ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​របស់​សហរដ្ឋអាមេរិក​អំពី​ការ​ចាយ​វាយ​បង្ហាញ​​​យុទ្ធនាការ​ឃោសនា​ជា​សាកល​របស់​ចិន


បុរស​ម្នាក់​ពាក់​ម៉ាស​ដើរ​កាត់​បដា​យុទ្ធនាការ​ឃោសនា​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
បុរស​ម្នាក់​ពាក់​ម៉ាស​ដើរ​កាត់​បដា​យុទ្ធនាការ​ឃោសនា​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។

កាលពី​ខែ​មុន ចិន​បាន​រាយការណ៍​ទៅ​ឱ្យ​ក្រសួង​យុត្តិធម៌​របស់​សហរដ្ឋអាមេរិក​ថា ការ​ផ្សាយ​ជា​ភាសា​អង់គ្លេស​មួយ​របស់​ខ្លួន​បាន​បង់​ប្រាក់​ចំនួន​១៩លាន​ដុល្លារ​ទៅ​ឱ្យ​បណ្តាញ​ព័ត៌មាន​សហរដ្ឋអាមេរិក​ចាប់​តាំង​ពី​ខែវិច្ឆិកា ឆ្នាំ២០១៦​មក។

ចិន​បាន​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​ដើម្បី​ទិញ​ការ​ផ្សាយ​ការ​ឃោសនា​នៅ​លើ​ទំព័រ​កាសែត​ល្បីៗ​របស់​សហរដ្ឋអាមេរិក។ការ​ទិញ​ការ​ផ្សាយ​នៅ​ទំព័រ​កាសែត​អាមេរិកាំង​នេះ​ធ្វើ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ពី​ឥទ្ធិពល​របស់​គណបក្ស​កុម្មុយនិស្ត​ចិន។ ក៏​ប៉ុន្តែការ​ស្ទង់​មតិ​មួយ​កាល​ពី​ខែ​មីនា បង្ហាញ​ថា​ពល​រដ្ឋ​អាមេរិកាំង​២​ភាគ​៣​មាន​យោ​បល់​អវិជ្ជមាន​អំពី​ចិន។

កាលពី​ខែ​មុន ចិន​បាន​រាយការណ៍​ទៅ​ឱ្យ​ក្រសួង​យុត្តិធម៌​របស់​សហរដ្ឋអាមេរិក​ថា ការ​ផ្សាយ​ជា​ភាសា​អង់គ្លេស​មួយ​របស់​ខ្លួន​បាន​បង់​ប្រាក់​ចំនួន​១៩លាន​ដុល្លារ​ទៅ​ឱ្យ​បណ្តាញ​ព័ត៌មាន​សហរដ្ឋអាមេរិក​ចាប់​តាំង​ពី​ខែវិច្ឆិកា ឆ្នាំ២០១៦​មក​រួម​ទាំង​ការ​បង់​ប្រាក់​ចំនួន​១២លាន​ដុល្លា​រទៅ​ឱ្យ​កាសែត​សំខាន់ៗ​ដូច​ជា​កាសែត Washington Post និង​កាសែត Wall Street Journal។

ការ​ទិញ​ការ​ផ្សាយ​ឃោសនា​ដោយ​កាសែត​ប្រចាំ​ថ្ងៃ​ផ្លូវ​ការ​របស់​ចិន China Daily ជា​វិធានការ​តូច​មួយ​នៃ​យុទ្ធនាការ​ផ្សាយ​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ពិភពលោក។ ការ​ផ្សាយ​ការ​ឃោសនា​របស់​កាសែត China Daily ដែល​ត្រូវ​គេ​ហៅ​ថា​ជា​ «ការ​ឃ្លាំមើល​ប្រទេស​ចិន» ជារឿយៗ​បាន​សម្គាល់​យ៉ាង​ច្បាស់​នៅ​ក្នុង​កាសែត​ទាំង​នោះ។ ថ្វី​បើ ​ការ​ផ្សាយ​ការ​ឃោសនា​តាម​កាសែត​ច្រើន​ទំព័រ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​ដូចជា​ក្រុមហ៊ុន​អចលនទ្រព្យ ឬ​ផ្សារ​ទំនើប​ក៏​ដោយ «ការ​ឃ្លាំ​មើល​ប្រទេស​ចិន ឬ China Watch» មាន​លក្ខណៈ​ដូចជា​សេចក្តីរាយការណ៍​ព័ត៌មាន​ពិត​ប្រាកដ​ដែល​អត្ថបទ​របស់​ពួកគេ​ជាធម្មតា​និយាយ​ពី​ភាព​វិជ្ជមាន​ស្តី​ពី​ជីវភាព​រស់នៅ​ក្នុង​ប្រទេស​ចិន និង​គោលនយោបាយ​របស់​ខ្លួន​ដើម្បី​លើក​ស្ទួយ​កិត្យានុភាព​របស់​គណបក្ស​កុម្មុយនិស្ត​ចិន។

