ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាមេរិកអាស៊ាន កាលពីថ្ងៃព្រហស្បតិ៍ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានបរិហារប្រទេសចិនចំពោះសកម្មភាពយោធា និងស៊ីវិលនារយៈពេលចុងក្រោយនេះ នៅលើតំបន់ទឹកមានជម្លោះនៅសមុទ្រចិនខាងត្បូង និងលើកទឹកចិត្តឱ្យប្រទេសនានា ងើបឡើងប្រឆាំងនឹងទង្វើរបស់ចិន។
ស្របពេលគ្នានេះផងដែរ មន្ត្រីរដ្ឋាភិបាលកម្ពុជាបានបង្ហាញក្ដីបារម្ភអំពីភាពតានតឹង និងបានអំពាវនាវឱ្យបណ្ដាគូភាគីនានារាប់ទាំងចិនផង ត្រូវជជែកគ្នាដោយសន្តិវិធីចៀសវាងការឈានទៅរកអំពើហិង្សានិងការផ្ទុះអាវុធ។
លោកប្រមុខការទូតអាមេរិក Mike Pompeo បានថ្លែងនៅចំពោះមុខបណ្ដាសមភាគីអាស៊ានយ៉ាងដូច្នេះថា៖
«សហរដ្ឋអាមេរិកសូមសម្ដែងការជំទាស់ដ៏ខ្លាំងក្លារបស់ខ្លួន ទៅនឹងទង្វើរំខានយាយីរបស់ចិន ហើយយើងសង្ឃឹមថា បណ្ដាប្រជាជាតិដទៃទៀតនឹងមូលមតិគ្នាទាមទារឱ្យចិនមានការទទួលខុសត្រូវ[ចំពោះទង្វើរបស់ខ្លួន]»។
កងឆ្មាំសមុទ្ររបស់ចិនត្រូវបានរាយការណ៍ថា បុកពន្លិចទូកនេសាទវៀតណាម កាលពីថ្ងៃទី២ ខែមេសា ដោយចោទទូកនេសាទវៀតណាមថា ព្យាយាមហ៊ុមព័ទ្ធនាវាល្បាតរបស់ខ្លួន ហើយនៅថ្ងៃទី១៩ ខែមេសា ក្រុមប្រឹក្សារដ្ឋចិនបានចាត់បញ្ចូលបណ្ដុំកោះប៉ារ៉ាសែល និងស្ប៉ាតលីក្នុងសមុទ្រចិនខាងត្បូងជាដែនដីក្នុងបញ្ជីរដ្ឋបាលផ្លូវការចំណុះខេត្តហៃណានរបស់ខ្លួន។
កងនាវាឆ្មាំសមុទ្ររបស់ចិន ក៏បានរំកិលទៅបង្ហាញវត្តមានក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខក្នុងដែនទឹក ដែលកាន់កាប់ដោយប្រទេសម៉ាឡេស៊ីផងដែរ។
លោក Mike Pompeo បានបរិយាយទង្វើរបស់ចិនថាជា «ការគំរាមកំហែងរយៈកាលវែងលើសន្តិសុខរួម» របស់សហរដ្ឋអាមេរិកនិងបណ្ដាប្រទេសអាស៊ាន ហើយថា ក្នុងពេលដែលបណ្ដាប្រទេសនានាកំពុងជាប់ដៃទប់ទល់នឹងជំងឺកូវីដ១៩ ប្រទេសចិនឆ្លៀតកេងចំណេញស្ថានការណ៍បំពានយកប្រៀបក្នុងជម្លោះភូមិសាស្ត្រដ៏ក្ដៅ និងរសើបមួយនេះ។
ពិតណាស់រដ្ឋភាគីក្នុងដែនសមុទ្រចិនខាងត្បូងដូចជា វៀតណាម និងហ្វីលីពីន សុទ្ធតែបានបញ្ចេញសំឡេងជំទាស់ទៅនឹងដំណើររំកិលថ្មីរបស់ចិនក្នុងជម្លោះនេះ ហើយអាចនឹងតបតនឹងចិនតាមវិធីនានាបានខ្លះ។ តែថា តើប្រទេសនានាក្រៅពីនេះអាចចូលរួមប្រកៀកស្មា នឹងអាមេរិកតទល់ជាមួយចិនបានដល់កម្រិតណានោះ វានៅជាការសង្ស័យមួយ។
ក្តីសង្ស័យជារឿងសមហេតុផលពីព្រោះថា សូម្បីតែម៉ាឡេស៊ីដែលមានកងទ័ពជើងទឹកកំពុងប្រឈមមុខនឹងកងនាវាឆ្មាំសមុទ្រចិន ហើយនិងប្រទេសព្រុយណេ ក៏មិនទាន់ឆ្លើយតបជាសម្ដីធំសម្ដីតូចអ្វីដាក់ចិននៅឡើយ កុំថាឡើយប្រទេសដទៃ។
