ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ​លោក​ប្រធានា​ធិបតី​ត្រាំ​ស្វះស្វែង​រក​សន្តិភាព​ហើយ​បាន​រិះគន់​ប្រទេស​អ៊ីរ៉ង់


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់​ដៃ​ជាមួយ​លោក Benjamin Netanyahu នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល នៅ​ក្នុង​សារៈមន្ទីរ​អ៊ីស្រាអែល នៅ​ក្នុង​ក្រុង Jerusalem កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់​ដៃ​ជាមួយ​លោក Benjamin Netanyahu នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល នៅ​ក្នុង​សារៈមន្ទីរ​អ៊ីស្រាអែល នៅ​ក្នុង​ក្រុង Jerusalem កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​បាន​បំពេញ​ទស្សនកិច្ច​​នៅ​ប្រទេស​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ច័ន្ទ​ដែល​នៅ​ទី​នោះ​លោក​ប្រធានា​ធិបតី​បាន​បញ្ជាក់​ឡើង​វិញ​ពី​ចំណងទាក់​ទង​ដ៏​ជិត​ស្និទ្ធ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជាមួយ​អ៊ីស្រាអែល និង​បាន​រិះគន់​ប្រទេស​អ៊ីរ៉ង់​ដែល​ជា​គូ​សត្រូវ​រួម​ ហើយ​បាន​និយាយ​​ប្រកប​ដោយ​សុទិដ្ឋិនិយម​អំពី​លទ្ធភាព​នៃ​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន។​ លោក​ដូណាល់ ​ត្រាំ ​បាន​ក្លាយ​ជា​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដែល​កំពុង​កាន់​តំណែង​លើក​ដំបូង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ជញ្ជាំង​ខាង​លិច ឬ Western Wall ​នៃ​ទីក្រុង Jerusalem ដែល​ជា​ទី​កន្លែង​ពិសិដ្ឋ​នៃ​សាសនា​ Judist ដែល​លោក​ប្រធានា​ធិបតី​បាន​ធ្វើ​ការ​សូត្រ​ធម៌​តាម​បែប​បុរាណ​នៅ​ទី​នោះ។

ការ​សូត្រ​ធម៌​នេះ​ជា​កាយ​វិការ​នៃ​និមិត្តរូប​សម្រាប់​ប្រធានា​ធិបតី​ត្រាំ​ដែល​បាន​អញ្ជើញ​ទៅ​ដល់​ដោយ​មាន​ការ​ស្វាគមន៍​ដោយ​កម្រាល​ព្រំ​ពណ៌ក្រហម​នៅ​ក្នុង​ទីក្រុង Tel Aviv ​កាល​ពី​ថ្ងៃ​ច័ន្ទ​ដែល​ជា​ការ​ឈប់​សំចតទី​២​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ទៅ​កាន់​បរទេស។ ​លោក​ប្រធានា​ធិបតីត្រាំ​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មក​កាន់​ទឹកដី​ពិសិដ្ ឋ​និង​បុរាណ​នេះ​ដើម្បី​បញ្ជាក់​ឡើង​វិញ​នូវ​ចំណងទាក់​ទង​ដែល​មិន​អាច​កាច់​បំបាក់​បាន​រវាង​សហរដ្ឋ​អាមេរិក ​និង​អ៊ីស្រាអែល‍»។

ប្រធានា​ធិបតីត្រាំ​មាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជាមួយ​លោក Benjamin Netanyahu ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីស្រាអែល ហើយ​សង្ឃឹមថា ​នឹង​ប្រើ​ប្រាស់​ទំនាក់​ទំនង​នេះ​ធ្វើ​ឲ្យ​មាន​ភាព​ជឿនលឿន​ដល់​ការ​ចរចា​សន្តិភាព​តំបន់​មជ្ឈឹម​បូព៌ា​ដែល​ជាប់​គាំង។

ពេល​វេលា​ដ៏​លំបាក​មួយ​បាន​កើត​មាន​ឡើង​នៅពេល​ដែល​ប្រធានា​ធិបតី​ត្រាំ បាន​ត្រូវ​គេ​សួរ​អំពី​ជំនួប​នៅ​សេតវិមានកាល​ពីពេល​ថ្មីៗ​នេះ ដែល​នៅ​ទី​នោះ​មាន​ការ​ចោទ​ប្រកាន់​ថា លោក​ប្រធានា​ធិបតី​បាន​ប្រាប់​ព័ត៌មាន​សម្ងាត់​ដល់​ពួក​មន្ត្រី​រុស្ស៊ី​ដែល​ធ្វើឲ្យ​គ្រោះ​ថ្នាក់​ដល់​ប្រភពស៊ើបការណ៍​សម្ងាត់​អ៊ីស្រាអែល​ដែល​កំពុង​ធ្វើការ​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម។​ លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​ថ្លែងថា៖ «ដូច​អស់​លោក ​អ្នក ​បាន​យល់​ហើយ​ថា ​ខ្ញុំ​មិន​ដែល​មិន​បាន​និយាយ​ពាក្យ ឬ​ឈ្មោះ​អ៊ីស្រាអែល​ទេ។ ​ខ្ញុំ​មិន​ដែល​រំឮក​ឈ្មោះ​នោះ​នៅ​ក្នុង​ការ​សន្ទនា​នោះ​ទេ។ ​ពួកគេ​កំពុង​និយាយ​ថា ​ខ្ញុំ​បាន​និយាយ​ឈ្មោះ​អ៊ីស្រាអែល ​ដូច្នេះ អស់​លោក ​អ្នក ទទួល​បាន​ព័ត៌មាន​ខុស។ ខ្ញុំ​មិន​ដែល​និយាយ​ឈ្មោះ​អ៊ីស្រាអែល​ទេ‍»។

