ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​នៅ​អាហ្វហ្គានីស្ថាន​សម្លាប់​ប៉ូលិស​៧​នាក់​និង​ជន​ស៊ីវិល​៣​នាក់


រូបឯកសារ៖ ប៉ូលិស​អាហ្វហ្គានីស្ថាន​ដើរ​នៅ​កន្លែង​មាន​ការ​ផ្ទុះ​គ្រាប់​ ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២១ មីនា ២០១៩។

យោង​តាម​មន្រ្តី​អាហ្វាហ្គានីស្ថាន​បាន​ឲ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​មាន​ប៉ូលិស​ ៧​ នាក់​និង​ជន​ស៊ីវិល ​៣ ​នាក់ ​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃសៅរ៍​ម្សិលមិញ​ នៅ​ក្នុង​ហេតុការណ៍​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក ​Ahmad Khan Serat ​អ្នក​នាំ​ពាក្យ​ស្នងការ​ប៉ូលិស​ប្រចាំ​ខេត្ត​ Ghazni​ ភាគ​ខាង​កើត​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​និយាយ​ថា ​ពួក​បះបោរ​តាលីបាន​ បាន​សម្លាប់​ប៉ូលិស ​៣​ នាក់​នៅ​ក្នុង​ហេតុការណ៍​វាយ​ប្រហារ​ទៅ​លើ​បុស្តិ៍​យាម​សន្តិសុខ​នៅ​ក្នុង​ខេត្ត​ Ghazni។ សារព័ត៌មាន ​Associated​ Press​ បាន​រាយការណ៍​ថា ​ក្រុម​តាលីបាន ​បាន​ចេញ​អះអាង​ទទួល​ខុសត្រូវ​លើ​ការ​វាយ​ប្រហារ​នេះ។

ការ​វាយ​ប្រហារ​មួយ​ទៀត​របស់​ក្រុម​តាលីបាន​ទៅ​លើ​បុស្តិ៍យាម​សន្តិសុខ​នៅ​ក្នុង​ខេត្ត Sari Pul ​ភាគ​ខាង​ជើង​បាន​សម្លាប់​ប៉ូលិស​យ៉ាង​ហោច​ណាស់ ​៤ ​នាក់។ នេះ​បើយោង​តាម​សេចក្តី​រាយការណ៍​របស់​លោក ​Mohammad Noor Rahmani​ ថ្នាក់​ដឹកនាំ​ក្រុម​ប្រឹក្សា​ខេត្ត។

លោក Attahullah Khogyani ​អ្នក​នាំពាក្យ​អភិបាល​ខេត្ត​បាន​រាយការណ៍​ថា​ ឧប្បទ្ទេវ​ហេតុផ្ទុះ​គ្រាប់​បែក​ពីរ​គ្រាប់​នៅ​ក្នុង​ខេត្ត ​Nangarhar​ ភាគ​ខាង​កើត​ត្រូវ​បាន​គេ​អះ​អាង​ថា​ បាន​សម្លាប់​ជនស៊ីវិល​យ៉ាង​ហោច​ណាស់​ ៣ ​នាក់។ មិន​ទាន់​មាន​ក្រុមណា​ចេញ​អះ​អាង​ទទួល​ខុស​ត្រូវ​លើ​ការ​វាយ​ប្រហារ​នៅ​ក្នុង​ខេត្ត​ Nangarhar​ និង​ខេត្ត ​Sari Pul​ នៅ​ឡើយ​ទេ។ ពួក​រដ្ឋ​ឥស្លាម​បាន​បង្កើត​មូលដ្ឋានរ​បស់​ខ្លួន​នៅ​ក្នុង​ខេត្ត ​Nangarhar​ កាល​ពី​ឆ្នាំ​ ២០១៥។

ការ​ប្រយុទ្ធ​ក្នុង​ចំណោម​ពួក​សកម្ម​ប្រយុទ្ធ​បាន​បង្កើន​ភាព​តាន​តឹង​កាន់​តែខ្លាំង​នៅ​ប៉ុន្មាន​សប្តាហ៍ថ្មីៗ​នេះ​ ខណៈ​ការ​ចរចា​សន្តិភាព​កំពុង​ដំណើរ​ការ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិចគ្នា​រវាង​ក្រុម​តាលីបាន​ និង​កង​កម្លាំង​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG