ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ប្រគល់​លិខិត​ប្រធានាធិបតី​ត្រាំ​ជូន​លោក Putin


លោក Rand Paul ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​របស់​លោក​ជាមួយ​នឹង​តំណាងរាស្ត្រ​រុស្ស៊ី​នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨។

សមាជិក​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​ប្រគល់​លិខិត​មួយច្បាប់ពី​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ ជូន​ប្រធានា​ធិបតី​រុស្ស៊ី Vladimir Putin ​ដោយ​បាន​អំពាវនាវ​ឲ្យ​មានការពិភាក្សា​កាន់​តែ​ច្រើន​ឡើង​រវាង​ប្រទេស​ទាំង២។

​លោក Rand Paul ​សមាជិក​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​សាធារណ​រដ្ឋ​មក​ពី​រដ្ឋ Kentucky ​ដែល​ជា​អ្នក​គាំទ្រ​ប្រធានា​ធិបតី​ត្រាំ​បាន​ស្ថិត​នៅ​ក្នុង​រដ្ឋធា​នី​មូស្គូ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ដើម្បី​ធ្វើ​ការ​ចរចា​ជាមួយ​ពួក​សមាជិក​សភា​រុស្ស៊ី​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា «ខ្ញុំ​មាន​កិត្តិយស​ដើម្បី​ប្រគល់​ជូន​លិខិត​ពី​ប្រធាធិបតី​ត្រាំ​ជូន​រដ្ឋបាល​របស់​ប្រធានាធិបតី Vladimir Putin»។

​នៅ​ក្នុង​សារ​តាម​ប្រព័ន្ធ Twitter ​លោកសមាជិក​ព្រឹទ្ធ​សភា​អាមេរិក Rand Paul ​បាន​និយាយថា ​«លិខិត​នោះ​បាន​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​ទាក់​ទិន​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​វិស័យនានា​ដែល​រួម​ទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ​ការ​លើក​ស្ទួយ​ការ​សន្ទនា​ច្បាប់​ហើយ​និង​ការ​បន្តការ​ផ្លាស់​ប្តូរ​វប្បធម៌»។

​សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹងថា ​លិខិត​នោះ​បាន​ស្នើ​ឡើង​ដោយ​លោក Paul។

លោក Hogan Gidley ​អ្នកនាំ​ពាក្យ​រង​របស់​សេតវិមាន​បាន​និយាយ​ថា «ទៅ​តាម​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា Rand Paul ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ផ្តល់​លិខិត​នោះ។​ នៅ​ក្នុង​លិខិត​នោះ ​លោក​ប្រធានាធិបតី​បាន​និយាយ​ឡើង​វិញ​ពី​ប្រធានបទ​ដ៏​មាន​សារៈ​សំ​ខាន់​ដែល​សមាជិក​ព្រឹទ្ធសភា Rand Paul ​ចង់​ពិភាក្សា​ជាមួយ​ប្រធានា​ធិបតី​រុស្ស៊ី Putin»។

ទាំង​ប្រធានា​ធិបតី​ត្រាំ​និង​ប្រធានា​ធិបតី Putin ​បាន​អញ្ជើញ​គ្នា​ទៅ​វិញ​ទៅមកដើម្បី​បំពេញ​ទស្សនកិច្ច​រដ្ឋធានី​ប្រទេស​រៀងៗ​ខ្លួន​បន្ទាប់ពី​ជំនួប​កំពូល​ក្នុង​ទីក្រុង​ Helsinki ​កាល​ពី​ខែមុន​រវាង​មេដឹកនាំ​ទាំង២។​ ក៏ប៉ុន្តែ មិន​មាន​ជំនួប​ថ្មី​បាន​គ្រោង​ធ្វើ​ឡើង​ទេ​ហើយ​សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួន​បាន​ពន្យារដំណើរ​ទស្សនកិច្ច​របស់​លោក Putin មក​កាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​រហូត​ដល់​ឆ្នាំ​២០១៩​ដោយ​សង្ឃឹម​ថា ​ពេល​នោះការ​ស៊ើបអង្កេត​ពីការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​អាមេរិក​ដោយ​ស្មាក្តី​ពិសេស Robert Mueller ​នឹង​ត្រូវ​បាន​បញ្ចប់៕

XS
SM
MD
LG