នៅ​លើ​គេហទំព័រ​របស់​ខ្លួន កាសែត​ប្រចាំ​ថ្ងៃ China Daily បាន​ពណ៌នា «China Watch» ថា​ជា​ការ​បោះពុម្ភ​ផ្សាយ​ប្រចាំ​ខែ​ដោយ​មាន​ចំនួន​ចេញ​ផ្សាយ​ចំនួន​៤លាន​ច្បាប់នៅ​ទូទាំង​ពិភពលោក។

កាសែត Daily Caller បាន​រាយការណ៍​ជា​លើក​ដំបូង​នៅ​ថ្ងៃទី៨ ខែមិថុនា ​អំពី​ការ​ចាយ​វាយ​ប្រាក់​រាប់​លាន​ដុល្លារ ផ្អែក​លើ​សេចក្តី​រាយការណ៍​ ដែល​មាន​ចំនួន៨៦ទំព័ររបស់​ក្រសួង​យុត្តិធម៌ ចុះ​ថ្ងៃទី១ ខែមិថុនា។

នេះ​មិនមែន​ជា​លើកទី១​ទេ​ដែល​កាសែត​ប្រចាំ​ថ្ងៃ​ផ្លូវការ​ចិន China Daily បាន​រាយការណ៍​ប្រាប់​ក្រសួង​យុត្តិធម៌​សរអា​នោះ។ កាសែត​ប្រចាំ​ថ្ងៃ​នោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ភ្នាក់ងារ​បរទេស​នៅ​ឆ្នាំ១៩៨៣​ហើយ​ត្រូវ​បាន​តម្រូវ​ឱ្យ​រាយការណ៍​ពី​ការ​កិច្ចការ​ជំនួញ​ហិរញ្ញវត្ថុ​របស់​ខ្លួន​នៅ​ក្រោម​ច្បាប់​ស្តី​ពី​ការ​ចុះ​បញ្ជី​ភ្នាក់ងារ​បរទេស ឬ (FARA) ចាប់​តាំងពី​ពេល​នោះ​មក។

របាយការណ៍​កាលពី​ខែមិថុនា​របស់​ចិន​ខុស​ពី​ធម្មតា​ពាក់​ព័ន្ធ​នឹង​សេចក្តី​លម្អិត។កាលពី​អតីតកាល កាសែត​ដែល​ត្រួតត្រា​ដោយ​គណបក្ស​កុម្មុយនិស្ត​ចិន​នេះ បាន​ផ្តល់​ចំនួន​សរុប​នៃ​ការ​ចំណាយ​ដោយ​មិន​មាន​តួលេខ​នៃ​មុខ​ចំណាយ​នីមួយៗ​ទេ។ ក៏ប៉ុន្តែ​ នៅ​ដើម​ឆ្នាំ​នេះ សមាជិក​សភា​សហរដ្ឋអាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ក្រុម​ដែល​មាន​គ្នា​៣៥រូប​ដែល​ដឹកនាំ​ដោយ​តំណាងរាស្រ្ត Jim Banks នៃ​រដ្ឋ Indiana និង​សមាជិក​ព្រឹទ្ធសភា Tom Cotton នៃ​រដ្ឋ Arkansas បាន​ចោទ​ប្រកាន់​កាសែត​ចិន​ China Daily ពី​ការ​រំលោភ​លក្ខខណ្ឌ​ច្បាប់​ស្តីពី​ការ​ចុះ​បញ្ជី​ភ្នាក់ងារ​បរទេស ឬ (FARA) ដោយ​ការ​ខកខាន​មិន​បាន​រាយការណ៍​ពី​កិច្ចប្រតិបត្តិការ​លម្អិត​របស់​ខ្លួន​នៅ​ក្នុង​សហរដ្ឋអាមេរិក។

សេចក្តីលម្អិត​បាន​បង្ហាញ​ថា​ កាសែតចិន China Daily បាន​បង់ប្រាក់​សរុប​ទាំង​អស់​ជិត​៦លាន​ដុល្លារ​ទៅ​ឱ្យ​កាសែត The Wall Street Journal ជិត​៤លាន​៦សែន​ដុល្លារ​ ទៅ​ឱ្យ​កាសែត Washington Post ៥ម៉ឺន​ដុល្លារ​ទៅ​ឱ្យ​កាសែត The New York Times និង​ជាង​២សែន​៦ម៉ឺន​ដុល្លារ​ទៅ​ឱ្យ​ក្រុមហ៊ុន Twitter ពី​ខែវិច្ឆិកា​ ឆ្នាំ២០១៦ ដល់​ខែមេសា ឆ្នាំ២០២០។

សេចក្តីរាយការណ៍​ប្រាប់​ក្រសួង​យុត្តិធម៌​អាមេរិក​នេះ​កើត​មាន​ឡើង​ក្នុង​អំឡុង​នៃ​ការ​តានតឹង​នៃ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ពេល​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​ជ្រៀតជ្រែក​របស់​បរទេស​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ២០២០​នេះ។ ហើយ​ការណ៍​នេះ​កើត​មាន​ឡើង​បន្ទាប់ពី​ការ​ឃោសនា​របស់​កាសែត​ចិន China Daily បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ក្នុង​អំឡុង​នៃ​ការ​ប្រកួតប្រជែង​ដ៏​ក្តៅ​គគុក​ក្នុង​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​នៅ​ឆ្នាំ២០១៨ នៅ​ពេល​ដែល​កាសែត​ចិន China Daily បាន​ទិញ​ការ​ឃោសនា​ចំនួន​៤ទំព័រ​ដោយ​ដាក់​បញ្ចូល «ការ​ឃ្លាំមើល​ប្រទេស​ចិន ឬ China Watch» ក្នុង​កាសែត The Des Moines Register ដែល​ជា​កាសែត​នាំ​មុខ​មួយ​នៅ​រដ្ឋ Iowa។

ឯកសារ​ចុង​ក្រោយ​បង្អស់​ក្រោម​ច្បាប់​ស្តីពី​ការ​ចុះ​បញ្ជី​ភ្នាក់ងារ​បរទេស ឬ (FARA) បង្ហាញ​ថា កាសែត​ចិន​បាន​បង់​ប្រាក់​៣ម៉ឺន​៤ពាន់​៦រយ​ដុល្លារ​ទៅ​ឱ្យ​កាសែត The Des Moines Register សម្រាប់​ការ​ផ្សាយ​ការ​ឃោសនា​មួយ​លើក​កាលពី​ខែកញ្ញា ឆ្នាំ២០១៨។

នៅ​ក្នុង​នោះ កាសែត​ប្រចាំ​ថ្ងៃ​ចិន China Daily បាន​រិះគន់​វិធានការ​យក​ពន្ធ​គយ​ របស់​ប្រធានាធិបតី​ត្រាំ​ហើយ​បាន​សង្កត់​ពី​ផល​ប្រយោជន៍​នៃ​ពាណិជ្ជកម្ម​សេរី​សម្រាប់​ពួក​កសិករ​នៅ​រដ្ឋ Iowa ដែល​បាន​បណ្តាល​ឱ្យ​មាន​ការ​ឆ្លើយតប​យ៉ាង​ខ្លាំង​ពី​លោក​ប្រធានាធិបតី​ត្រាំ​ដែល​បាន​វាយប្រហារ​ចិន​ចំពោះ​ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​នេះ។

នៅ​ពេល​ជាមួយ​គ្នានោះ​ដែរ ការ​សិក្សា​មួយ​របស់​សាកលវិទ្យាល័យ​រដ្ឋ Iowa បាន​ប្រាប់​ឱ្យ​ដឹង​ថា ផ្នែក​កសិកម្ម​របស់​រដ្ឋ Iowa អាច​រង​ការ​ខាតបង់​ចំនួន​២ពាន់​២រយ​លាន​ដុល្លារ​ពីព្រោះ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ។