ដំបូងគេគួរពិនិត្យមើលសិនទៅលើចេតនារបស់អ្នកយុទ្ធសាស្ត្រចិន នៅប៉េកាំង អំពីវត្ថុបំណងនៃការពង្រីកសកម្មភាពបន្តបន្ទាប់គ្នា នៅសមុទ្រចិនខាងត្បូង និងបញ្ជាក្រុមនាវាធ្វើដំណើរក្បែរកោះតៃវ៉ាន់ ដែលគ្រប់គ្រងស្វយ័តផងដែរ។
លោកស្រី Nadège Rolland អ្នកជំនាញកិច្ចការសន្តិសុខនៅមន្ទីរជាតិស្រាវជ្រាវកិច្ចការអាស៊ី (NBAR) សហរដ្ឋអាមេរិកបានឱ្យដឹងថា លោកស្រីយល់ស្របនឹងលោក Pompeo ដែលបរិយាយអំពីកាលវេលានៃសកម្មភាពនិងវត្ថុបំណងរបស់ចិន។
អ្នកស្រាវជ្រាវរូបនេះបានប្រាប់ VOA តាមសារអេឡិចត្រូនិកយ៉ាងដូច្នេះថា៖
«ស្ថានការណ៍នៃកាលៈទេសៈដែលមានរោគឆ្លងជាសាកលនេះ ត្រូវបានថ្នាក់ដឹកនាំចិនមើលឃើញថាជាឱកាសមួយក្នុងការបង្កើនសន្ទុះពង្រីកនូវសកម្មភាពរបស់ខ្លួន ខណៈបណ្ដារដ្ឋដទៃកំពុងវល់វក់ផ្ដោតនឹងបញ្ហាខាងក្នុងប្រទេស មិនចាប់អារម្មណ៍អើពើ [នឹងសមុទ្រចិនខាងត្បូង] ដែលស្ថិតក្នុងស្ថានភាពមិនរៀបរយ»។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានលើកឡើងនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃទី២៣ ខែមេសា ដោយគូសបញ្ជាក់ជាថ្មីអំពីសិទ្ធិអធិបតេយ្យជាប្រវត្តិសាស្ត្ររបស់ខ្លួន នៅតំបន់ទឹកមានជម្លោះដែលរដ្ឋាភិបាលក្រុងប៉េកាំង បានឱបប្រមូលស្ទើរតែទាំងស្រុងនៃដែនទឹក ដែលជាច្រកនាវាចរណ៍ដ៏សំខាន់ និងមមាញឹកបំផុតរបស់ពិភពលោក។
ទោះជាចិនព្យាយាមបង្ហាញជំហរចង់សន្ទនា និងពិគ្រោះយោបល់លើបញ្ហានេះក៏ដោយ លោក Geng Shuang ក៏បានលើកឡើងអំពីការតាំងចិត្តដាច់ណាត់របស់ចិន ការពារទឹកដីរបស់ខ្លួន ហើយបរិហារវោហាស័ព្ទរបស់សហរដ្ឋអាមេរិក ថាជារឿង «កុហក» និងជា «ពាក្យចចាមអារ៉ាម» ប្រុងបំបែកទំនាក់ទំនងរវាងចិន និងប្រទេសជិតខាង។
ដំណាលគ្នានេះដែរ លោកស្រី Elina Noor សាស្ត្រាចារ្យរងជំនាញសន្តិសុខអន្តរជាតិនៅមជ្ឈមណ្ឌលដានីញែលខេអ៊ីនូយីអាស៊ីប៉ាស៊ីហ្វិក ដើម្បីការសិក្សាកិច្ចការសន្តិសុខនៃក្រសួងការពារជាតិអាមេរិកាំង បានឱ្យដឹងថា ទង្វើថ្មីៗរបស់ចិនជាប្រការដែល «គួរឱ្យខកចិត្ត» ទោះបីការណ៍នេះមិនមែនជាលើកដំបូងដែលចិនធ្វើដូច្នេះក៏ដោយ។
លោកស្រីបានប្រាប់ VOA ថា៖ «ជាអកុសល វាបាននាំឱ្យមានសំណួរសង្ស័យទៅលើការតាំងចិត្តរបស់ប្រទេសចិន ក្នុងការដោះស្រាយវិវាទសមុទ្រចិនខាងត្បូង ប្រកបដោយសន្តិវិធីដោយស្របទៅតាមក្របខណ្ឌគតិយុត្តិអន្តរជាតិនានា»។
សេចក្ដីស្នើរបស់លោក Mike Pompeo ទទួលបានការយល់ស្របពេញចិត្តពេញថ្លើមភ្លាមៗពីលោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសវៀតណាម ជាប្រទេសដែលបានសាងទំនាក់ទំនងសន្តិសុខជិតស្និទ្ធទៅៗជាមួយអាមេរិក និងលោកខាងលិច ខណៈវៀតណាមមានប្រទេសចិនទំហំធំជាងនៅជាប់របងផ្ទះ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រោយជំនួបអាស៊ានអាមេរិកលោក