កាលពីថ្ងៃចន្ទ រដ្ឋាភិបាលស.រ.អា.បានបញ្ជាក់ទៀតថា ប្រទេសអ៊ីរ៉ង់បានធ្វើតាមកិច្ចព្រមព្រៀងអន្តរជាតិកាលពីឆ្នាំ២០១៥អំពីកម្មវិធីបរមាណូរបស់ខ្លួន ដែលជាកិច្ចព្រមព្រៀងមួយលោកប្រធានាធិបតី Donald Trump បានហៅថាជា«កិច្ចព្រមព្រៀងអាក្រក់បំផុតដែលបានត្រូវធ្វើការចរចា»។
តាមរយៈច្បាប់ស.រ.អា. ក្រសួងការបរទេសស.រ.អា.ត្រូវតែប្រាប់សភាស.រ.អា.រៀងរាល់៩០ថ្ងៃអំពីការធ្វើតាមកិច្ចព្រមព្រៀងនេះដោយប្រទេសអ៊ីរ៉ង់។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលអាមេរិកាំងបាននិយាយថានៅពេលដែលប្រទេសអ៊ីរ៉ង់ធ្វើតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះតាមបច្ចេកទេស ប្រទេសនេះ «មិនប្រកាន់តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ ដោយគ្មានការសង្ស័យឡើយ» ដោយនិយាយបន្ថែមថារដ្ឋបាលលោក Trump កំពុងធ្វើការជាមួយពួកសម្ព័ន្ធមិត្តក្នុងការពង្រឹងកិច្ចព្រមព្រៀងនេះឱ្យបានតឹងរ៉ឹង ជាងមុនថែមទៀតផង។
មន្ត្រីជាន់ខ្ពស់រូបនេះបាននិយាយប្រាប់ពួកអ្នកកាសែតថាសេតវិមានមានជំនឿថាប្រទេសអ៊ីរ៉ង់នៅតែជារដ្ឋាភិបាលមួយក្នុងបណ្តារដ្ឋាភិបាលនានាដែលមានគ្រោះថ្នាក់បំផុត ហើយលោកបាននិយាយយោងដល់ភស្តុតាងអំពីការគាំទ្ររបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ដល់ភេរវកម្ម ការបន្តមានអរិភាពប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ការវាយប្រហារតាមបណ្តាញអ៊ីនធឺណិតប្រឆាំងនឹងស.រ.អា. និងការរំលោភលើសិទ្ធិមនុស្សយ៉ាងច្រើនផងដែរ។
មន្ត្រីអាមេរិកាំងរូបនេះបាននិយាយថា «សកម្មភាពទាំងនេះបានធ្វើឱ្យអន្តរាយធ្ងន់ធ្ងរដល់គោលបំណងនៃកិច្ចព្រមព្រៀងនេះ»៕