ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​ពីរ​គណបក្ស​ខិតខំ​គ្រប់គ្រង​អំពើ​ហិង្សា​ដោយ​កាំភ្លើង បន្ទាប់​​ពី​ការ​បាញ់​ប្រហារ​នៅ​ក្រុង ​Orlando


រូបឯកសារ៖ កាលពីថ្ងៃទី១៦ ខែ​មិថុនា ឆ្នាំ​២០១៦ សមាជិកព្រឹទ្ធសភា​លោក Chris Murphy លោក D-Conn (កណ្តាល) និង​សមាជិកព្រឹទ្ធសភា​ដទៃ​ទៀត​មក​ពី គណបក្ស​ប្រជាធិបតេយ្យ​ បាន​កោះ​ហៅ​ឲ្យ​មាន​ការធ្វើ​សំណើច្បាប់​គ្រប់គ្រង​លើ​អាវុធ​ បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​នៅ​ក្រុង​ Orlando។

​មួយ​ថ្ងៃ​ក្រោយ​ពី​ព្រឹទ្ធសភា​អាមេរិក បាន​រាំង​ខ្ទប់​វិធានការ​ចំនួន​បួន​ក្នុង​ការ​គ្រប់គ្រង​កាំភ្លើង សំណើ​ថ្មី​មួយ​បាន​លេច​ចេញ​ជា​រូប​រាង​ឡើង ដែល​អាច​ជួយបន្ថយ​កំហឹង​ទៅ​លើ​ការ​ខកខាន​របស់​ព្រឹទ្ធសភា​ក្នុង​ការ​ធ្វើ​សកម្មភាព​ បន្ទាប់​ពី​ហេតុការណ៍​នៃ​ការ​បាញ់​សម្លាប់​នៅ​ក្នុង​ទីក្រុងOrlando រដ្ឋ Florida ដែល​ជា​ការ​បាញ់​សម្លាប់​ដ៏​រង្គាល​បំផុត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ដោយ​ត្រូវ​បង្កើត​ឡើង​ដោយ​ក្រុម​មួយ​ដែល​មាន​សមាជិក​មក​ពី​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ ដែល​រួម​ទាំង​សមាជិក​មាន​និន្នាការ​កណ្ដាល​បំផុត​ខ្លះ​របស់​ព្រឹទ្ធសភា​ផង​នោះ សំណើ​ថ្មី​ដែល​ត្រូវ​បាន​លាតត្រដាង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ នឹង​ហាម​ប្រាម​មិន​ឲ្យ​មាន​ការ​លក់​អាវុធ​ទៅ​ឲ្យជន​សង្ស័យ​ថា ​ជា​ភេរវជន ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ដឹក​អ្នក​ដំណើរ ហើយ​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​នៅ​តាម​ព្រលានយន្តហោះ​នានា​របស់​អាមេរិក។

សំណើ​ថ្មី​នេះ ក៏​អនុញ្ញាត​ឲ្យ​ជន​ទាំង​ឡាយ​ណា ដែល​ត្រូវ​បាន​កំណត់​មុខសញ្ញា​ថា​ មាន​ចំណង​ទាក់ទង​នឹង​ភេរវជន ឲ្យ​ត​ទល់​ជាមួយ​នឹង​ការ​រក​ឃើញ​របស់​រដ្ឋាភិបាល​ ហើយ​ទាមទារ​ថ្លៃ​សេវា​ផ្លូវ​ច្បាប់​ផង​ដែរ ប្រសិន​បើ​ចៅក្រម​កំណត់​ដោយ​ខុស​ឆ្គង​ក្នុង​ការ​ដាក់​ជន​នោះ ក្នុង​បញ្ជី​ឃ្លាំមើល​ក្នុង​នាម​ជា​ជនសង្ស័យ​ថា​ជា​ភេរវជន​នោះ។

​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋMaine ពី​ខាង​គណបក្ស​សាធារណរដ្ឋ​គឺ​លោកស្រី ​Susan Collins ដែល​ជា​អ្នក​ដឹកនាំ​សំណើ​ថ្មី​នេះ បាន​មាន​ប្រសាសន៍​ថា «គោល​បំណង​របស់​យើង គឺ​សាមញ្ញ​និង​ត្រង់ៗ គឺ​យើង​ចង់​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក មាន​សុវត្ថិភាព​ជាង​នេះ»។

សមាជិក​ព្រឹទ្ធសភា​ដដែល​នេះ​បាន​បន្ត​ថា «»ពិត​ណាស់ ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងSan Bernardino និងOrlando ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ជាច្រើន​នោះ គឺ​ជា​ការ​ស្រែក​ហៅ​សុំ​ឲ្យ​មាន​ការ​សម្រុះសម្រួល និង​សកម្មភាព​ពី​គណបក្ស​ទាំង​ពីរ»។

​សមាជិក​ព្រឹទ្ធសភា មក​ពី​រដ្ឋ​ហ្វ្លរីដា ​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក Bill Nelson ដែល​ជា​សហ​អ្នក​ដឹកនាំ​សំណើ​ថ្មី​នេះ មាន​ប្រសាសន៍​ថា «ខ្ញុំ​ជំពាក់​ពលរដ្ឋ​ក្នុង​ក្រុងOrlando ​ថា​ត្រូវ​តែ​ធ្វើ​អ្វី​មួយ »។

សមាជិក​ព្រឺទ្ធ​សភា​ ដែល​គាំទ្រ​សំណើ​ថ្មី​នេះ ចំនួនប្រាំបួន​រូប គឺបួន​រូប ពី​ខាង​គណបក្ស​សាធារណរដ្ឋ និង​៤​រូប​ទៀត ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ហើយមួយ​រូប​ទៀត ជា​សមាជិក​ឯករាជ្យ បាន​បង្ហាញ​មុខ​ជុំ​គ្នា​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ បន្ទាប់ពី​សមាជិក​ព្រឺទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​រាំងខ្ទប់​វិធានការរបស់​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ការ​កែទម្រង់​លើ​បញ្ហា​កាំភ្លើង ហើយ​សមាជិក​ព្រឺទ្ធសភា​ពី​ខាង​គណបក្ស​ប្រជាធបិតេយ្យ​បាន​រាំងខ្ទប់​វិធានការណ៍​របស់​ក្រុម​សាធារណរដ្ឋ​វិញ​នោះ។

ប្រធាន​ក្រុម​សមាជិក​ភាគតិច​នៃ​ព្រឹទ្ធសភា គឺ​លោក Harry Reid មក​ពី​រដ្ឋ​ Nevada ពី​ខាង​ក្រុម​ប្រជាធិបតេយ្យ បាន​ចោទប្រកាន់​ក្រុម​សាធារណរដ្ឋ​ថា ជា​អាយ៉ង​របស់​ក្រុម​គាំទ្រ​សិទ្ធិ​ប្រើប្រាស់​កាំភ្លើង ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG