ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អ្នកនាំ​ពាក្យ​​ពួក​រដ្ឋ​ឥស្លាម​នៅ​​​អាហ្វហ្គានីស្ថាន​​ស្លាប់​​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​ស.រ.អា.


រូបឯកសារ៖ ផ្សែង​ហោះ​ឡើង​ក្រោយ​ពេល​មាន​ការ​វាយ​ប្រហារ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ទីតាំង​ដែល​មាន​សកម្មភាព​ឧទ្ទាម​នៅ​ខេត្ត Nangarhar ប្រទេស​អាហ្វហ្គានីស្ថាន។

ស.រ.អា.​បាន​រាយការណ៍​អំពី​ការ​ជឿន​លឿន​ថែម​ទៀត​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​កម្ចាត់​សាខា​ពួក​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​បញ្ជាក់​អំពី​ការ​ស្លាប់​នៃ​អ្នក​នាំ​ពាក្យ​របស់​ពួក​នេះ​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​មួយ​ដោយ​ស.រ.អា.។

មន្ត្រី​យោធា​ស.រ.អា.​ម្នាក់​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ឈ្មោះ ​Sultan Aziz Azam ​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៣​ ខែ​ធ្នូ​ នៅ​ក្នុង​ខេត្ត​ Nangarhar នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។ សមាជិក​ម្នាក់​ទៀត​នៃពួក​រដ្ឋ​ឥស្លាម​ក៏​បាន​បាត់​បង់​ជីវិត​ដែរ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​នោះ។

គេ​រាយការណ៍​ថា​ គ្មាន​ជន​ស៊ីវិល​ស្លាប់​ទេ​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ដែល​ពួក​មន្ត្រី​អាហ្វហ្គានីស្ថាន ​បាន​ប្រាប់​ឱ្យ​ដឹង​ជា​សាធារណៈ​មុន​គេ។​

អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​ក្រសួង​មហា​ផ្ទៃអាហ្វហ្គានីស្ថាន​បាន​និយាយ​ប្រាប់​វីអូអេ​ថា​ឈ្មោះ​ Azam​ ​ត្រូវបាន​សម្លាប់​ជាមួយ​អង្គរក្ស​បី​នាក់​របស់​គាត់។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ថ្លែង​ថា​ Azam ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុងការ​ជ្រើស​រើស​ពួក​យុទ្ធ​ជន​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ពួក​ជន​ស៊ីវិល។​

ដំណឹង​អំពី​ការ​វាយ​ប្រហារ​នេះ​មាន​ឡើង​នៅ​ក្រោយ​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​ប្រចាំ​ត្រីមាស​មួយ​ដោយ​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​ជូន​ដល់​ពួក​សមាជិក​សភា​ស.រ.អា.​ដែល​បាន​អបអរសាទរ​ដល់​ការ​ជឿន​លឿន​ធ្វើ​ឡើង​ដោយ​កង​កម្លាំង​ស.រ.អា. ​និង​កង​កម្លាំង​រដ្ឋាភិបាលអាហ្វហ្គានីស្ថាន​ប្រឆាំង​នឹង​ពួក​ភេរវជន​នេះ​ដែល​គេ​ស្គាល់​ដែរ​ថា​ជា​ពួករដ្ឋ​ឥស្លាម​ Khorasan នៃ​ក្រុម​ ISIS-K។​

បើ​តាម​របាយ​ការណ៍​នេះ​បណ្ជាក់​ថា​ «ពួក​ ISIS-K ​ប្រឈម​នឹង​ការ​បាត់​បង់​ដែនដី, ពួក​អ្នក​ដឹក​នាំ​ និង​ពួក​បុគ្គលិក​នៅ​ក្នុង​ខេត្ត ​Nangarhar»។ សេចក្តី​រាយការណ៍​នេះរាយ​ការណ៍​ក្នុង​រយៈ​ពេល​ពី​ខែ​មិថុនា​ដល់​ដំណាច់​ខែ​វិច្ឆិកា។

ក៏ប៉ុន្តែ​របាយការណ៍របស់​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​នេះ​ក៏​បាន​ព្រមាន​ដែរ​ថា​ ទោះ​ណា​ជា​មាន​ការ​ជឿន​លឿន​នៅ​ក្នុង​ខេត្ត​ Nangarhar​ ក៏​ដោយ​ក៏​ពួក​រដ្ឋ​ឥស្លាម​ Khorasan នៅ​តែ​រក​វិធី​បន្ត​ការ​ប្រយុទ្ធ​ត​ទៅ​ទៀត៕

XS
SM
MD
LG