សហរដ្ឋអាមេរិក បានចាត់វិធានការជាសាធារណៈជាលើកទី១ ប្រឆាំងនឹងអ៊ីរ៉ង់ ចំពោះការបាត់ខ្លួនពលរដ្ឋអាមេរិកាំងម្នាក់ នៅលើកោះមួយក្នុងប្រទេសនេះ ក្នុងឆ្នាំ២០០៧ ដោយប្រកាសដាក់ទណ្ឌកម្មភ្នាក់ងារស៊ើបការណ៍អ៊ីរ៉ង់២រូប ដែលអាមេរិករកឃើញថា ជាអ្នកទទួលខុសត្រូវដោយផ្ទាល់ ចំពោះការចាប់ពង្រត់ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) លោក Robert Levinson ដែលចូលនិវត្តន៍ ហើយដែលគេសន្និដ្ឋានថាបានស្លាប់បាត់បង់ជីវិត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានបង្ហាញឈ្មោះភ្នាក់ងារស៊ើបការណ៍អ៊ីរ៉ង់ទាំងពីររូប ដែលត្រូវអាមេរិកដាក់ទណ្ឌកម្មនោះ គឺ Mohammad Baseri និង Ahmad Khazai ដែលបុគ្គលទាំងពីរនេះ ក៏ត្រូវអាមេរិកពណ៌នាថា ជាមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងស៊ើបការណ៍សម្ងាត់និងសន្តិសុខរបស់អ៊ីរ៉ង់។
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទថា មន្ត្រីទាំងពីររូបរបស់អ៊ីរ៉ង់នេះ ប្រហែលមិនមានគណនីយធនាគារនៅអាមេរិក ដើម្បីធ្វើការរាំងខ្ទប់ដោយសារទណ្ឌកម្មនេះឡើយ។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះថ្លែងបញ្ជាក់ថា ភ្នាក់ងារអ៊ីរ៉ង់ទាំងពីរនាក់នេះ អាចទទួលរងទណ្ឌកម្មផ្សេងទៀត ចំពោះសកម្មភាពរបស់គេក្រៅដែនដីអ៊ីរ៉ង់។ សកម្មភាពទាំងនោះរួមមានការដឹកនាំគណៈប្រតិភូក្រសួងស៊ើបការណ៍សម្ងាត់ និងសន្តិសុខអ៊ីរ៉ង់ទៅក្រៅប្រទេស ដើម្បីជួបប្រជុំជាមួយមន្ត្រីចារកម្មមកពីបណ្តាប្រទេសផ្សេងៗជាដើម។
មានព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះ ជុំវិញមន្ត្រីភ្នាក់ងារស៊ើបការណ៍ទាំងពីររូបនេះ។
ក្នុងសារមួយទៅកាន់វីអូអេភាសាពែក្ស៍ លោក Jason Brodsky នាយកគោលនយោបាយនៃក្រុមអ្នកតស៊ូមតិរួមគ្នាប្រឆាំងកម្មវិធីអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ បានគូសបញ្ចាក់ថា៖ «ខ្ញុំបានមើលទៅលើប្រវត្តិនៃបុគ្គលទាំងពីរ គឺលោក Baseri និង Khazai ហើយខ្ញុំមិនមានការភ្ញាក់ផ្អើលនោះទេ នៅពេលដែលមិនមានឯកសារជាសាធារណៈច្រើន ទាក់ទងនឹងបុគ្គលទាំងពីរនាក់នេះ»។
លោក Brodsky លើកឡើងថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់ទាំងពីរនាក់នេះ ហាក់ដូចជាជាប់ពាក់ព័ន្ធនឹងការចាប់ពង្រត់និងសម្លាប់បុគ្គលជាច្រើននៅក្រៅប្រទេស ក៏ដូចជានៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។
អតីតភ្នាក់ងារចូលនិវត្តន៍ FBI អាមេរិក លោក Robert Levinson បានបាត់ខ្លួននៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០០៧ ខណៈលោកទៅកំសាន្តនៅកោះ Kish ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ក្នុងនាមជាអ្នកស៊ើបអង្កេតឯកជនមួយរូប។ លោកបានចូលនិវត្តន៍ពីការងារផ្លូវការរបស់លោកជាមួយទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ អស់រយៈពេល៩ឆ្នាំមុនពេលបាត់ខ្លួន។ លោកបានបម្រើការងារឲ្យទីភ្នាក់ងារនេះអស់រយៈពេល២២ឆ្នាំ។ ក្នុងឆ្នាំ២០១៣ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនផ្សាយថា លោក Levinson បានទៅអ៊ីរ៉ង់ក្នុងបេសកកម្មមួយឲ្យទីភ្នាក់ងារចារកម្មអាមេរិក CIA ដែលជាការអះអាងមួយដែលអាជ្ញាធរអាមេរិក មិនបានបកស្រាយបញ្ជាក់ឲ្យដឹងនោះទេ។
នៅក្នុងការគូសបញ្ជាក់ជាលើកទីមួយជុំវិញជោគវាសនារបស់លោក Levinson នោះ រដ្ឋបាលរបស់លោកត្រាំ បាននិយាយកាលពីខែមីនាថា សហរដ្ឋអាមេរិកជឿជាក់ថា លោក Levinson អាចស្លាប់យូរហើយ។
ក្រុមគ្រួសារលោក Robert Levinson មិនបានទទួលព័ត៌មានណាមួយពីការស្លាប់របស់លោកនោះឡើយ ក្រៅពីរូបថតនិងវីដេអូដែលអ្នកចាប់ជំរិតលោក បានបង្ហោះនិងបង្ហាញរូបលោក ដែលមានភាពស្គមស្គាំង និងសក់ក្បាលវែងកន្ទ្រើង ក្នុងឆ្នាំ២០១០ និង២០១១។
គ្រួសាររបស់លោក Robert Levinson បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ ដោយស្វាគមន៍ការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអាមេរិក ទៅលើជនជាតិអ៊ីរ៉ង់ទាំងពីរនាក់ថា ជាជំហានដ៏សំខាន់មួយ «ឆ្ពោះទៅរកដំណើរស្វែងរកយុត្តិធម៌ដ៏វែងឆ្ងាយ» សម្រាប់សមាជិកគ្រួសារជាទីស្រឡាញ់របស់ពួកគេ៕