សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបានស្នើច្បាប់ថ្មីមួយដែលទាមទារឱ្យដោះលែងនិងទម្លាក់ចោលការចោទប្រកាន់មេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំឃាំងក្នុងលំនៅដ្ឋាននិងខ្លះកំពុងនិរទេសខ្លួននៅក្រៅប្រទេស។
សេចក្តីស្នើច្បាប់នេះហៅថា«ច្បាប់ស្តីពីការទទួលខុសត្រូវរបស់កម្ពុជានិងការវិលត្រឡប់វិញនូវការវិនិយោគ» ឆ្នាំ២០១៩ (ហៅកាត់ថា CARI Act) ត្រូវបានស្នើឡើងវិញជាថ្មីដោយសមាជិកព្រឹទ្ធសភាចំនួន៣រូបដែលមកពីគណបក្សទាំងពីរ គឺលោក លីនស៊ី ហ្ក្រែម (Lindsey Graham) លោក ឌីក ដឺប៊ីន (Dick Durbin) និងលោក ម៉ាកូ រូប៊ីអូ (Marco Rubio) កាលពីសប្តាហ៍មុន។ នេះបើតាមសេចក្តីចម្លងសេចក្តីស្នើច្បាប់ដែលវីអូអេទទួលបាននៅថ្ងៃអង្គារនេះ។
សេចក្តីស្នើច្បាប់CARI Act ទាមទារឱ្យដោះលែងលោកកឹម សុខា ពីការឃុំឃាំងក្នុងលំនៅដ្ឋានដោយឥតលក្ខខណ្ឌ ទម្លាក់ចោលបទចោទប្រកាន់ព្រហ្មទណ្ឌនានាប្រឆាំងនឹងលោក សម រង្ស៊ី និងអ្នកប្រឆាំងរដ្ឋាភិបាលជាច្រើនរូបទៀតក្នុងនោះមានការទម្លាក់ការចោទប្រកាន់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីចំនួនពីរនាក់ផងដែរ។
ដូចគ្នានឹងសេចក្តីស្នើច្បាប់CARI Act ដែលបានស្នើឡើងកាលពីដើមឆ្នាំ២០១៨ដែរ គឺច្បាប់នេះនឹងតម្រូវឱ្យបង្កកទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលមានទ្រព្យធនរក្សាទុកនៅសហរដ្ឋអាមេរិកនិងក៏ទាមទារឱ្យសហរដ្ឋអាមេរិកប្រឆាំងជំទាស់រាល់ប្រាក់កម្ចីទៅប្រទេសកម្ពុជាផងដែរ។
បើចូលជាធរមានច្បាប់នេះក៏នឹងតម្រូវឱ្យប្រទេសកម្ពុជា«ការពារអធិបតេយ្យខ្លួនពីការចូលជ្រៀតជ្រែក» ពីប្រទេសកុម្មុយនិស្តចិនផងដែរ៕