ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​មិន​អាច​សន្និដ្ឋាន​ថា​តើ​អ្នក​លួច​ចូល​អ៊ិនធឺណិត​នៅ​ចិន​ជា​អ្នក​វាយ​ប្រហារ​អ៊ិនធឺណិត​ឬ​យ៉ាង​ណា​ទេ


បុរស​ម្នាក់​វាយ​អក្សរ​លើ​កុំព្យូទ័រ​នៅ​ក្នុង​រូបភាព​មួយ​នេះ។
បុរស​ម្នាក់​វាយ​អក្សរ​លើ​កុំព្យូទ័រ​នៅ​ក្នុង​រូបភាព​មួយ​នេះ។

សេតវិមាន​បាន​និយាយ​ថា​ខ្លួន​មិន​អាច​សន្និដ្ឋាននៅ​ពេល​នេះ​បាន​ទេ​ថា ​ក្រុម​អ្នក​លបលួច​ចូល​ក្នុង​បណ្តាញ​អ៊ិនធឺណិត​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ចិន​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អ៊ិនធឺណិត​ធំ​មួយ​លើ​ទីភ្នាក់ងារ​សហព័ន្ធ​ដែល​ទទួល​ខុស​ត្រូវ​ដល់​ការ​ប្រមូល​ព័ត៌មាន​អំពី​ប្រវត្តិ​បុគ្គលិក​រដ្ឋាភិបាល​រាប់​លាន​នាក់ ​និង​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុញ្ញាតិ​ឲ្យ​មន្រ្តី​អាមេរិកាំង​ទាំង​នោះ​អាច​ទទួល​បាន​នូវ​ព័ត៌មាន​សម្ងាត់​ស្តី​ពី​សនិ្តសុខ​ជាតិ។

លោក​ Josh Earnest ​អ្នកនាំ​ពាក្យ​សេតវិមាន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ការិយាល័យ FBI ​កំពុង​បន្ត​ស៊ើបអង្កេត​អំពី​បទល្មើស​ខាង​សន្តិសុខ​នេះ​ដោយ​លោក​បាន​កត់សម្គាល់​ថា​នៅ​មាន​កិច្ចការ​ជាច្រើន​ត្រូវ​ធ្វើ​ដើម្បី​កំណត់​ថា​តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ។

កាល​ពី​ពេល​មុន​នេះ​ ក្រុម​មន្ត្រី​ផ្នែក​ពង្រឹង​ច្បាប់​ស.រ.អា.​បាននិយាយ​ថា​អ្នក​លបលួច​ចូល​ក្នុង​បណ្តាញ​កុំព្យូទ័រ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ចិន​ ហើយ​ដែល​អាច​មាន​ចំណង​ទាក់ទង​ជា​មួយ​រដ្ឋាភិបាល​ចិន​បាន​ឋិត​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នោះ​ ទោះណា​ជា​ពួកគេ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​អំពី​ថា​ហេតុ​ដូចម្តេច​បាន​ជា​ពួកគេ​សន្និដ្ឋាន​ដូច្នេះ។​

កាល​ពី​ថ្ងៃ​សុក្រ លោក​ Hong Lei ​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​ការ​ចោទប្រកាន់​ទាំងនេះ​ថា​ជា «ការ​ដែល​មិន​ទទួល​ខុស​ត្រូវ» ​ដោយ​លោក​បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​បែបនេះ​ «ជាទូទៅ​ជា​ការ​វាយ​ប្រហារ​អនាមិក ​និង​បាន​ត្រូវ​ធ្វើ​ឆ្លងកាត់​ព្រំដែន​ហើយ​ជា​ការ​ពិបាក​ក្នុង​ការ​តាម​រក​ប្រភព​នៃ​ការ​វាយ​ប្រហារ​ទាំងនេះ»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ការិយាល័យ​ផ្នែក​ចាត់ចែង​បុគ្គលិក​ហៅ​កាត់ថា​ OPM ​បាន​និយាយ​ថា​មាន​បុគ្គលិក​សហព័ន្ធ​បច្ចុប្បន្ន ​និង​អតីត​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ចំនួន​៤លាន​នាក់​មាន​ផល​ប៉ះពាល់​នៅ​ក្នុង​អ្វី​ដែល​ជា​ការ​ប្រព្រឹត្ត​ល្មើស​ធំ​បំផុត​ទៅ​លើ​ទិន្នន័យ​បុគ្គលិក​រដ្ឋាភិបាល​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ៕

XS
SM
MD
LG