ស.រ.អា.បានរិះគន់ប្រទេសចិនអំពីការលួចចូលក្នុងគេហទំព័ររបស់ស.រ.អា. ដែលមានជំនួយពីរដ្ឋាភិបាល។ វាជាការចោទប្រកាន់ដោយត្រង់ៗ ខណៈដែលអាជ្ញាធរនៅក្រុងវ៉ាស៊ីនតោនបន្តធ្វើការស៊ើបអង្កេតអំពីការលួចចូលទៅក្នុងកុំព្យូទ័ររដ្ឋាភិបាលសហព័ន្ធដែលមានទិន្នន័យរបស់ក្រុមនិយោជិក។
លោករដ្ឋមន្រ្តីក្រសួងរតនាគារ Jack Lew បានធ្វើអត្ថាធិប្បាយកាលពីថ្ងៃអង្គារនៅក្នុងថ្ងៃទីពីរនៃកិច្ចចរចាជាន់ខ្ពស់ស្តីអំពីសន្តិសុខ និងសេដ្ឋកិច្ចជាមួយមន្រ្តីចិន។
លោក Lew ថ្លែងថា «ស.រ.អា.នៅមានការព្រួយបារម្ភខ្លាំងអំពីការចូលលួចព័ត៌មានតាមអ៊ីនធឺណិតដែលមានរដ្ឋាភិបាលចិនជួយឧបត្ថម្ភ»។
នៅក្នុងអត្ថាធិប្បាយសាធារណៈ លោក Lew មិនបាននិយាយជាក់លាក់អំពីការលួចចូលតាមអ៊ីនធឺណិតមួយចំនួនដែលគេបានប្រកាស់ឲ្យដឹងនៅដើមខែនេះទេ ដែលអ្នកលួចចូលបានលួចយកព័ត៌មានសម្ងាត់ និងផ្ទាល់ខ្លួនរបស់អតីតនិយោជិក និងបច្ចុប្បន្ននៃរដ្ឋាភិបាលស.រ.អា.។
រដ្ឋបាលលោក អូបាម៉ា មិនបានចោទប្រកាន់រដ្ឋាភិបាលចិនដោយចំហរថាជាអ្នកនៅពីក្រោយការលួចចូលក្នុងកុំព្យូទ័ររបស់ក្រសួង Office of Personnel Management ទេ តែមន្រ្តីជាច្រើននាក់បាននិយាយថា អស់លោកមានជំនឿកាន់តែខ្លាំងឡើងថា រដ្ឋាភិបាលចិនជាអ្នកឧបត្ថម្ភសកម្មភាពនេះ៕