ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​ត្រូវតែ​អនុម័ត​វិធានការណ៍​គ្រប់គ្រង​អាវុធ​ដ៏​ខ្លាំង ​ដើម្បី​ការពារ​ពលរដ្ឋ​ពី​អំពើ​ហិង្សា

  • Lisa Schlein

រូបឯកសារ៖ លោក Zeid Ra’ad al-Hussein ​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​។

លោក Zeidអគ្គ​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ មាន​ប្រសាសន៍​ថា គ្មាន​ហេតុផល​ណា ដែល​ពលរដ្ឋ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ពិបាក​ទិញ​កាំភ្លើង​បានទេ ​រួម​ទាំង​កាំភ្លើង​វែង​ផង​ដែរ។

លោក Zeid Ra’ad al-Hussein ​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ កំពុង​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​អនុម័ត​វិធានការណ៍​គ្រប់គ្រង​អាវុធ​ដើម្បី​ការពារ​ពលរដ្ឋ​របស់​ខ្លួន​ពី​អំពើ​ហិង្សា​ដែល​បាន​សម្លាប់​មនុស្ស​៤៩​នាក់​ហើយ​នឹង​ធ្វើ​មនុស្ស​ជាង​៥០​នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​រង្គសាល​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​ក្នុង​ទីក្រុង Orlandoរដ្ឋ Florida ​កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​មិថុនា​នេះ។

លោក Zeid អគ្គ​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ មាន​ប្រសាសន៍​ថា គ្មាន​ហេតុផល​ណា ដែល​ពលរដ្ឋ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ពិបាក​ទិញ​កាំភ្លើង​បានទេ ​រួម​ទាំង​កាំភ្លើង​វែង​ផង​ដែរ។

លោក​និយាយ​ទៀត​ថា​ មនុស្ស​ស្ទើរតែ​ទាំងអស់ ​សូម្បី​តែ​មនុស្ស​ដែល​មាន​ប្រវត្តិ​ឧក្រិដ្ឋកម្ម​កាល​ពីមុន ​ដោយ​មាន​ប្រវត្តិ​ហិង្សា​ក្នុង​គ្រួសារ​ និង​ជំងឺ​សរសៃ​ប្រសាទ​ឬ​មាន​ការ​ទាក់​ទិន​ដោយ​ផ្ទាល់​ជាមួយ​ពួក​ជ្រុល​និយមនៅ​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស ​មិន​មាន​ពិបាក​ក្នុង​ការ​ទិញ​អាវុធ​ដែល​មាន​កម្លាំង​ខ្លាំង ​ដែល​គេ​រចនា​ឡើង​ដើម្បី​សម្លាប់​មនុស្ស​ទេ។

លោក Rupert Colville អ្នក​នាំ​ពាក្យ​របស់​លោក ​និយាយ​ថា សហគមន៍​ងាយ​ទទួល​រងគ្រោះស្ទើរ​តែ​ទាំងអស់ ​កំពុង​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​ចំពោះ​ការ​បរាជ័យ​របស់​ពួក​អ្នក​នយោបាយ​ក្នុង​ការ​ក្រោក​ឈរ​តទល់​នឹង​ពួក​អ្នក​គាំទ្រ​សិទ្ធិ​មាន​កាំភ្លើង។

ក្រុម​បញ្ចុះ​បញ្ចូល​ឲ្យ​គ្រាំទ្រ​កាំភ្លើង​សហរដ្ឋ​អាមេរិក​ដ៏​មាន​អំណាច​ដែល​ដឹក​នាំ​ដោយ​សមាគម​កាំភ្លើង​ជាតិ ​បាន​ប្រយុទ្ធ​ប្រឆាំង​ការ​ខំ​ប្រឹង​ប្រែង​គ្រប់គ្រង​កាំភ្លើង​ជា​ច្រើន​លើក​នៅ​ក្នុង​ប្រទេស​ ទោះបី​ក្រោយ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ ​ដូចជា​ការ​សម្លាប់​រង្គាល​នៅ​ក្រុង Orlando ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ទូទាំង​ប្រទេស​ក៏ដោយ។

«ការ​ឃោសនា​គ្មាន​ការ​ទទួលខុសត្រូវ​របស់​ក្រុម​គាំទ្រ​កាំភ្លើង ​បាន​ប្រាប់​ឲ្យ​ថា ​កាំភ្លើង ​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​កាន់​តែ​ខ្លាំង​ឡើង នៅ​ពេល​ដែល​ភស្តុតាង​ទាំងអស់ ​ចង្អុល​បង្ហាញ​ផ្ទុយ​ពី​នេះ។