ជំនួប​ផ្សេង​ទៀត​បាន​ធ្វើ​ស្រប​ទៅ​កាន់​ការ​គ្រោង​ទុក ​ដោយ​លោក​ប្រធានាធិបតី​ត្រាំ​និង​ក្រុម​គ្រួសារ​របស់​លោក​បាន​ដើរ​កម្សាន្ត​គេហដ្ឋាន​របស់​នាយក​មន្ត្រី Netanyahu។ក្រោយ​មក លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ទទួល​ការ​សរសើរ​ពី​មេដឹក​នាំអ៊ីស្រាអែល។​លោក Benjamin Netanyahu នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ចង់​ឲ្យ​អស់​លោក ​អ្នក​ដឹងថា​តើ​យើង​អរគុណ​ប៉ុន្មានចំពោះ​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​របស់​អាមេរិក​ចំពោះ​ប្រទេស​អ៊ីរ៉ង់​នោះ។ ខ្ញុំ​ចង់​ឲ្យ​អស់​លោក​អ្នកដឹងថា ​តើ​យើង​អរគុណ​ប៉ុន្មាន​ចំពោះ​ការ​សម្រេច​ចិត្ត​ដ៏​ហ្មត់ចត់​របស់​លោក​ដើម្បី​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​អាវុធ​គីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី​នោះ ហើយ​ខ្ញុំ​ចង់​ប្រាប់​អស់​លោក ​អ្នក​ដែរ​ថា ​តើ​ខ្ញុំ​អរគុណ​ប៉ុន្មាន​ចំពោះ​ការ​បញ្ជាក់​អះអាង​ឡើង​វិញ​របស់​មេដឹកនាំ​អាមេរិក​នៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​នោះ‍»។

នៅ​ពេល​ជាបេក្ខជន​ប្រធានាធិបតី ​លោក​ត្រាំ​បាន​សន្យា​ថា រដ្ឋបាល​របស់​លោក​ និង​អ៊ីស្រាអែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​តែ​មួយ។

ក៏ប៉ុន្តែ ​កាល​ពីពេល​ថ្មីៗ​នេះ ​ការ​ខ្វែង​គំនិត​គ្នា​បាន​ផុស​ចេញឡើង​លើ​ការ​តាំង​ទី​លំនៅ​របស់​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់​នានា​ដែល​ជន​ជាតិ​ប៉ាឡេស្ទីន​បាន​ទាម​ទារ​សម្រាប់​បង្កើត​រដ្ឋ​របស់​ខ្លួន។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ក៏​មិនបាន​ធ្វើ​ទៅ​តាម​ការសន្យា​ក្នុង​ពេល​យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោកដើម្បី​រើ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ពី​ទី​ក្រុង Tel Aviv ទៅ​កាន់​ទីក្រុង Jerusalem។

បញ្ហា​ទាំង​នោះទំនង​នឹង​ត្រូវ​ពិភាក្សា​នៅ​ថ្ងៃ​អង្គារ ​នៅ​ពេល​ដែល​លោក​ប្រធានា​ធិបតី​ត្រាំ​ជួប​ជាមួយ​លោក Mahmoud Abbas មេដឹកនាំ​អាជ្ញាធរ​ប៉ាឡេស្ទីន។

លោក​ប្រធានា​ធិបតី​ត្រាំ​ដែល​ចាត់​ទុក​ខ្លួន​លោក​ថា​ជា​អ្នក​ជំនាញ​ខាង​ការចរចានោះ​បាន​និយាយថា ​លោក​សង្ឃឹមថានឹង​ធ្វើ​ការ​ជាមួយ​ពួក​មេដឹកនាំ​អារ៉ាប់​ដើម្បី​ធ្វើ​ឲ្យ​បាន​សម្រេច​នូវ​សន្តិភាព​ជាមួយ​អ៊ីស្រាអែល​ដោយ​បាន​ហៅ​ថា ​វា​ជាកិច្ច​ព្រម​ព្រៀង​ផ្តាច់​ព្រ័ត្រ៕

ប្រែសម្រួល​ដោយ ជឹង ​ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG