ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ចាប់ផ្តើម​ចរចា​ជាមួយ​អ៊ីរ៉ង់​រឿង​ចំណាប់​ខ្មាំង


ទីប្រឹក្សា​សន្ដិសុខ​ជាតិ​ប្រចាំសេតវិមាន​ លោក Jake Sullivan ថ្លែង​សុន្ទរកថា ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។
ទីប្រឹក្សា​សន្ដិសុខ​ជាតិ​ប្រចាំសេតវិមាន​ លោក Jake Sullivan ថ្លែង​សុន្ទរកថា ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក Jake Sullivan បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា សហរដ្ឋ​អាមេរិក​បាន​ចាប់ផ្តើម​ការ​ចរចា​ជាមួយ​ប្រទេស​អ៊ីរ៉ង់​អំពី​ការ​ប្រគល់​ចំណាប់​ខ្មាំង​អាមេរិកាំង​យ៉ាង​តិច ៥ នាក់ ដែល​រដ្ឋាភិបាល​អ៊ីរ៉ង់​កំពុង​ឃុំ​ខ្លួន។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​បណ្តាញ​ទូរទស្សន៍ CBS ក្នុង​កម្មវិធី« Face the Nation» លោក Sullivan បាន​និយាយ​ថា វា​គឺជា «អាទិភាព​ចម្បង» មួយ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Joe Biden ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ទាំង​នោះ​អាច «ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ​ប្រកប​ដោយ​សុវត្ថិភាព» ហើយ​ថា ការ​ឃុំឃាំង​ពលរដ្ឋ​អាមេរិកាំង​ទាំង​នោះ​ធ្វើ​ឲ្យ [សហរដ្ឋ​អាមេរិក] មាន «ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង»។

លោក Sullivan បាន​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​បាន​ចាប់ផ្តើម​ទាក់ទង​ជាមួយ​ប្រទេស​អ៊ីរ៉ង់​អំពី​បញ្ហា​នេះ»។

លោក​បាន​បន្ថែម​ថា៖ «យើង​នឹង​មិន​សុខចិត្ត​ទទួល​យក​សំណើ​រយៈពេល​វែង​ណា​មួយ ដែល​ពួកគេ​នៅ​បន្ត​ឃុំឃាំង​ពលរដ្ឋ​អាមេរិកាំង​តាម​របៀប​ខុស​ច្បាប់​និង​អយុត្តិធម៌​នោះ​ទេ»។

លោក Sullivan បាន​ហៅ​ការ​ឃុំឃាំង​ដូច​នេះ​ថា​ជា «មហន្តរាយ​មនុស្ស​ជាតិ»។

អ៊ីរ៉ង់​កំពុង​ឃុំឃាំង​ពលរដ្ឋ​ដែល​មាន​សញ្ជាតិ​ពីរ​រាប់​សិប​នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​ពលរដ្ឋ​អាមេរិកាំង​ទាំង ៥ នាក់​នេះ​ផងដែរ ដែល​ភាគ​ច្រើន​ត្រូវ​បាន​អ៊ីរ៉ង់​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម៕

XS
SM
MD
LG