ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន​​អាមេរិកាំង​ម្នាក់​ត្រូវ​សម្លាប់​នៅ​ពេល​បំពេញ​ការងារ​ ខណៈ​ពួក​តាលីបាន​វាយ​ប្រហារ​​មូលដ្ឋាន​​ប៉ូលិស


រូបឯកសារ៖ ទាហាន​អូតង់​ពី​សហរដ្ឋ​អាមេរិក​ និង​កង​កុម្ម៉ង់ដូ​​អហ្វហ្គានីស្ថាន​កំពុង​ស្ថិត​នៅ​កន្លែង​ត្រួត​ពិនិត្យ​មួយ ក្នុង​ពេល​ចុះ​ល្បាត​ប្រឆាំង​ពួក​រដ្ឋ​ឥស្លាម នៅ​ស្រុក Deh Bala ខេត្ត Nangarhar កាល​ពីខែ​កក្កដា ​ឆ្នាំ​២០១៨។

កង​សម្ព័ន្ធ​មិត្ត​សន្តិសុខដឹក​នាំ​ដោយ​អង្គការ​អូតង់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​និយាយថា​ ទាហាន​អាមេរិកាំង​ម្នាក់ត្រូវ​បាន​សម្លាប់​នៅ​ពេល​បំពេញ​បេសកកម្ម​កាល​ពីថ្ងៃ​សៅរ៍ ​ដែលនាំ​ឱ្យ​ចំនួន​ទាហាន​ស.រ.អា.​បាត់​បង់​ជីវិត​នៅ​ឆ្នាំ​នេះ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ កើន​ឡើង​ដល់​១១​នាក់​ហើយ។​

បេសកកម្ម​ Resolute Support ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ថែម​ទៀត​ទេ ​ហើយ​មិន​ទាន់បា្រប់​ឈ្មោះទាហាន​នេះ​ទេ​ដោយ​រង់ចាំ​ប្រាប់​ញាតិ​សន្តានទាហាន​នេះ​សិន។ ការ​ស្លាប់​នៃ​ទាហាន​អាមេរិកាំ​ង​រូប​នេះ​ដែលត្រូវ​បាម​រាយការណ៍​បាន​នាំ​ឱ្យ​ចំនួន​ទាហាន​ស.រ.អា.​ដែល​បាន​បាត់​ជីវិត​ចាប់​តាំង​ពី​សង្គ្រាម​អាហ្វហ្គានីស្ថាន​ បាន​ចាប់​ផ្តើម​កាល​ពី​ខែតុលា​ឆ្នាំ២០០១​ កើន​ឡើង​ដល់​២,៤៣០​នាក់​ហើយ។

ពួក​បះ​បោរ​តាលីបាន ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ខ្លី​មួយ​ថា​ពួក​យុទ្ធជន​របស់​ពួគ​គេ​បាន​ដាក់​គ្រាប់​បែក​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​ស្រុក​ Sayedabad ក្នុង​ខេត្ត Wardak នា​ប៉ែក​ខាង​កើត​នៃប្រទេស​អាហ្វហ្គានីស្ថាន។

សេចក្តី​ថ្លែងការណ៍​នេះ​បានបន្ថែម​ថា គ្រាប់​បែក​នេះ​បាន​ផ្ទុះយ៉ាង​ខ្លាំង​ត្រូវ​ចំ​រថពាស​ដែក​អាមេរិកាំង​មួយ​គ្រឿង​បណ្តាល​ឱ្យពួក​ឈ្លាន​ពាន​២​នាក់​ស្លាប់​ហើយ​បី​នាក់​ទៀត​ត្រូវ​របួស​ ​ទោះ​ណា​ជា​ការ​អះ​អាង​របស់​ពួក​បះបោរ​នេះ​បាន​បំប៉ោង​តួ​លេខ​ទាហានបរទេស​ដែល​ស្លាប់​និង​ត្រូវ​របួស​ក៏​ដោយ។​

ការ​ស្ទាក់​វាយ​ប្រហារ​ដោយ​ពួក​តាលីបាន​នៅ​ក្នុង​ស្រុក​នេះ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ កាល​ពី​ចុង​ខែ​មុន​បាន​បណ្តាល​ឱ្យ​ទាហាន​អាមេរិកាំង​ពីរ​នាក់​បាត់​បង់​ជីវិត។​

នៅ​ពេល​ជាមួយ​គ្នា​នេះ ពួក​មន្ត្រី​អាហ្វហ្គានីស្ថាន​ បាន​និយាយ​ប្រាប់ VOA ​ថា ពួក​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ប្រដាប់​ដោយ​អាវុធ​មួយ​ក្រុម​បាន​ឆ្មក់​វាយ​ប្រហារ​លើ​មូលដ្ឋាន​ប៉ូលិស​មួយ​នៅ​ក្នុង​ក្រុង​ Qala-e-Naw ​ទីរួម​ខេត្ត​ Badghis នា​ផ្នែក​និរតី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ បណ្តាល​ឱ្យ​បុគ្គលិកសន្តិសុខ​យ៉ាង​តិច​ណាស់​បី​នាក់​ស្លាប់​ និង​ធ្វើ​ឱ្យ​របួស​៨​នាក់​ទៀត៕

XS
SM
MD
LG