ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​អាមេរិក​ជួប​មន្ត្រី​សង្គម​ស៊ីវិល​និង​អ្នក​នយោបាយ​ប្រឆាំង​នៅ​ហៃទី​


រូប​ឯកសារ៖ បេសក​ជន​ពិសេស​របស់​អាមេរិក​សម្រាប់​ប្រទេស​​ហៃទី​គឺ​លោក​ឯក​អគ្គរដ្ឋទូត ​Daniel Foote​ ជួប​ប្រជុំ​ជាមួយ​ប្រធាន​​ប៉ូលិស​ជាតិ​ហៃទី​លោក Leon Charles ឯកអគ្គរដ្ឋទូត​អាមេរិក​អ្នកស្រី Michele Sison និង​មន្ត្រី​ប៉ូលិស​​ផ្សេង​​ទៀត​នៅ​ប្រទេស​ហៃទី​​កាល​ពី​ ខែ​កក្កដា។
រូប​ឯកសារ៖ បេសក​ជន​ពិសេស​របស់​អាមេរិក​សម្រាប់​ប្រទេស​​ហៃទី​គឺ​លោក​ឯក​អគ្គរដ្ឋទូត ​Daniel Foote​ ជួប​ប្រជុំ​ជាមួយ​ប្រធាន​​ប៉ូលិស​ជាតិ​ហៃទី​លោក Leon Charles ឯកអគ្គរដ្ឋទូត​អាមេរិក​អ្នកស្រី Michele Sison និង​មន្ត្រី​ប៉ូលិស​​ផ្សេង​​ទៀត​នៅ​ប្រទេស​ហៃទី​​កាល​ពី​ ខែ​កក្កដា។

បេសក​ជន​ពិសេស​របស់​លោក​ប្រធានាធិបតី​ Joe Biden ​សម្រាប់​ប្រទេសហៃទី​គឺ​លោក​ឯក​អគ្គរដ្ឋទូត ​Daniel Foote ​បាន​ជួប​តាម​អនឡាញ​ជាមួយ​តំណាង​សង្គម​ស៊ីវិល​និង​អ្នក​នយោបាយ​ហៃទី​កាលពី​ថ្ងៃ​ពុធ។​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ប្រាប់​វីអូអេ​ថា៖​ «បេសកជន​ពិសេស​ពេញចិត្ត​ស្តាប់​គំនិត​និង​ដំណោះស្រាយ​ពី​ក្រុម​ទាំង​នេះ​ដើម្បី​ជួយ​ប្រទេស​របស់​ពួកគេ​ឱ្យ​ចៀស​ផុត​ពី​បញ្ហា​ប្រឈម​បច្ចុប្បន្ន»។​

កិច្ច​ប្រជុំ​របស់​លោក Foote ​គឺជា​ព័ត៌មាន​សំខាន់​នៅ​រដ្ឋធានី ​Port-au-Prince​ ​ប្រទេស​ហៃទី​នៅ​សប្តាហ៍​នេះ។​ កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​ការ​ទូត​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ដោយសារ​ការ​ធ្វើ​ឃាត​លោក​ប្រធានាធិបតី​ Jovenel Moise​ នៅ​ថ្ងៃ​ទី​៧​ខែ​កក្កដា​នោះ​គឺ​ជា​ប្រធាន​បទ​នៃ​លិខិត​ទ្វេភាគី​របស់​សមាជិក​ព្រឹទ្ធសភា​គឺ​លោក Marco Rubio ​និង​លោក​ Bob Menendez​ ផ្ញើ​ទៅ​លោក ​Biden កាល​ពី​ថ្ងៃ​ច័ន្ទ។​

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ភាសា​ក្រេអូល​កាលពី​ថ្ងៃ​ច័ន្ទ​លោក​អតីត​សមាជិក​ព្រឹទ្ធសភា​ Jerry Tardieu​ បាន​និយាយ​ថា​ទោះបីមាន​ភាព​មន្ទិល​សង្ស័យ​ក្នុង​ចំណោម​ក្រុម​ប្រឆាំង​ក៏ដោយ​ក៏ភាគ​ច្រើន​យល់​ស្រប​ថា​ចាំបាច់​ត្រូវ​មាន​ការ​បោះឆ្នោត​ចម្រុះ​ភាគី​អាច​ទុកចិត្ត​និង​ស្មោះត្រង់​ដើម្បី​ជំរុញ​ប្រទេស​ទៅ​មុខ។​

លិខិត​របស់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ក៏​បាន​អំពាវនាវ​ឱ្យ​លោក ​Biden ​ជួយប្រទេស​ហៃទីស៊ើប​អង្កេតការ​សម្លាប់​លោក​ Moise ផងដែរ។​

អ្នក​នាំពាក្យ​ប៉ូលិស​ជាតិ​ហៃទី​អ្នកស្រី​ Marie Michel Verrier ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​រហូត​មក​ដល់​ពេល​នេះ​ប៉ូលិស​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន​៤៤​នាក់​ហើយ​បាន​រឹបអូស​អាវុធ​គ្រាប់​រំសេវ​និង​ប្រាក់​ជា​រូបិយបណ្ណ​អាមេរិក​និង​ហៃទី។​

លោក ​Moise​ ត្រូវ​គេ​ធ្វើឃាត​នៅ​គេហដ្ឋាន​ឯកជន​របស់​គាត់​នៅ​ជាយ​ក្រុង​ Port-au-Prince ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៧ ​ខែ​កក្កដា។ ​ភរិយា​របស់​គាត់​ឈ្មោះ​ Martine ​បាន​រង​របួស​ធ្ងន់ធ្ងរ៕​

(អ្នកស្រី​ Jacquelin Belizaire ​ អ្នកស្រី​ Cindy Saine ​អ្នកឆ្លើយ​ឆ្លង​ព័ត៌មាន​វីអូអេ​នៅ​ក្រសួង​ការ​បរទេស​អ្នកស្រី​ Patsy Widakuswara​ អ្នកឆ្លើយ​ឆ្លង​ព័ត៌មាន​វីអូអេ​នៅ​សេតវិមានអ្នកស្រី​ Margaret Besheer​ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​វីអូអេ​នៅ​អ.ស.ប.​និង​លោក​Jorge Agobian​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​វីអូអេ​ភាសា​អេស្បាញ​នៅ​សេតវិមាន​រួម​ចំណែក​ក្នុុង​សេចក្តី​រាយ​ការណ៍​នេះ)​

XS
SM
MD
LG