លោកប្រធានាធិបតីស.រ.អាបារ៉ាក់ អូបាម៉ាបានមានប្រសាសន៍ថា លោកមានទំនុកចិត្តថា ស.រ.អា និងក្រុមសម្ព័ន្ធមិត្តរបស់អាមេរិកាំងនឹងបំផ្លាញពួកសង្រ្គាមសាសនារដ្ឋឥស្លាម។
ថ្លែងនៅក្នុងប្រទេសម៉ាឡេស៊ី ដែលនៅទីនោះលោកបានចូលរួមក្នុងសន្និសីទកំពូលនៃសមាគមអាស៊ានក្នុងក្រុងគូឡាឡាំពួ លោកប្រធានាធិបតីបានមានប្រសាសន៍ថា «សូម្បីតែយើងកំពុងបំផ្លាញពួករដ្ឋឥស្លាមនៅលើសមរភូមិ ហើយយើងនឹងសម្រេចការបំផ្លាញនោះក៏ដោយ យើងក៏នឹងយកមកវិញនូវដែកដីដែលពួកសកម្មប្រយុទ្ធនោះឋិតនៅនាពេលបច្ចុប្បន្ន។ យើងនឹងកាត់ផ្តាច់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមនោះ យើងនឹងតាមប្រមាញ់មេដឹកនាំក្រុមនោះ យើងនឹងបំផ្លាញបណ្តាញ និងការផ្គត់ផ្គង់របស់ក្រុមនោះ ហើយយើងនឹងបំផ្លាញក្រុមនោះដល់ទីបញ្ចប់។ ហើយទោះណាជាយើងធ្វើដូច្នេះក៏ដោយ ក៏យើងចង់ធ្វើឲ្យប្រាកដប្រជាថា យើងមិនបាត់បង់សេចក្តីថ្លៃថ្នូរ និងគោលការណ៍របស់យើងឡើយ»។
លោកប្រធានាធិបតីបានព្រមានអំពីការទោរទន់ទៅតាមការភ័យខ្លាច ដោយលោកបានមានប្រសាសន៍ថា «នេះជាកម្លាំងចម្បងដែលពួកវាមានលើយើង»។
លោកអូបាម៉ាបានបន្តថា «មធ្យោបាយដែលមានកម្លាំងខ្លាំងបំផុត» នៅក្នុងការប្រយុទ្ធប្រឆាំងនឹងពួកជ្រុលនិយមគឺ «ការនិយាយថាយើងមិនខ្លាចទេ»៕