្លិចនាវានេសាទវៀតណាមទៀត។ យើងសង្ឃឹមថា ប្រទេសផ្សេងៗទៀតនឹងធ្វើឲ្យចិនទទួលខុសត្រូវអំពីបញ្ហានេះ»។
សហរដ្ឋអាមេរិកនិងសមាគមអាស៊ានបានសំឡឹងមើលសន្និសីទកំពូលនេះដើម្បីបង្កើនចំណងទាក់ទង នៅពេលដែលចិនបន្តពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សន្និសីទនោះបានគ្រោងធ្វើឡើងនៅខែមីនា ក៏ប៉ុន្តែក្រោយមក បានពន្យារពេលបណ្តាលមកពីការផ្ទុះឡើងនូវមេរោគកូរ៉ូណា។
ការព្រមានរបស់ប្រមុខការទូតកំពូលអាមេរិកកាលពីថ្ងៃពុធក៏កើតមានឡើងនៅពេលដែលសហរដ្ឋអាមេរិកបានធ្វើកិច្ចប្រតិបត្តិការហោះហើរនៅក្នុងសមុទ្រចិនខាងត្បូងចាប់តាំងពីពាក់កណ្តាលខែមេសានេះមកជាចំណាត់ការមួយដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិយាយថា ដើម្បីបង្ហាញនូវការតាំងចិត្តដ៏ស្ថិតស្ថេរ៧ទសវត្សរ៍ ដើម្បីវិបុលភាពនិងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា ចាប់តាំងពីការផ្ទុះឡើងនូវមេរោគកូរ៉ូណាមក រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសពីស្ថានីយស្រាវជ្រាវថ្មីនៅលើប្រជុំកោះនៅក្នុងដែនទឹកដែលមានជម្លោះ រួមមានការស្ថាបនាទីតាំងយោធានៅលើតំបន់ថ្មប៉ប្រះទឹក Fiery Cross និង Subi នឹងកន្លែងចុះយន្តហោះយោធាពិសេសនៅតំបន់ថ្មប៉ប្រះទឹក Fiery Cross។
ពួកមន្រ្តីចិនបាននិយាយថា ការប៉ុនប៉ងណាមួយដើម្បីបដិសេធអធិបតេយ្យភាពនិងផលប្រយោជន៍របស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងការទាមទារខុសច្បាប់ នឹងគ្មានតម្លៃនិងទទួលបរាជ័យ៕