PhamBinh Minh និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អំឡុងពេលអាសន្នអន់ក្រនេះ អ្វីដែលយើងត្រូវការបំផុតនោះ គឺបរិយាកាសដែលប្រកបដោយសន្តិភាពនិងសន្តិសុខ។ ខណៈដែលគ្រប់គ្នាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងទ្វេដងបន្ថែមទៀត ដើម្បីទប់ទល់នឹងការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ យើងពុំគួរគប្បីធ្វេសប្រហែសពុំអើពើលើបណ្ដាកិច្ចការ ដែលមានផលវិបាករយៈពេលយូរចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់នោះទេ»។
យ៉ាងណាក៏ដោយអ្នកស្រី Elina Noor បានឱ្យដឹងថា ការអំពាវនាវពីសហរដ្ឋអាមេរិកឱ្យអាស៊ានទាំងមូលចូលរួមតទល់នឹងចិន នេះជាវិញ្ញាសាដែលមានឧបសគ្គច្រើន ដោយសារតែបណ្ដារដ្ឋជាសមាជិកនីមួយៗ មានផលប្រយោជន៍ជាតិនៅបាំងមុខ ហើយមានគោលគំនិតផ្សេងៗគ្នាទៅលើជម្លោះនៅសមុទ្រចិនខាងត្បូងនេះ។
ចំពោះបណ្ដាប្រទេសជាសមាជិកដទៃដែលជោគជាំទៅដោយជំនួយ ការវិនិយោគឯកជននិងការផ្ដល់ជំនួយគ្មានលក្ខខណ្ឌនយោបាយ ដើម្បីកែទម្រង់ផ្ទៃក្នុងដូចយ៉ាង កម្ពុជា ឡាវ និងមីយ៉ាន់ម៉ានោះ ការនិយាយជំទាស់នឹងចិនត្រូវបានមើលឃើញថា មិនងាយនឹងកើតឡើងទេកុំថាឡើយងើបឡើងប្រឆាំងចិនក្នុងរូបភាពផ្សេងទៀតនោះ។
ជំហររបស់កម្ពុជា
គេមិនច្បាស់ទេ ថាតើលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដែលមានវត្តមានក្នុងកិច្ចប្រជុំជាមួយលោក Mike Pompeo បានលើកឡើង ឬអត់ ឬបង្ហាញជំហរបែបណាទៅលើភាពតានតឹងនៅក្នុងជម្លោះនេះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា រដ្ឋាភិបាលក្រុងភ្នំពេញមានក្ដីបារម្ភចំពោះការប្រឈមមុខដាក់គ្នា និងភាពតានតឹងនៅសមុទ្រចិនខាងត្បូង ហើយអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមទាំងចិនផង ផ្ដោតជាអាទិភាពលើការជជែកដោះស្រាយបញ្ហា ដោយសន្តិវិធី។
លោកបានប្រាប់ VOA ថា៖«កម្ពុជាមិនមានអ្វីដែលជាប់នៅក្នុងភាគីទំនាស់នោះផងទេ ហើយយើងនៅតែលើកទឹកចិត្តសុំឱ្យមានការចរចាការជជែកគ្នា ជាជាងការប្រើអំពើហិង្សា»។
កម្ពុជាត្រូវបានក្រុមសារព័ត៌មាននិងបញ្ញវ័ន្តលោកខាងលិចរាយការណ៍ថា បានជិតស្និទ្ធនឹងចិនជាងគេជាងឯងក្នុងតំបន់ និងបានបង្ហាញការល្អូកល្អឺនជាមួយចិនកាន់តែខ្លាំងឡើង ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅសួរសុខទុក្ខមេដឹកនាំចិនមុនគេ ពេលផ្ទុះជំងឺកូវីដ១៩ នៅដើមខែកុម្ភៈ។ ចំណែកចិនក៏បានផ្ដល់ជំនួយឲ្យកម្ពុជាច្រើនក្រាស់ក្រែលដែរ សម្រាប់ប្រឆាំងជំងឺកូវីដ១៩។
