ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីយ៉ាន់ម៉ា​ដោះលែង​ជនបរទេស​៤នាក់ ជា​ផ្នែក​នៃ​ការលើកលែង​ទោស​ទ្រង់ទ្រាយ​ធំ


រូបឯកសារ៖ រូបលោក Toru Kubota អ្នកកាសែតជនជាតិជប៉ុន​ដែល​ត្រូវបាន​​បង្ហាញ​នៅឯ​ក្លឹបសារព័ត៌មាន​ជប៉ុន​ក្នុង​ទីក្រុងតូក្យូ​កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។ លោក Kubota ​ស្ថិតក្នុងចំណោម​ជនបរទេស​៤នាក់​ដែល​មីយ៉ាន់ម៉ា​បាន​ប្រកាស​នៅ​ថ្ងៃព្រហស្បតិ៍ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ថា​ ត្រូវបានដោះលែង។

រដ្ឋាភិបាល​ដែល​ត្រួតត្រា​ដោយ​ពួក​យោធា​មីយ៉ាន់ម៉ា​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បាន​ដោះលែង​និង​និរទេស​សាស្ត្រាចារ្យ​ជាតិ​អូស្ត្រាលី​ម្នាក់ អ្នក​ថត​ខ្សែ​ភាពយន្ត​ជាតិ​ជប៉ុន​ម្នាក់ អតីត​អ្នក​ការទូត​ជាតិ​អង់គ្លេស​ម្នាក់​ និង​ជនជាតិ​អាមេរិកាំង​ម្នាក់​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​លើក​លែង​និង​ដោះលែង​អ្នកទោស​ទ្រង់ទ្រាយ​ធំ​មួយ​ ដើម្បី​ប្រារព្ធ​ទិវា​ជ័យ​ជម្នះ​ជាតិ​របស់​មីយ៉ាន់ម៉ា។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

លោក Sean Turnell ​ជន​ជាតិ​អូស្ត្រាលី លោក Toru Kubota ជនជាតិ​ជប៉ុន លោកស្រី Vicky Bowman​ ជនជាតិ​អង់គ្លេស​និង ​លោក Kyaw Htay Oo ជា​ជនជាតិ​អាមេរិកាំង​ និង​ជនជាតិ​មីយ៉ាន់ម៉ា​ល្បីៗ​១១នាក់​ទៀត​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ទោស​ទាំងអស់​ចំនួន​៥.៧៧៤​នាក់​ដែល​ត្រូវ​បាន​ដោះលែង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទូរទស្សន៍​រដ្ឋ​មីយ៉ាន់ម៉ា MRTV។

ការ​ចាប់​ពលរដ្ឋ​បរទេស​ទាំង​នោះ​ដាក់​ពន្ធនាគារ​ជា​ប្រភព​នៃ​ការ​រង្កៀស​ចិត្ត​រវាង​មេដឹកនាំ​មីយ៉ាន់ម៉ា​និង​រដ្ឋាភិបាល​របស់​ជន​បរទេស​ទាំង​នោះ​ដែល​បានបញ្ចុះបញ្ចូល​ឱ្យ​មាន​ការ​ដោះលែង​ពួកគេ។

បើ​តាម​សមាគម​ជួយ​ពួក​អ្នកទោស​នយោបាយ​ដែល​ជា​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ឱ្យ​ដឹង​ថា​ មនុស្ស​១៦.២៣២​នាក់​បាន​ត្រូវ​គេ​ឃុំ​ខ្លួន​លើ​ការ​ចោទប្រកាន់​ខាង​នយោបាយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ចាប់តាំង​ពី​ពួក​យោធា​បាន​បណ្ដេញ​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោក​ស្រី Aung San Suu Kyi នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​ទៅ​មក។

សមាគម​ជួយ​អ្នកទោស​នយោបាយបាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះ​ មាន​មនុស្ស​១៣.០១៥​នាក់​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​នៅ​ឡើយ​រហូត​មក​ទល់​ថ្ងៃ​ពុធ​ម្សិលមិញ។

សមាគម​នោះ​បាន​ឱ្យ​ដឹង​ទៀត​ថា បន្ថែម​ពី​នោះ​ទៀត មាន​ជន​ស៊ីវិល​យ៉ាងតិច​២.៤៦៥​នាក់​ដែរ​បាន​ត្រូវ​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​នៅ​ក្នុង​ពេល​ជាមួយ​គ្នា ដែល​ចំនួន​ពិត​អាចខ្ពស់​ជាង​នេះ​ច្រើន។

លោក Tim O’Connor នៃ​អង្គការ​សិទ្ធិ​មនុស្ស Amnesty International សាខា​អូស្ត្រាលី​ បាន​ស្វាគមន៍​ការ​សម្រេច​ដើម្បី​ដោះលែង​លោក Turnell នេះ​ដោយ​លោក​ថា លោក​មិន​ត្រូវ​គួរ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ឬ​ដាក់​ពន្ធនាគារពី​ដំបូង​នោះ​ទេ៕

XS
SM
MD
LG