លោកប្រធានាធិបតីស.រ.អា. Donald Trump និងលោក Moon Jae-in មេដឹកនាំកូរ៉េខាងត្បូងមានកំណត់នឹងជួបគ្នានៅឯសេតវិមាននៅថ្ងៃអង្គារនេះនៅពេលមានកំណើនការសង្ស័យស្តីពីឱកាសសម្រាប់ជំនួបប្រកបដោយជោគជ័យមួយរវាងស.រ.អា.និងប្រទេសកូរ៉េខាងជើងនិងមានការសង្ស័យថាជំនួបនេះនឹងមានធ្វើតាមការគ្រោងទុក ឬបែបណា។
នៅក្នុងកិច្ចចរចាដែលកំណត់ធ្វើពីរម៉ោងនៅថ្ងៃអង្គារនេះ គេរំពឹងថាលោក Moon នឹងខិតខំព្យាយាមធានារ៉ាប់រងជាថ្មីដល់លោក Trump ថាជំនួបនៅខែក្រោយជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong Un អាចនាំឱ្យមានការទម្លាយភាពទាល់ច្រកជាប្រវត្តិសាស្ត្រ។
នាង Jean Lee ដែលជានាយកកម្មវិធីនៃមជ្ឈមណ្ឌលកូរ៉េនៅឯមជ្ឈមណ្ឌល Wilson និយាយថា «ខ្ញុំសង្ស័យថាលោកប្រធានាធិបតី Trump នឹងមានសំណួរតឹងតែងសម្រាប់លោកប្រធានាធិបតី Moon ដែលលោកចង់សួរជាឯកជនដោយសារមានការមិនច្បាស់លាស់អំពីអ្វីដែលពួកកូរ៉េខាងជើងនឹងយល់ព្រម—និងអំពីការគំរាមកំហែងដោយកូរ៉េខាងជើងថាលប់ចោលជំនួបកំពូលនៅថ្ងៃទី១២ខែមិថុនា»។
បើតាមពួកមន្ត្រីនៅក្នុងស.រ.អា.និងនៅប្រទេសក្រៅថាលោក Trump បានសួរពួកសហការីលោកនិងពួកមេដឹកនាំបរទេសអំពីថាតើលោកគួរអញ្ជើញទៅប្រទេសសិង្ហបុរីដើម្បីជួបលោក Kim Jong Un ឬទេ។
ពួកមន្ត្រីខ្លះនៅក្នុងរដ្ឋធានី Washington ដែលនិយាយដោយមានលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក៏បានបន្ទោសពួកមន្ត្រីកូរ៉េខាងត្បូងថាជាដំបូងឡើយបាននិយាយប្រាប់លោក Trump ច្រើនពេកអំពីបំណងរបស់មេដឹកនាំកូរ៉េខាងជើងក្នុងការធ្វើកុំឱ្យឧបទ្វីបកូរ៉េមានអាវុធបរមាណូ៕