កាសែត The New York Times បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​តាម​អ៊ីម៉ែល​មក​កាន់ VOA ផ្សាយ​ជា​ភាសា​ចិន​កុកងឺ​ថា ខ្លួន​បាន​ឈប់​ទទួល​យក​ការ​ឃោសនា​ពី​បណ្តាញ​ព័ត៌មាន​របស់​រដ្ឋ​ចិន​ចាប់​តាំងពី​ដើម​ឆ្នាំ២០២០​មក​ហើយ​បាន​បញ្ជាក់​ថា​ការ​ផ្សាយ​ឃោសនា​របស់​ចិន មិន​ដែល​មាន​ឥទ្ធិពល​លើ​សេចក្តីរាយការណ៍​របស់​ខ្លួន​អំពី​ប្រទេស​ចិន​ទាល់​តែ​សោះ។ សេចក្តីថ្លែងការណ៍​របស់​កាសែត New York Times នោះ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា សេចក្តីរាយការណ៍​ឆ្នាំ២០១២​របស់​ខ្លួន​ស្តី​ពី​ទ្រព្យសម្បត្តិ​ដែល​លាក់ទុក​របស់​ក្រុម​គ្រួសារ​នាយក​រដ្ឋមន្រ្តី​ចិន​បាន​នាំ​ឱ្យ​កម្មវិធី​ផ្សាយ​ទាំងអស់​របស់​ខ្លួន​ត្រូវ​បាន​គេ​បិទ​ខ្ទប់​នៅ​ក្នុង​ប្រទេស​ចិន​ចាប់​តាំង​ពី​ពេល​នោះមក។

Twitter ​បាន​និយាយ​ថា​ ខ្លួន​បាន​ផ្លាស់​ប្តូរ​គោលនយោបាយ​ផ្សាយ​ការ​ឃោសនា​របស់​ខ្លួន​នៅ​ខែសីហា ឆ្នាំ២០១៩ ហើយ​លែង​ទទួល​យក​ការ​ទិញ​ការ​ផ្សាយ​ការ​ឃោសនា​របស់​បណ្តាញ​ព័ត៌មាន​រដ្ឋ​ទៀត​ហើយ។ Twitter បាន​ប្រាប់ VOA ផ្សាយ​ជា​ភាសា​ចិន​កុកងឺ​ថា «កាលពី​ពេលថ្មីៗ​នេះ​យើង​ក៏​បានបញ្ចេញ​ព័ត៌មាន​កិច្ចប្រតិបត្តិការ​ដែល​ត្រូវ​បាន​សន្មត​ថា​ជា​របស់​ចិន​ទៅ​ឱ្យ​ប័ណ្ណសារ​សាធារណៈ​ពី​សកម្មភាព​នៅ​ក្នុង​កាសែត​របស់​យើង»។ Twitter បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ខ្លួន​បាន​បិទ​គណនី​សំខាន់ៗ​ចំនួន​២ម៉ឺន​៣ពាន់​៧រយ​៥០​ដែល​បាន​សរសេរជា​ភាសា​ចិន និង​ផ្សព្វផ្សាយ​ការ​រៀបរាប់​ពន្យល់​ខាង​ភូមិសាស្រ្ត​នយោបាយ​ដែល​គាំទ្រ​គណបក្ស​កុម្មុយនិស្ត​ចិន​ខណៈ​ដែល​បន្ត​ជំរុញ​ការ​ផ្សព្វផ្សាយ​ភូតកុហក​អំពី​សក្តានុពល​នយោបាយ​ក្នុង​ក្រុង​ហុងកុង។

សេចក្ត​រាយការណ៍​តាម​ច្បាប់​ស្តីពី​ការ​ចុះ​បញ្ជី​ភ្នាក់ងារ​បរទេស ឬ (FARA) កាលពី​ថ្ងៃទី១ ខែមិថុនា​ដោយ​កាសែត​ប្រចាំ​ថ្ងៃ​ចិន China Daily បាន​បង្ហាញ​ថា ការ​បង់​ប្រាក់​ការ​ផ្សាយ​ការ​ឃោសនា​របស់​ខ្លួន​ទៅ​ឱ្យ​កាសែត Washington Post កាសែត New York Times និង Twitter បាន​ឈប់​ចាប់​តាំងពី​ចុង​ឆ្នាំ២០១៩​មក។ កាសែត Wall Street Journal និង​ទស្សនាវដ្តី Foreign Policy ផ្សាយ​អនឡាញ​ជា​កាសែត​តែ​២​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ឯកសារ​នោះ​ថា​បាន​បន្ត​ទទួល​យក​ប្រាក់​របស់​ចិន​រហូត​ដល់​ការ​បញ្ចប់​នៃ​សេចក្តីរាយការណ៍​ដែល​ចង់​ផ្សាយ​នៅ​ខែមេសា ឆ្នាំ២០២០។កាសែត​ទាំង​២​នោះ​មិន​បាន​ឆ្លើយតប​ការ​ស្នើសុំ​អត្ថាធិប្បាយ​របស់ VOA ផ្សាយ​ជា​ភាសា​ចិន​កុកងឺ​ទេ៕

ប្រែសម្រួលដោយ ជឹង ប៉ូជីន

XS
SM
MD
LG