ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

FBI ចេញ​ផ្សាយ​អត្ថបទ​សន្ទនាដ៏​រន្ធត់​​​តាម​​ទូរស័ព្ទ​​របស់​​ជនបាញ់​ប្រហារ​នៅ Orlando


ជន​សង្ស័យ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ Orlando ឈ្មោះ​ Omar Mateen។ (Orlando Police Department)
ជន​សង្ស័យ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ Orlando ឈ្មោះ​ Omar Mateen។ (Orlando Police Department)

ខ្មាន់កាំភ្លើង​នៅ​ទីក្រុង Orlandoឈ្មោះ Omar Mateen ដែល​ដើម​ឡើយបាន​និយាយ​ជា​ភាសា​អារ៉ាប់​ដោយប្រកាស​ថា ខ្លួន​គឺ​ជា​ «ទាហាន​ឥស្លាម» ក្នុង​អំឡុង​ពេល​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​ប៉ូលិស​សង្រ្គោះបន្ទាន់ ខណៈ​ដែល​ខ្លួន​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​៤៩​នាក់។ នេះ​បើ​យោង​តាម​អត្ថបទ​ដកស្រង់​ពី​ទូរស័ព្ទ​ដែល​ប៉ូលិស FBI បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ។ ​

«ខ្ញុំ​នៅ​ទីក្រុង Orlando ហើយ​ខ្ញុំ​បាន​ធ្វើការ​បាញ់​ប្រហារ» នេះ​ជា​សម្តី​ដែល​ជនសង្ស័យ​រូប​នេះ​បាន​និយាយ​ទៅ​កាន់​ប៉ូលិស​តាមលេខ​ទូរស័ព្ទ​សង្គ្រោះ​បន្ទាន់ ៩១១ ពី​ក្លឹបរាត្រី Pulse កាល​ពី​ព្រឹកថ្ងៃ​ទី​១២​ខែ​មិថុនា។ ការចេញផ្សាយ​អត្ថបទដកស្រង់​ពី​ទូរស័ព្ទ​នេះ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថ្មីៗ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការបាញ់ប្រហារ​នេះ។

ដំបូង​ឡើយ​អត្ថបទដកស្រង់​ពី​ទូរស័ព្ទ​នេះ​ត្រូវ​បានគេ​កែសម្រួល​ដើម្បី​ដកចេញ​នូវ​សម្តី​របស់ Mateen ដែល​បាន​សន្យា​ភក្តី​ភាព​ដល់​ក្រុម​រដ្ឋ​ឥស្លាម និង Abu Bakr al-Baghdadi​ ដែល​ជា​មេដឹកនាំ​របស់​ក្រុម​នេះ។ ក្រសួង​យុត្តិធម៌​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ខណៈ​ពេល​ដែល​ចេញ​ផ្សាយ​អត្ថបទដកស្រង់​ពី​ទូរស័ព្ទទាំងស្រុងនេះ​ថា ខ្លួន​ព្យាយាម​ធ្វើ​ឲ្យ​មាន​តម្លាភាព ខណៈ​ពេល​ដែលក្រុមគ្រួសារ​របស់​ជនរងគ្រោះ​នៅ​តែ​ឈឺចាប់​និងមិន​បាន​ប្រកាស​ជា​សាធារណៈ​សម្រាប់​ក្រុមភេរវកម្ម​ណា​មួយ​ឡើយ។ ​

«ខ្ញុំ​ប្តេជ្ញាចិត្ត​ថា​នឹងស្មោះស្ម័គ្រ​ចំពោះ​ Abu Bakr al-Baghdadi។ សូម​ឲ្យ​ព្រះជាម្ចាស់​ការពារ​លោក ជំនួស​ឲ្យ​ក្រុមរដ្ឋឥស្លាម។» នេះ​គឺ​ជា​អត្ថបទដកស្រង់ដែល​បាន​កែសម្រួល​រួច​ហើយ ​ដែល​ជនសង្ស័យ​បាន​ទូរស័ព្ទ​ទៅ​កាន់​ប៉ូលិស​សង្គ្រោះ​បន្ទាន់​លេខ ៩១១ ហើយ​អាជ្ញាធរ​និយាយ​ថា ការនិយាយ​តាម​ទូរស័ព្ទ​នោះ​មាន​រយៈពេល​៥០​វិនាទី។

លោក​ប្រធាន​សភា Paul Ryan បាន​រិះគន់​ចំពោះ​ការចេញផ្សាយ​តែ​អត្ថបទដកស្រង់​ដែល​កែសម្រួល​រួច​ហើយ។ ​

លោក Ryan បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «ការព្យាយាម​កែសម្រួល​អត្ថបទដកស្រង់​ពី​ទូរស័ព្ទ​ ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​កាន់​តែ​ធំ​និង​ធ្ងន់ធ្ងរ​ជាង​មុន។ រដ្ឋបាល​នេះ​នៅ​តែ​បន្តនិយាយ​បន្ធូរបន្ថយ​ស្ថាន​ការណ៍​និង​បង្វែរ​ការផ្តោត​អារម្មណ៍​ចេញ​ពី​ការគំរាមកំហែង​របស់​ក្រុមជ្រុលនិយម​រដ្ឋឥស្លាម។ ទង្វើ​នេះ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ ដើម្បី​បំបាត់អំពើ​ភេរវកម្ម យើង​ត្រូវ​តែ​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់​មើល​អំពី​អ្នក​ដែល​យើង​កំពុង​តែ​ប្រយុទ្ធ​ជាមួយ​»៕

XS
SM
MD
LG