យ៉ាងណាក៏ដោយ កម្ពុជាក៏ឆ្លៀតស្ទាបស្ទង់ជំហររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនម្ដងៗដែរ ដូចជាបានព្យាយាមជួយអ្នកដំណើរអាមេរិកចេញពីកប៉ាល់ Westerdam និងបានសន្ទនាគ្នាជាបន្តបន្ទាប់នៅកម្រិតថ្នាក់ដឹកនាំរដ្ឋ ក្នុងនោះមានការសន្ទនាតាមទូរស័ព្ទរវាងលោក Mike Pompeo និងលោក ហ៊ុន សែន កាលពីថ្ងៃទី៨ ខែមេសា បន្ទាប់ពីកម្ពុជាមានភាពរកាំរកូសជាមួយសហរដ្ឋអាមេរិក។
លោក ប៉ូ សុវីនដា បេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យ Griffith ប្រទេសអូស្ត្រាលី មានប្រសាសន៍ថា បណ្ដាប្រទេសអាស៊ានក្រៅពីប្រទេស ដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង ក៏មានជំហរស្រដៀងគ្នានឹងកម្ពុជាផងដែរ ដែលចង់ឃើញការដោះស្រាយដោយសន្តិវិធី។
«មេដឹកនាំអាស៊ានមិនដែលយល់ថា អាស៊ានជាវេទិកាសម្រាប់កាត់ក្ដីទេ តែជាកន្លែងមួយដែលអាចប្រមូលផ្ដុំនូវភាគីពាក់ព័ន្ធទាំងឡាយ ដើម្បីមកអង្គុយតុរួមគ្នាហើយជជែកគ្នា ដោះស្រាយបញ្ហារួមគ្នា»។
តួនាទីរបស់សហរដ្ឋអាមេរិក
ទន្ទឹមគ្នានេះដែរ លទ្ធភាពនៃការចូលរួមរបស់សហរដ្ឋអាមេរិកនៅតែមានការចំហ សម្រាប់ជាជម្រើសរបស់បណ្ដារដ្ឋជាសមាជិកអាស៊ាន។ នេះបើយោងតាមលោកស្រី Nadège Rolland នៃមន្ទីរជាតិស្រាវជ្រាវកិច្ចការអាស៊ី (NBAR) ដែលមើលឃើញថា អាមេរិកបណ្ដែតបណ្ដោយឱ្យចិនពង្រីកការវាតទីជាយុទ្ធសាស្ត្រអស់មួយទសវត្សរ៍មកហើយ។
លោកស្រីមានប្រសាសន៍ថា៖ «និយាយក្នុងសំឡេងតែមួយបន្ទរនូវការទាមទារដូចគ្នា និងឆ្លើយតបព្រមគ្នាទៅនឹងការរំខានយាយី។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគួរណាស់ តែធ្វើឱ្យប្រាកដថា អាស៊ាននៅឯកភាពគ្នា ហើយផ្ដល់នូវការគាំទ្រជំនួយផ្នែកការទូតនយោបាយ និងយោធាតាមដែលអាស៊ានត្រូវការចាំបាច់ដើម្បីឈរជើងនៅសមរភូមិមុខ»។
យ៉ាងណាក៏ដោយលោកស្រី Elina Noor នៃមជ្ឈមណ្ឌលដានីញែលខេអ៊ីនូយីអាស៊ីប៉ាស៊ីហ្វិក ដើម្បីការសិក្សាកិច្ចការសន្តិសុខ បានលើកឡើងថា ប្រសិទ្ធភាពនៃការចូលរួមរបស់សហរដ្ឋអាមេរិកមានដល់កម្រិតណា វាអាស្រ័យលើសមាជិកអាស៊ាន ដែលត្រូវវិភាគគន់គូរ និងសម្រេចលើការប្រាស្រ័យទាក់ទងជាមួយអាមេរិក និងចិន។
លោក ប៉ូ សុវីនដា នៃសាកលវិទ្យាល័យ Griffith ប្រទេសអូស្ត្រាលីបានចោទជាសំណួរលើប្រសិទ្ធភាពនៃអំណាចសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump ដែលជារឿយៗបាត់មុខគ្មានវត្តមានក្នុងជំនួបនានា នៅអាស៊ីអាគ្នេយ៍ដែលផ្ដួចផ្ដើមដោយអាស៊ាន។
«ឥទ្ធិពលរបស់អាមេរិកថ្វីដ្បិតតែវាមិនធ្លាក់ចុះ តែ វានៅទ្រឹង។ នៅទ្រឹងនៅត្រង់ន័យថា ចិនកំពុងរីកត្រដែតខ្លាំងនៅលើវិស័យយោធា និងសេដ្ឋកិច្ចដែលកំពុងតែប្រកៀកប្រកិតជាមួយនឹងសហរដ្ឋអាមេរិក ដែលនាំឱ្យឥទ្ធិពលអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏វាថមថយចុះទៅតាមនឹងដែរ»៕