រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងជំរុញឲ្យមានការបន្តទៅមុខនូវជំនួបដែលគ្រោងនឹងធ្វើឡើងរវាងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីអាមេរិកលោក Donald Trump បន្ទាប់ពីរដ្ឋាភិបាលកូរ៉េខាងជើងបានព្រមានថា ខ្លួនអាចលុបចោលនូវជំនួបនេះដោយសារតែសហរដ្ឋអាមេរិកទាមទារឲ្យខ្លួនបំផ្លាញចោលនូវកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសកូរ៉េខាងត្បូងបានចេញសេចក្ដីប្រកាសមួយនៅថ្ងៃព្រហស្បតិ៍នេះ ដោយសន្យា «សម្របសម្រួលឲ្យបានហ្មត់ចត់តាមរយៈបណ្ដាញផ្សេងៗ» រវាងរដ្ឋាភិបាលក្រុងសេអ៊ូល រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដើម្បីធានាថា ជំនួបនេះ «នឹងត្រូវធ្វើឡើងដោយជោគជ័យក្រោមស្មារតីនៃការគោរពគ្នាទៅវិញទៅមក»។
កាលពីថ្ងៃពុធម្សិលមិញ អនុរដ្ឋមន្ត្រីការបរទេសទីមួយនៃប្រទេសកូរ៉េខាងជើងលោក Kim Kye Gwan បាននិយាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹងត្រូវ «ពិចារណាឡើងវិញ» ថាតើគួរចូលរួមនៅក្នុងជំនួបនោះឬក៏អត់ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តទាមទារឲ្យខ្លួនលះបង់ចោលដោយឯកតោភាគីនូវកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួននោះ។
លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានកាលពីល្ងាចថ្ងៃពុធម្សិលមិញថា សហរដ្ឋអាមេរិកមិនទាន់ទទួលបានដំណឹងណាមួយអំពីថាតើជំនួបនេះនឹងធ្វើឡើង ឬក៏យ៉ាងណានោះទេ។ លោក Trump បាននិយាយថា៖ «យើងចាំមើលថាតើនឹងមានអ្វីកើតឡើង។ ពេលវេលាអាចបញ្ជាក់ប្រាប់អំពីរឿងនេះបាន»។
អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Huckabee Sanders បានប្រាប់ទូរទស្សន៍ Fox News ថា លោក Trump កំពុងត្រៀមខ្លួនដើម្បី «ការចរចាដ៏តឹងតែង» មួយ ប៉ុន្តែ ប្រសិនបើជំនួបនេះត្រូវបានលុបចោល «យើងនឹងបន្តយុទ្ធនាការដាក់សម្ពាធជាអតិបរមា» ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកូរ៉េខាងជើង៕