ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា. បញ្ជូន​កង​កម្លាំង​ជំនាញ​ទៅ​អ៊ីរ៉ាក់​ដើម្បី​ប្រយុទ្ធ​ជាមួយ​រដ្ឋឥស្លាម


រូបភាពឯកសារ ៖ ទាហានជើងទឹកស.រ.អាត្រូវបានឃើញចុះពីយន្តហោះដឹកជញ្ជូន C-130។
រូបភាពឯកសារ ៖ ទាហានជើងទឹកស.រ.អាត្រូវបានឃើញចុះពីយន្តហោះដឹកជញ្ជូន C-130។

លោករដ្ឋមន្ត្រី​ការពារ​ជាតិសហរដ្ឋអាមេរិក ​Ash Carter ​បាន​មាន​ប្រសាសន៍​ថា​ស.រ.អា.បញ្ជូន​«កងកម្លាំងជំនាញ​ពិសេស» ទៅ​កាន់ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ដាក់ឱ្យ​មានការ​គាបសង្កត់​ខ្លាំង​ជាង​មុន​លើ​ពួក​ជន​សកម្មប្រយុទ្ធរដ្ឋ ឥស្លាម​និង​សម្រាប់​ឆ្មក់វាយ​ប្រហារ​លើ​ព្រំដែន​ក្នុង​ប្រទេស​ស៊ីរី។​

ដោយ​ផ្តល់​សក្ខីកម្ម​នៅ​មុខ​គណៈកម្មាធិការ​សេវាកម្ម​យោធា​នៃ​សភាតំណាង​រាស្ត្រ​អាមេរិកាំង​កាល​ពី​ថ្ងៃ​អង្គារ​ លោក Carter បានមាន​ប្រសាសន៍​ថា​កងកម្លាំង​នេះ​នឹង​ជួយ​កងកម្លាំង​អ៊ីរ៉ាក់​និង​កងកម្លាំង​ Peshmerga នៃក្រុម​ជន​អំបូរ Kurd នៅ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រដ្ឋ​ ឥស្លាម។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ការ​បញ្ជូន​ទាហាន​ទាំង​នេះបាន​ធ្វើ​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់។​

លោក Carter បាន​មាន​ប្រសាសន៍​ថា«ក្រុម​អ្នក​ធ្វើ​ប្រតិបត្តិការ​ពិសេស​ទាំង​នេះ​នឹង​អាច​ធ្វើការ​ឆ្មក់វាយ​ប្រហារ ​រំដោះ​ពួក​ចំណាប់ខ្មាំង​ ប្រមូល​ព័ត៌មាននៃ​ការ​ស៊ើបការ​សម្ងាត់និង​ចាប់ខ្លួន​ពួក​មេដឹកនាំក្រុម​ ISIL» ដោយ​លោកបាន​ប្រើឈ្មោះ​មួយទៀត​សម្រាប់​សម្គាល់ពួក​រដ្ឋ​ ឥស្លាម។​លោក​បាន​បន្ថែមថា​កងកម្លាំង​នេះ​ក៏​នឹង​អាច​ធ្វើ​កិច្ចប្រតិបត្តិការ​ជា​ឯកតោភាគី​នៅ​ខាង​ក្នុង​ប្រទេស​ស៊ីរី​ផង​ដែរ។"

លោក​មិនបាន​ប្រាប់​ឱ្យ​ដឹង​អំពី​ចំនួន​ជាក់លាក់​នៃទាហាន​ទាំង​នេះ​ទេក៏​ប៉ន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា​កងកម្លាំង​នេះនឹង​មានចំនួន​ច្រើនជាងទាហាន​ស.រ.អា.​មួយ​ចំនួន​តូច​ដែល​បាន​ត្រូវ​បញ្ជូន​ ដាច់ដោយឡែក​ទៅ​កាន់​ប្រទេស​ស៊ីរី​ដើម្បី​ជួយ​ក្រុមប្រឆាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រដ្ឋ​ ឥស្លាម៕

XS
SM
MD
LG