ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​មុន​ជំនួប​ជាមួយ​នឹង​លោក Putin លោក Trump ថា ទំនាក់ទំនង​របស់​ស.រ.អា.​ជាមួយ​នឹង​រុស្ស៊ី​កាន់តែ​អាក្រក់​ជាង​មុន


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នៅ​ពេល​ចាប់​ផ្តើម​នៃ​កិច្ចប្រជុំ​របស់​អស់​លោក នៅ​វិមាន​ប្រធានាធិបតី នៅ​ក្នុង​ក្រុង Helsinki ប្រទេស​ហ្វាំងឡង់ កាលពី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​រិះគន់​លើ​ស្ថានភាព​នៃ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​រដ្ឋាភិបាល​រុស្ស៊ី​នៅ​លើ Twitter។ ការ​រិះគន់​របស់​លោក​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ពេល​លោក​ជួប​ប្រជុំ​ទល់​មុខ​គ្នា​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។

លោក Trump បាន​សរសេរ​នៅ​លើ Twitter យ៉ាង​ដូច្នេះ​ថា៖ «ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​រុស្ស៊ី​មាន​លក្ខណៈ​កាន់តែ​អាក្រក់​ឡើង ដោយសារតែ​ភាព​ល្ងង់ខ្លៅ និង​ភាព​ភ្លីភ្លើ​របស់​សហរដ្ឋ​អាមេរិក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក»។

លោក Trump ក៏​បាន​សរសេរ​សារ​ជា​ច្រើន​នៅ​លើ Twitter នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្វាំងឡង់ ដោយ​លោក​បាន​បញ្ជាក់​ថា ទោះបីជា​លោក​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​លោក Putin ក៏​ដោយ ក៏​លោក​នៅតែ​ត្រូវ​គេ​រិះគន់​ថា​ធ្វើ​មិន​បាន​ល្អ​ដដែល។

នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​សួរ​បន្ថែម​អំពី​បញ្ហា​នេះ នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​ពិសា​អាហារ​ពេល​ព្រឹក​ជាមួយ​នឹង​ប្រធានាធិបតី​ហ្វាំងឡង់​លោក Sauli Niinisto នៅ​ឯ​វិមាន​ប្រធានាធិបតី​ហ្វាំងឡង់ លោក Trump បាន​ផ្ដោត​តែ​ទៅ​លើ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​នឹង​រដ្ឋាភិបាល​ហ្វាំងឡង់ និង​កិច្ច​ប្រជុំ​កាល​ពី​សប្ដាហ៍​មុន​របស់​អង្គការ​អូតង់។

លោក Trump និង​លោក Putin គ្រោង​នឹង​ជួប​ជាមួយ​នឹង​លោក Putin នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ។

ជំនួប​នេះ​បាន​កើត​ឡើង ៣ ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​មេធាវី​ពិសេស​សហរដ្ឋ​អាមេរិក​លោក Robert Mueller បាន​ចោទ​ប្រកាន់​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​រុស្ស៊ី ១២ នាក់ ថា​បាន​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦ ដើម្បី​ជួយ​ឲ្យ​លោក Trump ឈ្នះ​ការ​បោះ​ឆ្នោត៕

XS
SM
MD
LG