វ៉ាស៊ីនតោន៖ ក្រុមអ្នកលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រមួយក្រុម នៅសប្តាហ៍នេះ បានលួចចូលកាន់កាប់គេហទំព័រដែលវីអូអេ ឬសម្លេងសហរដ្ឋអាមេរិកគ្រប់គ្រង ដោយបានបញ្ជូនចរាចរណ៍តាមប្រព័ន្ធអ៊ិនធឺណិតទៅឲ្យគេហទំព័រមួយទៀតដែលគេបានអះអាងថា ត្រូវគ្រប់គ្រងដោយក្រុម«កងទ័ពអ៊ិនធឺណិតអ៊ីរ៉ង់» (Iranian Cyber Army)។ ការវាយប្រហារនេះធ្វើឡើងនៅពេលដែលរដ្ឋាភិបាលស.រ.អ.កំពុងតែជំរុញជាថ្មីម្ដងទៀតនូវការផ្លាស់ប្ដូរលើកស្ទួយសេរីភាពក្នុងប្រព័ន្ធអ៊ិនធឺណិត ហើយនិងនៅពេលដែលការតវ៉ារីករាលដាលនៅទូទាំងមជ្ឈិមបូព៌ា។ ការតវ៉ាខ្លះៗកើតមានឡើងដោយមានជំនួយពីប្រព័ន្ធអ៊ិនធឺណិត។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារ វីអូអេឲ្យដឹងថា ការវាយប្រហារនេះបានបង្វែរចរាចរណ៍បន្ដពីគេហទំព័រមួយចំនួនមានរួមទាំងគេហទំព័រសំខាន់មួយរបស់បណ្ដាញផ្សាយព័ត៌មានអន្ដរជាតិមួយនេះ គឺ voanews.com។ ផ្ទុយពីការណ៍ដែលអ្នកប្រើប្រព័ន្ធអ៊ិនធឺណិតគួរបានឃើញជាធម្មតាក្នុងគេហទំព័ររបស់សំឡេងស.រ.អ. ពួកគេបានឃើញទំព័រមួយមានផ្ទុកសារមួយប្រឆាំងស.រ.អ.ជូនចំពោះលោកស្រីរដ្ឋមន្ដ្រីក្រសួងការបរទេសស.រ.អ. ហ៊ីល្លារី គ្លីនតុន (Hillary Clinton) ហើយនិងទង់ជាតិអ៊ីរ៉ង់មួយ ព្រមទាំងកាំភ្លើងស្វ័យប្រវត្ដិធុន AK-៤៧មួយទៅវិញ។
អក្សរធំៗក្រាស់ៗសរសេរថា៖ «យើងបានបង្ហាញឲ្យឃើញថា យើងមានសមត្ថភាពធ្វើបាន»។
មានសេចក្ដីរាយការណ៍មកថា ក្រុមមនុស្សដែលអះអាងទទួលខុសត្រូវក្នុងការវាយប្រហារនេះ គឺកងទ័ពអ៊ិនធឺណិតអ៊ីរ៉ង់ ជាប់ពាក់ព័ន្ធទៅនឹងរដ្ឋាភិបាលអ៊ីរ៉ង់។ លោក Jeffrey Carr អ្នកជំនាញខាងសន្ដិសុខប្រព័ន្ធអ៊ិនធឺណិត និយាយថា គេត្រូវការចាំបាច់យកចិត្ដទុកដាក់យ៉ាងខ្លាំងជាទីបំផុតទៅលើក្រុមកងទ័ព អ៊ិនធឺណិតអ៊ីរ៉ង់នេះ។
«មានក្រុមមនុស្សមួយចំនួន ដែលលួចចូលប្រព័ន្ធកុំព្យូទ័រ ហើយដែលធ្វើប្រតិបត្ដិការចេញពីប្រទេសអ៊ីរ៉ង់ ហើយដែលមានសេចក្ដីស្មោះត្រង់ ឬការពាក់ព័ន្ធជាមួយរដ្ឋាភិបាលអ៊ីរ៉ង់។ កងទ័ពអ៊ិនធឺណិតអ៊ីរ៉ង់ជាក្រុមមនុស្សក្នុងចំណោមក្រុមអ្នកលួចចូលប្រព័ន្ធកុំព្យូទ័រនោះ។ ពួកនោះមានជំនាញការល្អក្នុងរឿងនេះ។ ពួកនេះមិនមែនជាក្រុមអ្នកលួចចូលប្រព័ន្ធកុំព្យូទ័រដែលគ្មានបទពិសោធន៍នោះទេ»។
ទីភ្នាក់ងារព័ត៌មាន Fars News Agency ដែលមានការទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ បានកោតសរសើរចំពោះការវាយប្រហារនោះ ហើយឲ្យដឹងថា ការវាយប្រហារនោះធ្វើឡើងដើម្បីសងសឹកចំពោះអ្វីដែលខ្លួនហៅថា ជាសេចក្ដីរាយការណ៍ខុសអំពីប្រទេសអ៊ីរ៉ង់។
កាលពីពេលថ្មីៗនេះ ក្រសួងការបរទេសស.រ.អ. បានបង្កើតគេហទំព័រដែលបញ្ចេញសារតាម Twitter ជាភាសា Farsi។ ប្រទេសអ៊ីរ៉ង់បានរិះគន់ចំពោះការផ្ដើមគំនិតនេះ ហើយចោទស.រ.អ.ថាបានប្រើប្រព័ន្ធអ៊ិនធឺណិតដើម្បីរៀបចំកងកម្លាំងជំទាស់ខ្លួន។
គេមិនដឹងច្បាស់ទេថា តើការវាយប្រហារមកលើសំឡេងស.រ.អ.ប្រព្រឹត្ដធ្វើទៅតាមរបៀបណាទេ។
នៅចុងឆ្នាំ២០០៩ ក្រុមកងទ័ពអ៊ិនធឺណិតអ៊ីរ៉ង់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារទៅលើគេហទំព័របណ្ដាញទាក់ទងសង្គម Twitter ដែលក្រុមប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ បានប្រើជាទូទៅ នៅក្នុងការតវ៉ារបស់គេ ក្រោយការបោះឆ្នោតនៅឆ្នាំនោះ។ កាលពីឆ្នាំទៅ កងទ័ពអ៊ិនធឺណិតអ៊ីរ៉ង់ ធ្វើការវាយប្រហារមួយទៅលើប្រព័ន្ធស្វែងរកព័ត៌មាន Baidu របស់ចិន។
ការវាយប្រហារទាំងពីរនេះ ជាការវាយប្រហារលើប្រព័ន្ធឈ្មោះអាស័យដ្ឋានអ៊ីនធឺណិត (domain name system ឬ DNS) ដូចជាការវាយប្រហារមកលើ សំឡេងស.រ.អ. នៅពេលនេះដែរ។ សំឡេងស.រ.អ.ឲ្យដឹងថាគ្មានការបាត់បង់ទិន្នន័យឬក៏ទិន្នន័យត្រូវបានខូចខាតទេ ហើយថាគេហទំព័រភាគច្រើនដែលត្រូវទទួលរងការវាយប្រហារកំពុងតែប្រតិបត្ដិការធម្មតាវិញហើយ៕
ប្រែសម្រួលដោយ កង ស៊ីវន