​ក្នុង​ពាក្យ​សម្តី​របស់​អគ្គស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ថា ការ​មាន​កាំភ្លើង​នៅ​នឹង​ដៃ​ភ្លាមៗ ​គ្មាន​ការ​ងឿង​ឆ្ងល់​ឡើយ​ នឹង​នាំ​ឲ្យ​មាន​ឃាតកម្ម​និង​សកម្មភាព​ដែល​បណ្ដាល​ឲ្យ​មនុស្ស​បាត់បង់​ជីវិត។

គម្លាត​រវាង​ជំនឿ​ដែល​ពោរពេញ​ដោយ​ការ​ស្អប់​ខ្ពើម​ និង​ឧក្រិដ្ឋកម្ម​ដ៏​ហិង្សា ​ដោយសារ​ការ​ស្អប់ខ្ពើម នឹង​កើន​ឡើង»។

​អគ្គស្នងការ​បាន​និយាយ​ទៀត​ថា វា​អាច​ជា​ការ​គួរឲ្យ​ស្តី​បន្ទោស​ដែល​ការ​សម្លាប់​រង្គាល​ក្នុង​ទីក្រុង Orlando បាន​ត្រូវ​គេ​ប្រើ​ប្រាស់​ដើម្បី​ផ្សព្វផ្សាយ​មនោសញ្ចេតនា​ឲ្យ​ស្អប់​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ និង​អ្នក​ស្រឡាញ់​សាសនា​ឥស្លាម។

អ្នកនាំ​ពាក្យ Colville បាន​ប្រាប់ VOA ថា ​វា​ជា​ការ​មិន​ទទួល​ខុសត្រូវហើយ​នឹង​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​ពួក​អ្នក​នយោបាយ​សហរដ្ឋ​អាមេរិក​ស្ដី​បន្ទោស​ការ​សម្លាប់​រង្គាល​លើ​ពួក​ភេរវជន​ឥស្លាម ​ហើយ​អំពាវនាវ​ហាម​ឃាត់ពួក​អ្នក​កាន់​សាសនា​ឥស្លាម ​មិន​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។

«ការ​កាប់​សម្លាប់​ជា​ច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជា​ខ្មាន់​កាំ​ភ្លើង​ប្រុសៗ​ស្បែកស​ មិន​មែន​អ្នក​កាន់​សាសនា​ឥស្លាម​នោះ​ទេ។ ​ដូច្នេះ ​ខ្ញុំ​គិត​ថា ​ការ​ចាប់​យក​ករណី​អ្នក​កាន់​សាសនា​ឥស្លាម បី​ឬ​បួន​ករណី ​ហើយ​ធ្វើ​ឲ្យ​បញ្ហា​នោះ​ ដូចជា​បញ្ហា​ទូទៅ​ជា​ការ​គ្រោះថ្នាក់​បំផុត»។

ទីភ្នាក់ងារ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ ​បាន​ច្រាន​ចោល​សំណើ​ដោយ​អ្នក​នយោបាយ​ខ្លះ​ថា ​ជន​ភៀស​ខ្លួន​ទំនង​ជា​ភេរវជន​ ហើយ​គេ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​តាំង​ទី​លំនៅ​សារជាថ្មី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Adrian Edwards ​អ្នកនាំ​ពាក្យ​ទី​ភ្នាក់​ងារ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ​ (UNHCR) បាន​ប្រាប់​ VOA ​ថា ​ជន​ភៀស​ខ្លួន​ទាំងអស់ ​នឹង​ត្រូវ​ពិនិត្យ​ពិច័្ចយ​យ៉ាង​ម៉ត់ចត់ មុន​ពេល​ពួកគេ​មកដល់​សហរដ្ឋ​អាមេរិក។

លោក​និយាយ​បន្ត​ទៀត​ថា ​ជន​ភៀស​ខ្លួន​មិនមែន​ជា​ភេរវជន​ទេ ប៉ុន្តែ ជា​មនុស្ស​ដែល​រត់​គេច​ខ្លួន​ពី​សង្គ្រាម​ និង​ជម្លោះ​ប្រដាប់​អាវុធ ​ហើយ​ពួកគេ​ត្រូវការ​ការការ​ពារ៕

XS
SM
MD
LG