ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​តាម​អាកាស​សម្លាប់​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​៥០​នាក់​


រូបឯកសារ៖ ផ្សែង​ចេញ​ពី​កន្លែង​រង​ការ​វាយ​ប្រហារ​ក្រោយ​ពេល​យុទ្ធជន​តាលីបង់​បើក​ការ​វាយ​ប្រហារ​លើ​ទីរួម​ខេត្ត Ghazni ប្រទេស​អាហ្វហ្គានីស្ថាន។

អាជ្ញាធរ​អាហ្វហ្គានីស្ថាន​បាន​និយាយ​ កាល​ពី​ថ្ងៃសៅរ៍​ថា ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ក្រុម​ចម្រុះ​នៅ​ក្នុង​ខេត្ត​ភាគ​ខាង​កើត​ បាន​សម្លាប់​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​រហូត​ដល់ ​៥០ ​នាក់ ​ខណៈ​ពួក​អ្នក​បះ​បោរ​តាលីបង់​បាន​សម្លាប់​កង​កម្លាំង​រដ្ឋាភិបាល​យ៉ាង​ហោច​ណាស់ ​៧​ នាក់ ​នៅ​ក្នុង​ស្រុក​មួយ​នៅ​ភាគ​ខាង​លិច។

ក្រសួង​ការពារ​ជាតិ​អាហ្វហ្កានីស្ថាន​បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​តាម​អាកាស​ពេល​យប់ធ្វើ​ឡើង​ដោយ​មាន​កិច្ច​សហការ​ជាមួយ​កង​កម្លាំង​ជើង​គោក​អាហ្វហ្គានីស្ថាន​ ហើយ​ពួក​គេ​បាន​វាយ​ប្រហារ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​របស់​ពួក​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ស្រុក​ Chapa Darah ​ខេត្ត Kunar ។ ​ពួកគេ​អះ​អាង​ថា ​ពួក​សកម្ម​ប្រយុទ្ធបរទេស ​រួម​មាន​ជនជាតិ​អ៊ូសបេគីស្ថាន​ និង​ប៉ាគីស្ថាន​ផង​ ស្ថិត​ក្នុង​ចំណោម​ពួក​សកម្ម​ប្រយុទ្ធ​ដែល​ត្រូវ​បាន​សម្លាប់។​

លោក​ Gul Mohammad Baidar ​អភិបាល​រងខេត្ត​នេះ​បាន​ប្រាប់​វីអូអេ​ថា ​មេបញ្ជាការ​សំខាន់​ម្នាក់របស់​ពួក​រដ្ឋ​ឥស្លាម​ជនជាតិ​អ៊ូសបេគីស្ថាន ​ក៏​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ដែរ។ ​លោក​បាន​បញ្ជាក់​ថា ​មិន​មានគ្រោះ​ថ្នាក់​ក្នុង​ប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​ស្រុក​នេះ​ ជាមួយពួក​បះបោរ​តាលីបង់​និង​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ទេ។​

ភ្នាក់ងារ​មនុស្ស​ធម៌​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​រាយ​ការណ៍​ថា ​ការ​ប្រយុទ្ធ​គ្នា​នៅ​រដ្ឋ​ Chapa Darah ​បាន​បង្ខំ​ឱ្យ​ជន​ជាតិ​អាហ្វហ្គានីស្ថាន​រាប់​ពាន់​គ្រួសារ​ភៀស​ខ្លួន​ទៅ​រក​សុវត្ថិភាព​ក្នុង​សប្ដាហ៍​ថ្មីៗ​នេះ។​

ពួក​តាលីបង់និង​រដ្ឋ​ឥស្លាម​តែង​តែ​ធ្វើ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ខេត្ត​ Kunar ​និង​ផ្នែក​ខ្លះ​នៃ​ខេត្ត ​Nangarhar ​ដែល​នៅ​ជិត​ខាង​ក្នុង​ការ​ព្យាយាម​ពង្រីក​ឥទ្ធិពល​របស់​ពួក​គេ។ ខេត្ត​ទាំង​ពីរ​នេះ​ជាប់​ព្រំដែន​ប្រទេស​ប៉ាគីស្ថាន។ ​

ដោយ​ឡែក​មន្ត្រី​នៅ​ក្នុង​ខេត្ត ​Badghis ​នៅ​ភាគ​ខាង​លិច​អាហ្វហ្គានីស្ថាន​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ពួក​តាលីបង់​បាន​វាយ​ប្រហារ​ប៉ុស្តិ៍​សន្ដិសុខ​ទាំង​យប់នៅ​ឯ​ស្រុក​ Qadis ​ដោយ​បាន​សម្លាប់ប៉ូលិស​៧​នាក់​និង​ធ្វើ​ឲ្យ​រង​របួស​ជា​ច្រើន​នាក់​ទៀត។ ​

អាជ្ញាធរ​នៅ​ក្នុងខេត្ត ​Ghanzi ​ភាគខាង​កើត​បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​កង​កម្លាំង​អាហ្វហ្គានីស្ថាន​និង​ដៃ​គូ​អន្តរជាតិ​កាល​ពី​យប់​ថ្ងៃ​សុក្រ​បាន​សម្លាប់​ជន​ស៊ីវិល​៨​នាក់ ​ហើយ​ឧបទ្ទវហេតុ​នេះ​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត៕

XS
SM
MD
LG