ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ខ្មែរ​អាមេរិកាំង​កញ្ញា សេង ធារី ធ្វើ​កូដកម្ម​បង្អត់​អាហារ ដើម្បី​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់


សន្តិសុខតុលាការណែនាំកញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង ឲ្យចូលក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។
សន្តិសុខតុលាការណែនាំកញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង ឲ្យចូលក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

កញ្ញា សេង ធារី មេធាវី​ខ្មែរ-អាមេរិកាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ព្រៃ​ស រាជធានី​ភ្នំពេញ បាន​ប្រកាស​ធ្វើ​កូដកម្ម​បង្អត់អាហារ​ចំនួន១០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​លោក Jared Genser មេធាវី​របស់​កញ្ញា សេង ធារី ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​សុក្រ​នេះ។

នេះ​ជា​កូដកម្ម​បង្អត់អាហារ​លើក​ទីពីរ ដែល​លើក​ទីមួយ​ធ្វើ​ឡើង​កាល​ពី​ខែ​កក្កដា ឆ្នាំ​នេះ។ ការ​បង្អត់​អាហារ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​នេះ​ធ្វើ​ឡើង​នៅ​មុន​សវនាការ​ជំនុំ​ជម្រះ​នៅ​សាលា​ឧទ្ធរណ៍ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ គឺ​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​មេធាវី កូដកម្ម​បង្អត់​អាហារ​នេះ​ធ្វើ​ឡើង​ដើម្បី​ទាមទារ​សិទ្ធិ​នៃ​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ភាព​យុត្តិធម៌​របស់​កញ្ញា​ត្រូវ​បាន​គោរព​នៅ​ក្នុង​ដំណើរការ​នីតិវិធី​នៅ​សាលា​ឧទ្ធរណ៍ និង​ដើម្បី​អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​ប្រឆាំង​នឹង​កញ្ញា និង​អ្នក​នយោបាយ​ផ្សេង​ទៀត។

ការ​បង្អត់​អាហារ​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ខ្លាំង​អំពី​សុខភាព​របស់​កញ្ញា សេង ធារី។ ក្រុម​គ្រួសារ​អំពាវនាវ​ឱ្យ​មាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​កញ្ញា​។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​មេធាវី​កញ្ញា សេង ធារី ដែល​បាន​ដក​ស្រង់​សម្តី​របស់​បងប្រុសកញ្ញា សេង ធារី គឺ​លោក ម៉ាឌី ធារី។

លោក ម៉ាឌី ធារី បាន​ទទូច​ឱ្យ​ប្រធានាធិបតី​អាមេរិក លោក Joe Biden និង​រដ្ឋមន្រ្តី​ការបរទេស លោក Antony Blinken ថ្លែង​ជា​សាធារណៈ​ភ្លាមៗ​ថា​ការ​ឃុំឃាំង​កញ្ញា សេង ធារី គឺ«មិន​ត្រឹម​ត្រូវ ឬ​ខុស​ច្បាប់»។

លោក នុត សវនា ​អ្នក​នាំពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ​ប្រាប់​វីអូអេ​ថា​ការ​ធ្វើ​កូដ​កម្ម​បង្អត់​អាហារ​នេះ​ជា​ការ​អនុវត្ត​សិទ្ធិ​របស់​កញ្ញា ដែល​សមត្ថកិច្ច​មិន​អាច​រំលោភ​បំពាន​បាន​ឡើយ។

លោក​បញ្ជាក់​ថា​៖ «អ៊ីចឹង​ខាង​យើ​ង​មាន​តែ​ត្រៀម​ខាង​គ្រូពេទ្យ​ក៏ដូច​ជា​ម្ហូប​អាហារ​ដាក់​ជូន​គាត់​ជា​ប្រចាំ​ ហើយ​នឹង​តាម​ដាន​សុខ​ភាព​គាត់​ជា​ប្រចាំ​ ហើយ​នឹង​និយាយ​លួង​លោម​គាត់ ដើម្បី​កុំ​ឱ្យ​គាត់​ធ្វើ​អី​ផ្តេសផ្តាស​តែ​ប៉ុណ្ណឹង​ទេ​»។

នាយក​ទទួល​បន្ទុក​ទូទៅ​នៃ​អង្គការការពារ​សិទ្ធិមនុស្ស លោក អំ សំអាត លើក​ឡើង​ថា​សកម្ម​ភាពរបស់​កញ្ញា សេង ធារី​ កន្លង​ទៅ​គឺជា​ការ​លើក​កម្ពស់ការ​អនុវត្ត​សិទ្ធិ និង​ថា​កញ្ញា​មិន​គួរ​រង​ការ​ចោ​ទប្រកាន់​ធ្ងន់ធ្ងរ​បែប​នេះ​ឡើយ។ អ្នក​ការ​ពារ​សិទ្ធិ​មនុ​ស្ស​រូប​នេះ​ជំរុញ​ឱ្យ​អាជ្ញាធរ​ទម្លាក់​បទ​ចោទ​លើ​កញ្ញា​ សេង ធារី​។

លោក​បញ្ជាក់ថា​៖ «អ៊ីចឹង​យើង​នៅ​តែ​សង្ឃឹមថា​សាលា​ឧទ្ធរណ៍​លោក​នឹង​ពិនិត្យហើយ​ពិចារណា​លើ​រឿង​កញ្ញា សេង ធារី នេះ ហើយ​អាច​នឹង​មាន​ការ​ទម្លាក់​ចោល និង​ដោះ​លែង​កញ្ញា សេង ធារី​ ឱ្យ​មាន​សេរីភាព​វិញ»។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ កញ្ញា សេង ធារី ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ពន្ធនាគារ​ក្នុង​ខេត្ត​ព្រះវិហារ ​មក​កាន់​ពន្ធនាគារ​ព្រៃ​ស​នៅ​រាជធានី​ភ្នំពេញ​វិញ​ តាម​ការ​ស្នើ​សុំ​របស់​មេធាវី​កញ្ញា។

កាលពី​ថ្ងៃ​ទី​១៤ ​ខែ​មិថុនា ​ឆ្នាំ​២០​២២ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស កញ្ញា សេង ធារី ​ដាក់​ពន្ធនាគារ​រយៈ​ពេល​៦​ឆ្នាំ​ពី​បទ​រួម​គំនិត​ក្បត់​ និង​បទ​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​ទាក់​ទង​នឹង​ផែន​ការ​មាតុភូមិ​និវត្តន៍​មិន​ជោគ​ជ័យ​របស់​លោក ​សម រង្ស៊ី ​កាលពី​ចុង​ឆ្នាំ​ ២០១៩។

កាល​ពី​ដើម​ខែ​មិថុនា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើក​ឡើង​ថា​លោក​មិន​ដោះ​លែង ឬ​បន្ធូរ​បន្ថយ​ទោស​ដល់​មេធាវី​ខ្មែរ​អាមេរិកាំង ​កញ្ញា ​សេង ធារី ​ឡើយ ដោយ​សារ​តែ​មាន​អន្តរាគមន៍​ពី​បរទេស។

នៅ​ពេល​មក​កម្ពុជា ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ប្រធានា​ធិបតី​អាមេរិក លោកJoe Biden ធ្លាប់​បាន​អំពាវនាវ​ឱ្យ​ដោះ​លែង​សកម្ម​ជន​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ក្នុង​នោះ​មាន​កញ្ញា សេង ធារី ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG